Friday, August 24, 2012

លំ​ហាត់​ហ្វឹកហ្វឺន​ទ្វេភាគី​កម្ពុជា​-​ថៃ​គឺជា​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ដ​រាយ​និង​ជំនួយ​មនុស្សធម៌​

ដោយ​ ៖ មរតក 
​ភ្នំពេញ​ ៖​ លំ​ហាត់​ហ្វឹកហ្វឺន​រួម​ទ្វេភាគី​រវាង​កងទ័ព​កម្ពុជា​នឹង​ថៃ​ ស្ដី​ពី​ប្រតិបត្ដិ​ការ​សង្គ្រោះ​មហន្ដរាយ​និង​ជំនួយ​មនុស្ស​ធម៌​ឆ្នាំ​២០១២​ ដែល​រៀបចំ​ឡើង​ដោយ​ កង​យោធពល​ភូមិន្ទ​ថៃ​ ហើយ​ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤​ខែសីហា​ ឆ្នាំ​២០១២​ គឺ​ពិតជា​មាន​សារសំខាន់​ ដើម្បី​ត្រៀម​បង្ការ​ កាត់​បន្ថយ​គ្រោះ​មហន្ដរាយ​ និង​ឆ្លុះ​បញ្ចាំង​នូវ​ការ​រឹត​ចំណងមិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការ​ ផ្នែក​សង្គ្រោះ​គ្រោះ​មហន្ដរាយ​ និង​ជំនួយ​ មនុស្សធម៌​ ដែល​ជា​កង្វល់​រួម​របស់​មនុស្សជាតិ​ទាំងមូល​ ។​
​លោកនាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធាន​គណៈប្រតិភូ​ អគ្គ​បញ្ជាការដ្ឋាន​ កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​លំ​ហាត់​ហ្វឹកហ្វឺន​ រួម​ទ្វេភាគី​កម្ពុជា​-​ថៃ​ នៅ​ថ្ងៃ​ទី​២៤​ខែសីហា​ ឆ្នាំ​២០១២​នា​ប្រទេស​ថៃ​ថា​ បច្ចុប្បន្ន​នេះ​ គ្រោះ​មហន្ដរាយ​បាន​ក្លាយជា​កង្វល់​រួម​ របស់​មនុស្សជាតិ​ទាំងមូល​ប្រឈម​នឹង​ កង្វល់​នៃ​ការ​គំរាមកំហែង​នេះ​ កងទ័ព​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​បន្ទាន់​ភ្លាមៗ​ ។​
​លោក​បន្ដ​ថា​ លំ​ហាត់​ហ្វឹកហ្វឺន​ទ្វេភាគី​ កម្ពុជា​-​ថៃ​ ស្ដី​ពី​ប្រតិបត្ដិការ​សង្គ្រោះ​គ្រោះ​មហន្ដរាយ​ឆ្នាំ​២០១២​ ដែល​រៀបចំ​ឡើង​ដោយ​កង​យោធពល​ភូមិន្ទ​ថៃ​ គឺ​ពិត​ ជា​មាន​សារសំខាន់​ណាស់​ ដើម្បី​ត្រៀម​បង្ការ​ និង​កាត់​បន្ថយ​គ្រោះ​មហន្ដរាយ​និង​ម្យ៉ាងទៀត​ ក៏​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​រឹត​ ចំណងមិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការសង្គ្រោះ​គ្រោះ​មហន្ដរាយ​ និង​ជំនួយ​មនុស្សធម៌​ ។​
​លោកនាយ​ឧត្ដមសេនីយ៍​សៅ​ សុខា​ បន្ដ​ទៀត​ថា​ នេះ​ជា​ឱកាស​នៃ​ការ​ផ្លាស់​ប្ដូរ​ ចែករំលែក​បទ​ពិសោធន៍​ ហើយ​ក៏​ជា​លទ្ធ​ ផល​នៃ​ការ​ពិភាក្សា​ទ្វេភាគី​រវាង​អគ្គ​មេ​ បញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​អគ្គមេបញ្ជាការ​កង​យោធពល​ភូមិន្ទ​ ថៃ​ ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​អគ្គ​ មេបញ្ជាការ​កងទ័ព​អាស៊ាន​កាលពី​ពេល​កន្លង​មក​ ។​
​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ក៏​បាន​ សម្ដែង​នូវ​ការ​កោតសរសើរ​និង​វាយ​ តម្លៃ​ខ្ពស់​នូវ​រាល់​ការ​ខិតខំ​ទាំងអស់​របស់​ នាយទាហាន​ ពល​ទាហាន​ នៃ​ព្រះរាជា​ ណា​ចក្រ​ទាំង​២​ កម្ពុជា​-​ថៃ​ ដែល​បាន​ បំពេញ​តួនាទី​ប្រកបដោយ​កិត្ដិយស​ ធ្វើ​ការងារ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្ដិ​សាស្ដ្រ​នេះ​ ។​
​គួរ​បញ្ជាក់​ថា​ លំ​ហាត់​ហ្វឹកហ្វឺន​ទ្វេ​ ភាគី​រវាង​កងទ័ព​កម្ពុជា​នឹង​កងទ័ព​ថៃ​បាន​ ធ្វើ​ឡើង​នៅ​ស្រុក​ចា​អាម​ ខេត្ដ​ពិ​ជាក់​បូ​រី​ ប្រទេស​ថៃ​ ដែល​មាន​កងទ័ព​កម្ពុជា​៤០​ នាក់​ទៅ​ចូលរួម​ស្ដី​ពី​ប្រតិបត្ដិការ​សង្គ្រោះ​ គ្រោះ​មហន្ដរាយ​ និង​ជំនួយ​មនុស្សធម៌​ ឆ្នាំ​២០១២​ ។​ លំដាប់​ហ្វឹកហ្វឺន​រួម​នេះ​ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤​ខែសីហា​ ក្រោម​វត្ដមាន​លោកនាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធ​ ពល​ខេមរភូមិន្ទ​កម្ពុជា​ និង​លោក​ ស័​ក្ដ​កុ​ល​ សាត​ចាន់​នី​ត​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ភូមិន្ទ​ថៃ​ ៕