Friday, August 24, 2012

ប្រជាពលរដ្ឋ​លើកគ្នា មកសុំ​ការជួយ​អន្ដរាគមន៍ បន្ទាប់ពី​តុលាការ​កោះហៅ​អ្នកភូមិ ៥​នាក់​

កំពង់ឆ្នាំង​: ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជាង ៣០ នាក់ មកពី​ភូមិ​កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បាននាំគ្នា​មកកាន់​ការិយាល័យ​តំណាងរាស្ដ្រ​មណ្ឌល​កំពង់ឆ្នាំង ដើម្បី​សុំ​ការជួយ​អន្ដរាគមន៍ បន្ទាប់ពី​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ កោះហៅ​អ្នកភូមិ​៥​នាក់ មក​សាកសួរ រឿង​ចាប់​អួន និង​ជន​របស់​ជនជាតិ​វៀតណាម​ដុត​បំផ្លាញចោល​។​

​តំណាង​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១២ មាន​ទូក​អួន និង​ទូក​ជន​របស់​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ចូលមក​នេសាទ នៅត្រង់​កន្លែង ដែល​ពួកគាត់​ដាក់មង ក្នុងពេលនោះ ពួកគាត់​បានអោយ​ក្រុម​វ៉ៃ​អួន ចេញ ពីព្រោះ​ធ្វើអោយ​ត្រី​ផ្អើល​ពួកគាត់​នេសាទ​មិនបាន ប៉ុន្ដែ​ក្រុម​នេសាទ​ជនជាតិ​វៀតណាម​ទាំងនោះ មិន​ព្រមស្ដាប់​ពួកគាត់ ខឹង ក៏​ចាប់យក​អួន និង​ជន ដុតចោល​តែម្ដង​។​
 
​ប្រជ​ពលរដ្ឋ​បាន​អោយដឹងទៀតថា អ្នកភូមិ​របស់គាត់ ដែល​ត្រូវ​តុ​ការកោះហៅ​ក្នុង​រឿងនេះ ១-​ឈ្មោះ​ធឹ​ម ធី​ម​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​នួន ខា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣-​ជុក ហួន​ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ៤-​ឈ្មោះ ឡេង​ឈឿន​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៥-​ឈ្មោះ ជា​ចក់ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​។ អ្នក​ទាំង​៥​នាក់​នេះ រស់នៅ​ភូមិ​កោះ​ក្អែក ឃុំ​កំពង់​ហៅ​ស្រុក​កំពង់លែង ខេត្ដ​កំពង់ឆ្នាំង​។​

​លោក ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​កំពង់ឆ្នាំង បានអោយដឹងថា រឿងនេះ ខាង​អយ្យកា​ចាត់ការ​ទៅតាម​របាយការណ៍​រប​ស់​អាជ្ញាធរ ក្នុងការ​ទប់ស្កាត់ ភាព​អាណាធិបតេយ្យ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​។ 

​លោក ពេញ វិបុល បានបញ្ជាក់​អោយដឹងថា កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​មួយក្រុម នៅក្នុង​ភូមិ​កោះ​ក្អែក​ចំនួន ១៧​នាក់ បាននាំគ្នា​ទៅ​ចាប់​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម ចំនួន ៧​ទូក ក្នុងនោះ មាន​អួន ២​វង់ និង​ជន ១​វង់ ជម្រិត​ទារប្រាក់​ចំនួន ៥​លាន​រៀល នៅពេលនោះ​ក្រុម​នេសាទ​ជនជាតិ​វៀតណាម​គ្មាន​លុយ​អោយ​ពួកគេ បាន​ដោះលែង​មនុស្ស និង​ទូក​៥​គ្រឿង​អោយ​ត្រឡប់មកវិញ ហើយ​ពួកគេ​បាន​ឃាត់ទុក​ទូក​២​គ្រឿង និង​បាន​យក​ជន និង​សាច់​អួន​ទាំងនោះ ដុតបំផ្លាញ​ចោល​។​

​លោក​ព្រះរាជអាជ្ញា បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ជាការ​កោះហៅ​អ្នកពាក់ព័ន្ធ មក​សាកសួរ​តែប៉ុណ្ណោះ ប៉ុន្ដែ​ពួកគេ មិនបាន​ចូលមក​បំភ្លឺ​ឡើយ បែរជា​លើកគ្នា ទៅកាន់​ការិយាល័យ​តំណាងរាស្ដ្រ​ទៅវិញ​៕​