Friday, August 24, 2012

ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​កំពុង​ជំរិត​ទារប្រាក់​ពី​អ្នក​រត់​តាក់ស៊ី​

ដោយ​ ៖ ព​.អមតៈ
​ខេត្ដពោធិ៍សាត់​ ៖​ អ្នក​រត់​រថយន្ដឈ្នួល​ ពី​ខេត្ដពោធិ៍សាត់​មក​ភ្នំពេញ​បាន​រិះគន់​ ចំៗ​ទៅ​លោក​ ​សាំង​ វាសនា​ នាយក​អង្គ​ការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​ថា​បាន​ជំរិត​ទារប្រាក់​ពី​ពួក​គាត់​ ពី​១០​ទៅ​៣០​ម៉ឺន​រៀល​ នៅ​ពេល​ដែល​ពួក​គាត់​ដឹក​សង្ហារ​រឹម​របស់​ភ្ញៀវ​ ។​
​អ្នក​រត់​តាក់ស៊ី​ម្នាក់​ពី​ពោធិ៍សាត់​មក​ ភ្នំពេញ​បានឱ្យ​ដឹង​ថា​ រូប​គាត់​បាន​រកស៊ី​ ដឹក​មនុស្ស​ពី​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ ក្រវាញ​មក​ភ្នំពេញ​ដោយពេល​ខ្លះ​គាត់​ បាន​ដាក់​គ្រឿង​សង្ហារ​រឹម​ធ្វើ​អំពី​ឈើ​របស់​ ភ្ញៀវ​មក​ជាមួយ​ ដើម្បី​បាន​រួច​ថ្លៃ​ប្រេង​ ប៉ុន្ដែ​នៅ​ពេល​លួច​បង្កប់​គ្រឿង​សង្ហារ​រឹម​ ម្ដងៗ​តែង​ត្រូវ​បាន​នាយក​អង្គការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​បើក​  រថយន្ដ​ដេញ​ស្ទាក់​គំរាម​ទារប្រាក់​មិន​ ដែល​ខាន​ ។​
​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​ដែល​លោក​ សាំង​ វាសនា​ ស្ទាក់​ទារប្រាក់​ម្ដងៗ​គឺ​ទារ​ពី​១០​ទៅ​៣០​ម៉ឺន​រៀល​ ប្រសិនជា​មិន​ព្រមឱ្យ​តាម​ការ​កំណត់​ នោះ​ទេ​ លោក​តែង​ចុច​ទូរស័ព្ទ​ទៅ​អ្នក​ នេះ​ទៅ​អ្នក​នោះ​ ពិសេស​ហៅ​មេព្រៃ​មក​ ចាប់​យក​រថយន្ដ​ទៅ​ដាក់​នៅ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ក៏​មាន​ ។​
​ប្រភព​ពី​អ្នករក​ស៊ី​រត់​រថយន្ដឈ្នួល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បើសិនជា​ពួក​គាត់​ ចង់​ដឹង​គ្រឿង​សង្ហារ​រឹម​របស់​ភ្ញៀវ​គឺ​ត្រូវ​ ទូរស័ព្ទ​ទៅ​លោកនាយក​ សាំង​ វាសនា​  ជា​មុន​ និង​ត្រូវ​យក​ប្រាក់​ប្រគល់​ឱ្យ​២​ម៉ឺន​  រៀល​ទើប​អាច​ដាក់​គ្រឿង​សង្ហារ​រឹម​នោះ​  មក​ភ្នំពេញ​បាន​ ហើយ​បើសិន​ពួក​គាត់​  មិន​ប្រាប់​មុន​ទេ​នោះ​ ច្បាស់​ជា​ស៊យ​ជា​មុន​ ។​
​ប្រភព​ខាងលើ​បញ្ជាក់​ឱ្យ​ដឹង​ថា​ នៅ​ពេល​លោក​ សាំង​ វាសនា​ ចុះ​ដេញចាប់​  រថយន្ដ​ពួក​គាត់​ម្ដងៗ​ គឺ​តែងតែមាន​មនុស្ស​ស្លៀកពាក់​ជា​កម្លាំងយោធា​មក​  អម​ជាមួយ​ជា​និច្ច​ ដោយ​មិនដឹង​ថា​ ជា​សមត្ថកិច្ច​ខាង​ណា​ឱ្យ​ប្រាកដ​នោះ​ទេ​ ។​ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១២​ គេ​ឃើញ​លោក​ សាំង​ វាសនា​ បាន​ដេញចាប់​រថយន្ដ​  នី​សាន់​ពណ៌​ទឹកប្រាក់​១​គ្រឿង​ដែល​បាន​ ដឹក​គ្រឿង​សង្ហារ​រឹម​កែ​ច្នៃ​រួច​ បំណង​មក​ ភ្នំពេញ​ប៉ុន្ដែ​ត្រូវ​បាន​លោក​ សាំង​វាសនា​  ស្ទាក់​ជាប់​ត្រង់​ចំណុច​គល់​ស្ពាន​ចាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​  ព្រៃ​ឪ​ម៉ាស់​ សង្កាត់​រលាប​ ខេត្ដ​-​ក្រុង​ ពោធិ៍សាត់​ ប៉ុន្ដែ​ទាំង​លោក​ សាំង​ វាសនា​ និង​ម្ចាស់​រថយន្ដ​ដឹក​គ្រឿង​សង្ហារ​រឹម​នោះ​ គេ​ឃើញ​អ្នកកាសែត​ក៏​ប្រញាប់ប្រញាល់​ ចូល​រថយន្ដ​រៀងខ្លួន​បើក​ចេញ​បាត់​ទៅ​ ។​
​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ​ នេះ​នគរវត្ដ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ ពី​លោកនាយក​អង្គការ​អភិរក្ស​បរិស្ថាន​ និង​ធនធានធម្មជាតិ​កម្ពុជា​បាន​ទេ​ដោយ​  ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ ហើយ​ នៅ​ពេល​ជួប​ផ្ទាល់​នៅ​ពេល​ចុះ​ឃាត់​រថយន្ដ​ដឹក​គ្រឿង​សង្ហារ​រឹម​ នៅ​ថ្ងៃ​ទី​២៤​ ខែ​ សីហា​ ឆ្នាំ​២០១២​ លោក​ សាំង​ វាសនា​ បាន​ព្យាយាម​គេចខ្លួន​មិន​ព្រម​ធ្វើ​អត្ថា​ ធិ​ប្បាយ​ដោយ​បើករថយន្ដ​ចេញ​ទៅ​បាត់​ ។​
​ទាំង​ប្រជាពលរដ្ឋ​ និង​អ្នករក​ស៊ី​របរ​ រថយន្ដឈ្នួល​បាន​ដាក់​ជា​សំណួរ​ថា​ហេតុ​ អ្វី​បានជា​គេ​មិន​បង្ក្រាប​ឈ្មួញ​រកស៊ី​ដឹក​ ឈើ​ប្រណីត​ធំៗ​ល្មើសច្បាប់​ ហើយ​បែរ​ ជា​មក​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ទិញ​គ្រឿង​សង្ហារ​រឹម​សម្រាប់​យក​មក​ប្រើប្រាស់​យ៉ាង​ដូច្នេះ​ ៕