Friday, August 24, 2012

ភ្នំពេញ: ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែងថា ជាមួយនឹង​ផលប្រយោជន៍​ដ៏​ធំធេង ដែល​វិស័យ​ទេសចរណ៍បាន​នាំមកដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន វិស័យ​ទេសចរណ៍ក៏​តែង​បាន​នាំមក​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ផងដែរ ដូចជា គ្រឿងញៀន ឧក្រិដ្ឋកម្ម ពេស្យា​កម្ម​។​ល​។ នេះ​បើតាម​គេហទំព័រ​ក្រសួងទេសចរណ៍ ចេញផ្សាយ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២​។ 

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួងទេសចរណ៍ និង​អង្គការ​ទស្សន​ពិភពលោក​កម្ពុជា ស្តីពី គម្រោង​កុមារភាព​-​ផ្នែក​បង្ការ ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​អូ​ស្រា្ត​លី សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (AusAID) ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក JASON EVANS ប្រធាន​អង្គការ​ទស្សន​ពិភពលោកប្រចាំ​កម្ពុជា និង​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នៅ សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ដោយមាន​ការចូលរួម​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី PANNY RICHARDS ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅ​កម្ពុជា ​ភ្ញៀវទេសចរ​ភាគច្រើនបានមក​ទស្សនា​ប្រាង្គ​ប្រាសាទ ដែលជា​កេរ​មរតក និង​ស្នាដៃ​របស់មនុស្សជាតិ​ដ៏​គួរឱ្យ​ស្ញប់​ស្ញែង និង​ពិសេស​ប្រាសាទ​អង្គរ ដែលជា​បេ​តិក​ភណ្ឌ ពិភពលោក​ដ៏​ល្បីល្បាញ ទស្សនានិង​កម្សាន្ត​តំបន់ឆ្នេរ​សមុទ្ទ​ដ៏​ស្រស់ស្អាតរបស់​កម្ពុជា ទស្សនាភាពស្រស់​ត្រកាលនៃ​តំបន់​ទេសចរណ៍ធម្មជាតិ សត្វ​ផ្សោត​ទន្លេមេគង្គ តំបន់​អេកូ​ទេសចរណ៍ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​។ 

​តែ​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ដូចជា​នៅក្នុង​ប្រទេស​មួយចំនួនក្នុង​ពិភពលោក​ផងដែរ នៅ​កម្ពុជា ក៏​យើង​សង្កេតឃើញ​នៅមាន​ភ្ញៀវទេសចរ​មួយចំនួនបាន​បង្ក​នូវ​ភាព​អសកម្ម​មួយចំនួន ដូចជា គ្រឿងញៀន ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ដែល​នេះ​ជា​កង្វល់​មួយរបស់​ពិភពលោក ក៏ដូចជា រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ទទួលរង​គ្រោះដោយ​អំពើ​ល្មើសច្បាប់​ ការរំលោភបំពាន និង​អំពើ​អមនុស្សធម៌​។​

​ប្រភព​ដដែល​បន្តទៀត​ថា ផ្តើមចេញពី​ស្ថានភាព​ជាក់ស្តែង និង​ដើម្បី​ទប់ស្កាត់ និង​ជម្នះ បាន​នូវ​ភាព​អសកម្ម​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជាបាន​បង្កើត​នូវ​ច្បាប់​បទប្បញ្ញត្តិ ជាច្រើន ដូចជា ច្បាប់ស្តីពីការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់ ស្តីពីការត្រួតពិនិត្យ​គ្រឿងញៀន ច្បាប់​ការងារ ច្បាប់ ស្តីពីទេសចរណ៍ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​ល​។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ ប្រកាស​សារាចរ និង​បទដ្ឋាន​គតិយុត្តិ​មួយចំនួន ដែល​ទាក់ទិន​ទៅនឹង​ការហាមឃាត់​ការលក់ដូរ ឬ​បញ្ចាំង​វីដេអូអាសអាភាស ការទប់ស្កាត់អំពើហិង្សា ការប្រព្រឹត្ត​បទល្មើស​អនាចារ​មកលើ​កុមារ និង​ស្ត្រី​។​ល​។​

​លោក ថោង ខុន ក៏បាន​បន្ថែមថា ដើម្បី​បង្ហាញ​នូវ​ការចូលរួម​យ៉ាងសកម្ម និង​ការប្តេជ្ញា​យ៉ាង​មុតមាំ​របស់​ក្រសួងទេសចរណ៍ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ចូលរួមចំណែក​ការពារ​កុមារឱ្យ​រួច​ផុតពី​ការកេងប្រវ័ញ្ច និង​រំលោភផ្លូវភេទ​ក្នុង​វិស័យ​ទេសចរណ៍ ក្រសួងទេសចរណ៍​បាន​បង្កើត​គណៈកម្មាធិកា​រ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ថ្នាក់​ក្រសួង និង​រាជធានី​ខេត្ត សំដៅ​ធ្វើការ​ទប់ស្កាត់នូវ​ចំណុច​អសកម្ម​នេះ​ឱ្យ​កាន់​តែមានប្រសិទ្ធភាព​ថែមទៀត​។ កន្លងមក យើង​បាន​ខិតខំ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ពិសេស​សមាគម​ឧស្សាហកម្ម​ទេសចរណ៍ ដើម្បី​អនុវត្តន៍​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​និង​លទ្ធផល​ល្អប្រសើរ​។​

​លោក ថោង ខុន បានបញ្ជាក់​ទៀតថា ជាក់ស្តែង​នៅ​ឆ្នាំ​២០១១ កន្លងមកនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិចំនួន ២.៨៨១.៨៦២ នាក់ ក្នុង​កំណើន ១៥ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១០ ហើយ​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន ៧​លាន​នាក់ ដែលមាន​កំណើន​ប្រមាណ​៣​ភាគរយ ដោយ​នាំមក​នូវ​ចំណូល​ប្រមាណ ១.៩១២ លាន​ដុល្លារ ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ចកម្ពុជា ដែល​ស្មើនឹង ១២ ភាគរយ​នៃ GDP និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ ៣៥ ម៉ឺន​នាក់​៕​