Friday, August 24, 2012

គ​.​ជ​.​ប​.៖ ពហិការ​របស់​គណបក្ស​ប្រឆាំង មិន​ប៉ះពាល់​ដល់​ដំណើរ​ការបោះឆ្នោត​

0
 
0
 
 
(ថ្ងៃទី 23 សីហា 2012, ម៉ោង 07:22:PM) | ដោយ: សុខ ភក្តី
ក-  ក+ | Print
ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ​.​ជ​.​ប​.) បាន​ចាត់ទុកថា សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២  គឺជា​សិទ្ធិ​របស់​គណបក្សប្រឆាំង ដោយ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឬក៏​ការ​បោះឆ្នោត នៅ​ពេល​ខាង​មុខ​ទេ​។​

​លោក ទេព នីថា បាន​មានប្រសាសន៍ថា “​យើង​បានដឹង​ពី​ស្ថានភាព​គណបក្ស​ទាំងពីរ​នេះ​។ អ៊‌ីចឹង​យើង​គិតថា ហេតុផល​ផ្ទាល់​របស់​គាត់ ច្រើន​ជាង​ការទម្លាក់​នីតិវិធី​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត របស់ គ​.​ជ​.​ប​. ព្រោះថា នីតិវិធី​នេះ យើង​អនុវត្ត​រៀងរាល់ឆ្នាំ រហូត​ដល់​ថ្ងៃនេះ ហើយ​គណបក្ស​ទាំងអស់នេះ ក៏​ធ្លាប់​ទទួលស្គាល់ ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នេះ ហើយក៏​ធ្លាប់បាន​ទទួល​លទ្ធផល​ទៅ​តាម​ការបោះឆ្នោត​ដែរ បើ​ប្រៀបធៀប​ជាមួយ​គណបក្ស​ផ្សេង​ទៀត​។ អ៊‌ីចឹង​ទេ ខ្ញុំ​គិតថា មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ទេ ពីព្រោះថា នេះ​ជា​សិទ្ធិ​របស់​គាត់​។ ទោះយ៉ាង​ណា ក៏​មាន​គណបក្សនយោបាយ​ផ្សេងទៀត និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេង​ទៀត ដែល​ចូលរួម​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​នេះ​”​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ គ​.​ជ​.​ប​. នឹង​ធ្វើ​សន្និសីទកាសែត ដើម្បី​ប្រកាស​ពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ព្រមទាំង​ដំណើរការ សម្រាប់​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​លោក ទេព នីថា បាន​លើកឡើង​ថា តាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ​នេះ គ​.​ជ​.​ប​. នឹង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី មាន​ប្រមាណ ៦០ ម៉ឺន​នាក់​។ ក្នុងនោះ មាន​យុវជន ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​ចុះឈ្មោះ​ថ្មី​ប្រមាណ ៣០ ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ ដែល​ទើប​​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​ត្រូវ​ចុះ​ឈ្មោះ​ថ្មី ប្រមាណ​ជា ៣០ ម៉ឺន​នាក់​។ នៅ​ឆ្នាំ​នេះ គ​.​ជ​.​ប​. ក៏​ប៉ាន់ស្មាន​ថា នឹង​ត្រូវ​លុបឈ្មោះ​អ្នកបោះឆ្នោត ដែល​មាន​ឈ្មោះ​ស្ទួន ឬ​មរណភាព ជា​ដើម​នោះ មាន​ប្រមាណ​ជា ១៤ ម៉ឺន​នាក់​។ រីឯ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១១ មាន​ចំនួន​ជាង ៩,២ លាន​នាក់​។ ដូច្នេះ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១២ អាច​មាន​អ្នកបោះឆ្នោត​ជាង ៩,៨ លាន​នាក់​។​

​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន ដែល​គ្រប់​អាយុ ១៨ ឆ្នាំ គិត​ដល់​ថ្ងៃ​បោះឆ្នោតជាតិ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវ​ត្រៀម​ឯកសារ ដើម្បី​យក​ទៅ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅ​សាលាឃុំ​សង្កាត់​។ ចំណែក​អ្នក​មាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ ឲ្យបាន​ត្រឹមត្រូវ​តាម​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។​

​ការលើកឡើង​របស់​លោក​ទេព នីថា ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក្នុងនាម​ចលនា​ប្រជាធិបតេយ្យ សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​ពហិការ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ ឡើយ​។​

​សេចក្តីថ្លែងការណ៍​រួម របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ឬ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា គណបក្ស​ប្រឆាំង​ទាំង​ពីរ មើលឃើញថា នីតិវិធី​នៃ​ការចុះឈ្មោះ ការ​លុបឈ្មោះ អ្នកបោះឆ្នោត នៅ​ដដែល អត់​មាន​ការផ្លាស់ប្តូរ ពោល​គឺ​មាន​ភាពសាំញ៉ាំ ដែល​បង្ក​ការលំបាក​ស្មុគ​ស្មាញ ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។ ឯ​មន្ត្រី​អនុវត្ត​ការងារ​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ភាគច្រើន​លើសលុប ជា​សកម្ម​ជន នៃ​គណបក្ស​កាន់អំណាច​។​

​សេចក្តីថ្លែងការណ៍​រួម ដែល​ចុះហត្ថលេខា​ដោយ​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​បន្ត​ថា ដូច្នេះ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​​នេះ មិន​អាច​ជួយ​ឲ្យ​ការបោះឆ្នោត​ឆ្នោត​សកល ឆ្នាំ​២០១៣ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​បាន​ឡើយ​។​

​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ទាមទារ​យ៉ាងទទូច ឲ្យមាន​ការកែ​ប្រែ​​នីតិវិធីដ៏​ស្មុគស្មាញ នៃ​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត  ហើយ​នឹង​ផ្លាស់ប្តូរ​ពេលវេលា នៃ​ការចុះឈ្មោះ ព្រមទាំង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មានឈ្មោះ នៅក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​បាន​ទៅ​បោះឆ្នោត ដោយ​គ្មាន​ឧបសគ្គ និង​ការរំខាន​៕​