Tuesday, September 11, 2012

សំណើរ​សុំចូល​ជា​សមាជិក​អាស៊ាន របស់​ប្រទេស​ទី​ម័​រ ត្រូវបាន​ពិភាក្សា​

ភ្នំពេញ: សំណើរ​សុំចូល​ជា​សមាជិក​អាស៊ាន ពី​សំណាក់​ប្រទេស ទី​ម័​រ ត្រូវបាន​លើកយក​មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ លើក​ទី​២ របស់​ក្រុមការងារ នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ី​ន​ធឺ​ខន​ធឺ​ណង់​តា​ល់​។ កិច្ចប្រជុំ​រយៈពេល​ពេញ​មួយថ្ងៃ​នោះ មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ការងារ នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស​។​

​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន តំណាង​ឲ្យ​កម្ពុជា ជា​ប្រធាន​អាស៊ាន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា  កិច្ចប្រជុំ​នេះ ផ្តោត​ទៅ​ទិដ្ឋភាព​ទាំងអស់ នៃ​សំណើរ​របស់​ប្រទេស​ទី​ម័​រ ដែល​បាន​សុំចូល​ជា​សមាជិក​អាស៊ាន​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បន្តថា លេខាធិកា​រដ្ឋា​នៃ​អាស៊ាន បានផ្តល់​ឯកសារ​ចំនួន​ពីរ ដែលជា​សំណើរ​របស់​ទី​ម័​រ គឺ​ឯកសារ​ទី​១ ស្តីអំពី​សមាជិកភាពរ​បស់​អាស៊ាន ភារកិច្ច​សិទ្ធិ របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយ​និង​ប្រទេស ដែលជា​ប្រធាន អាស៊ាន ដែល​ឯកសារ​នោះ បានដាក់​ចូល ក្នុង​កិច្ចប្រជុំ​លើក​ទី​១ ម្តង​រួចមកហើយ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។ បន្ទាប់ពី​បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន បានផ្តល់​មតិ​ទៅលើ​ឯកសារ​នោះ ទៅ​លេខាធិការដ្ឋាន​អាស៊ាន ធ្វើការ​កែសម្រួល​នូវ​ព័ត៌មាន​បន្ថែម​នៃ​ព័ត៌មាន​ផ្សេងៗ​ទៀត ដែល​សំខាន់ៗ សម្រាប់​សមាជិក​អាស៊ាន​ពិចារណា ទៅលើ​លទ្ធភាព​សមត្ថភាព​រប​ស់​ប្រទេស​ទី​ម័​រថា ចូល​ជា​សមាជិក​អាស៊ាន មាន​សមត្ថភាព​លទ្ធភាព​ក្នុងការ​បំពេញ​កា​ត្វ​កិច្ច​របស់ខ្លួន ជា​សមាជិក​អាស៊ាន​បាន​ឬ​អត់​?​។​

​លោកស្រី បាន​មានប្រសាសន៍​បញ្ជាក់ថា មាន​សមាជិក​នៃ​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន បានទទួល​ស្គាល់​រួចហើយ នូវ​សេចក្តីប្រកាស​ជា​នយោបាយ គាំទ្រ​សំណើរ​សុំ​របស់​ប្រទេស​ទី​ម័​រ ចូល​ជា​សមាជិក​អាស៊ាន ក៏ដោយ​ក៏ប៉ុន្តែ​យោងទៅលើ​ទិដ្ឋភាព​ផ្សេងៗ​ជាច្រើន ដែល​ត្រូវ​ពិចារណា​ថា តើ​យើង​អនុញ្ញាត​ឲ្យ​ប្រទេស​ទី​ម័​រ ចូល​តែ​វា អាចមាន​ផលវិបាក​អ្វី មកដល់​អាស៊ាន​? និង​អាចមាន​ផលវិបាក​អី ទៅលើ​ប្រទេស​ទី​ម័​រ ខ្លួនឯង​យ៉ាងណាដែរ​?

​លោកស្រី សឿង រដ្ឋ​ចា​វី មានប្រសាសន៍​បន្តថា ឥឡូវនេះ អាស៊ាន​កំពុង​ខិតខំ​កសាង​សហគមន៍​អាស៊ាន នៅក្នុង​រយៈពេល ២​ឆ្នាំ​ទៀត​ខាងមុខនេះ​។ ពីព្រោះ​អាស៊ាន ឥឡូវ​វា​ខុសពី​អាស៊ាន កាលពី ១៥​ឆ្នាំមុន នៅពេលដែល​កម្ពុជា ចូល ឬ​វៀតណាម មី​យ៉ាន​ម៉ា ហើយ​និង​ឡាវ​ចូល​ដែរ គឺ​វា​ខុសគ្នា​ខ្លាំងណាស់ ពី​អាស៊ាន ១៥​ឆ្នាំ ១៧​ឆ្នាំមុន កន្លងទៅនេះ​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​មានប្រសាសន៍​បញ្ជាក់ “​អាស៊ាន​ឥឡូវ មាន​វិស័យ នៃ​សហប្រតិបត្តិការ​ច្រើន ហើយ​ជាពិសេស​ទៀត គឺ​កិច្ចសហប្រតិបត្តិការ នៅក្នុង​អាស៊ាន រវាង​បណ្តា​ប្រទេស​អាស៊ាន ហើយ​និង​កិច្ចសហប្រតិបត្តិការ អាស៊ាន ជា​អង្គការ​តំបន់​មួយ ជាមួយ​ប្រទេស​ដៃគូ សន្ទនា​របស់​អាស៊ាន​”​។ 

​លោកស្រី បាន​មានប្រសាសន៍​បន្តថា បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន មានការ​បារម្ភ​ទៅលើ​កង្វះខាត​ធនធានមនុស្ស​របស់​ទី​ម័​រ ទោះបីជា​ប្រទេស​នេះ មាន​ចំណូល​ច្រើន ដែល​បាន​ពី​ប្រេង តែ​គ្មាន​បំណុល ក៏ប៉ុន្តែ​ទន្ទឹមគ្នា​ហ្នឹង​ដែរ បើ​សិក្សា​ទៅលើ​ចំនួន​បរិមាណ នៃ​ធនធាន​មុ​ស្ស​របស់​ទី​ម័​រ​នោះ ឃើញថា នៅមាន​ការខ្វះខាត​ច្រើន ដែល​អាស៊ាន ត្រូវមាន​ការពិចារណា ឲ្យ​បាន​ល្អិតល្អន់ ពីព្រោះ ជាធម្មតា សេចក្តីសម្រេច​អាស៊ាន ឈរលើ​កុងសង់ស៊ុស​។ ដូច្នេះ​សមាជិក​អាស៊ាន ត្រូវបំពេញ​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ការចូលរួម​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​របស់​អាស៊ាន ឲ្យ​បាន​ពេញលេញ បើ​មាន​ការខ្វះ​ប្រទេសមួយ​ឬ​ពីរ យើង​មានការ​លំបាក ក្នុង​កិច្ចសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​គោលការណ៍​ចាំបាច់​របស់​អាស៊ាន​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​នៅពេលនេះ មានការ​ពិភាក្សា​ដ៏​សំខាន់​មួយ ដែល​ប្រទេស​ជា​សមាជិក អាស៊ាន កំពុងតែធ្វើការ​ពិភាក្សា​គ្នា ដោយ​ពិ​ក្សា​ទៅលើ​ឯកសារ​របស់​លេខាធិការដ្ឋាន អាស៊ាន ដែល​កាតព្វកិច្ច​ទាំងអស់ ដែល​ប្រទេស​សមាជិក​អាស៊ាន ត្រូវបំពេញ និង​ពិភាក្សា ទៅនឹង​សំណើរ​របស់​ប្រទេស​ទី​ម័​រ សុំចូល​ជា​សមាជិក​អាស៊ាន និង​ពិភាក្សា​ផងដែរ ទៅលើ​របាយការណ៍​បឋម​របស់​ការសិក្សា ជា​ឯករាជ្យ​មួយ​របស់​អូស្ត្រាលី ដែល​ផ្តោត​ទៅ​បញ្ហា ដែលថា តើ​អាចមាន​ផលប៉ះពាល់​អ្វីខ្លះ នៅពេល ដែល​ទី​ម័​រ ចូល​ជា​សមាជិក​អាស៊ាន​នោះ តើ​មានការ​ប៉ះពាល់ អ្វីខ្លះ​ដែល​ទី​ម័​រ ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង ផ្នែក​សេដ្ឋកិច្ច​របស់​អាស៊ាន​។​

​សូមបញ្ជាក់ថា ក្រុមការងារ​ក្រុមប្រឹក្សា​សម្របសម្រួល​របស់​អាស៊ាន គឺ​ត្រូវបាន​បង្កើតឡើង ដោយ​ក្រុមប្រឹក្សា​សម្រប​ស​ម្រូ​ល អាស៊ាន ដែល​បានប្រគល់​ការងារ​សំណើរ​សុំចូល របស់​ទី​ម័​រ ត្រូវ​ពិភាក្សាគ្នា ឲ្យ​បាន​ជ្រៅជ្រះ​ថា តើ​អាចមាន​ផល​លំបាក​អ្វីខ្លះ​? អាច​មានការ​ចំណេញ ហើយ​និង​បញ្ហា​អី​ខ្លះ ដែល​អាច​ប៉ះពាល់ នៅពេលដែល​ទី​ម័​រ អាច​ចូល​អាស៊ាន ហើយ​ក្រុមការងារ​នេះ ត្រូវ​ផ្តល់​អនុសាសន៍​ជូន​ក្រុមប្រឹក្សា​សម្របសម្រួល អាស៊ាន ថា​តើ​ប្រទេស​ទី​ម័​រ ចូល​ជា​សមាជិក​អាស៊ាន តើ​យ៉ាងម៉េច​?​។​

​មាន​ប្រជាជន​ជាង ១ លាន​នាក់ ប្រទេស​ទី​ម័​រ​ខាងកើត បាន​ផ្តាច់ខ្លួន ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រកាស​ជា​ប្រទេស​ឯករាជ្យ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០០២៕​