Friday, August 24, 2012

អា​មេ​រិ​ក​មាន​គម្រោង​ដាក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ថ្មី​នៅ​តំបន់​អាស៊ី​សម្រាប់​ទប់ទល់​ចិន​

ដោយ​ ៖ ម៉ែវ ​សាធី 
​អា​មេ​រិ​ក​មាន​គម្រោង​ដាក់​ប្រព័ន្ធ​កាំ​ជ្រួ​ច​មី​ស៊ី​ល​ការពារ​ថ្មី​នៅ​តំបន់​អាស៊ី​ ដើម្បី​ទប់ស្កាត់​រាល់​ការ​គំរាមកំហែង​ណាមួយ​ពី​ចិន​ និង​ទប់ទល់​នូវ​ឥទ្ធិពល​កាំ​ ជ្រួ​ច​មី​ស៊ី​ល​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ ។​
​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​ ការពារ​ជាតិ​ថ្មី​របស់​រដ្ឋាភិបាល​ប្រ​ធានា​ធិ​បតី​ អូ​បា​ម៉ា​ ក្នុង​គោលដៅ​បង្វែរ​កម្លាំង​ យោធា​មក​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​មាន​សារសំខាន់​បំផុត​ដល់​វិស័យ​ សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ ក្រោយ​រយៈពេល​ ជាង​១​ទសវត្សរ៍​ជាប់ផុង​ក្នុង​សង្គ្រាម​អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​
​ការ​ពង្រីក​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​កើតឡើង​ ចំ​ពេល​ដែល​អា​មេ​រិ​ក​និង​ បណ្ដា​ប្រទេស​សម្ពន្ធមិត្ដ​ក្នុង​តំបន់​បង្ហាញ​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​គំរាម​ កំហែង​ដោយ​កាំជ្រួច​មី​ស៊ី​ល​ពី​កូរ៉េ​ខាង​ជើង​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ព្រួយបារម្ភ​ពី​គោល​ ជំហរ​រឹង​មាំ​របស់​ចិន​ទៅ​លើ​បញ្ហា​វិវាទ​ ផ្សេងៗ​ ពិសេស​គឺ​នៅ​តំបន់​សមុទ្រ​ដែល​ ប្រទេស​ជា​ច្រើន​បាន​ប្រកាស​ឋិត​ក្រោម​ អធិបតេយ្យភាព​រៀងខ្លួន​ផ្ទួន​លើ​គ្នា​នោះ​។​
​ព័ត៌មាន​ខាងលើ​កើតឡើង​ក្រោយ​ ពេល​មន្ដ្រី​យោធា​ជាន់ខ្ពស់​១​រូប​ដែល​មិន​ បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទស្សនាវដ្ដី​ការ​ ពារ​ជាតិ​ Defence​ Weekly​ ថា​ កម្លាំង​ បដិវត្ដន៍​ប្រជាជន​ចិន​បាន​សាកល្បង​កាំ​ ជ្រួ​ច​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាល​ខែកក្កដា​ ដែល​អាច​វាយលុក​ទៅ​លើ​គោលដៅ​នានា​នៅ​ អា​មេ​រិ​ក​ ។​
​កាំជ្រួច​មី​ស៊ី​ល​ DF-41​ របស់​ចិន​ អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​បាន​ រហូត​ដល់​១០​គ្រាប់​ ហើយ​ក្បាល​គ្រាប់​ នីមួយៗ​បាន​ផលិត​ឡើង​ដើម្បី​វាយលុក​ ទៅ​លើ​គោលដៅ​ដាច់​ដោយឡែក​ពី​គ្នា​ ។​
​ក្រុម​អ្នក​បង្កើត​គម្រោង​របស់​ក្រសួង​ការពារ​ជាតិ​អា​មេ​រិ​ក​ ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ក្នុង​ពេល​ដែល​ចិន​បាន​អភិវឌ្ឍ​ ប្រភេទ​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​នាវា​ផ្ទុក​យន្ដហោះ​ ដែល​មាន​រហស្សនាម​ថា​ “​ជន​ពិឃាដ​នាវា​ផ្ទុក​យន្ដហោះ​”​ ដែល​អាច​គំរាមកំហែង​គ្រប់​វិនាទី​ដល់​នាវា​ ផ្ទុក​យន្ដហោះ​របស់​អា​មេ​រិ​ក​ឈរជើង​នៅ​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ។​
​កាំជ្រួច​មី​ស៊ី​ល​ខាងលើ​បាញ់​បាន​ ចម្ងាយ​ប្រមាណ​១.៥០០​គីឡូម៉ែត្រ​ បាន​ផលិត​ឡើង​ក្នុង​គោលដៅ​រារាំង​នាវាចម្បាំង​ និង​នាវា​ផ្ទុក​យន្ដហោះ​របស់​អា​មេ​រិ​ក​ចូល​ ទៅ​កៀក​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​បាន​ប្រកាស​ឋិត​ក្នុង​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ ។​
​ក្រសួងការពារជាតិ​ចិន​មិន​ទាន់​មាន​ ប្រតិកម្ម​អ្វី​ជុំវិញ​គម្រោង​ដាក់​ប្រព័ន្ធ​កាំ​ ជ្រួ​ច​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​នោះ​ឡើយ​ ប៉ុន្ដែ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា​ “​ចិន​តែងតែ​ជឿជាក់​ថា​ ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​ត្រូវ​តែ​រៀបចំ​ឡើង​ដោយ​ ប្រុង​ប្រយ័ត្ន​ផ្ដោត​ទៅ​លើ​ទស្សន​ការពារ​ សុខ​សន្ដិភាព​ ស្ថិរភាព​ យុទ្ធសាស្ដ្រ​នៅ​ លើ​ពិភពលោក​ និង​ជំរុញ​ឱ្យ​មាន​ទំនុក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​យុទ្ធសាស្ដ្រ​ទាំង​ នោះ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​”​ ។​
​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​របស់​អា​មេ​រិ​ក​ដាក់​នៅ​ទីណា​
​បណ្ដា​មន្ដ្រីជាន់ខ្ពស់​ក្នុង​ក្រសួង​ការពារ​ជាតិ​អា​មេ​រិ​ក​បញ្ជាក់​ថា​ ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​ថ្មី​នោះ​ ជា​ប្រព័ន្ធ​រ៉ា​ដា​ ប្រកាស​អាសន្ន​រហ័ស​ ដែល​មានឈ្មោះ​ ថា​ X-Band​ ដាក់​នៅ​លើ​កោះ​មួយ​ឋិត​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​ ២០០៦​មក​ម្ល៉េះ​ ប៉ុន្ដែ​មិន​ទាន់​បញ្ជាក់​ថា​ ជា​កោះ​ណា​នោះ​ឡើយ​ ។​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជប៉ុន​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ជប៉ុន​មិន​ទាន់​ អាច​វិភាគ​អ្វី​ជុំវិញ​ហេតុការណ៍​ទាំងនោះ​ ឡើយ​ ដោយ​កន្លង​មក​ អា​មេ​រិ​ក​និង​ជប៉ុន​ បាន​លុប​ចោល​គម្រោង​ដាក់​ប្រព័ន្ធ​រ៉ា​ដា​ នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ ជា​កោះ​មួយ​ឋិត​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​ដែល​ ទទួល​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ក្នុង​តំបន់​ ។​
​មន្ដ្រីជាន់ខ្ពស់​អង្គការ​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​និង​ទីបញ្ជាការ​កងទ័ព​ញ​ អា​មេ​រិ​ក​ប្រចាំ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ ក៏​កំពុង​ ត្រួតពិនិត្យ​ដាក់​ប្រព័ន្ធ​រ៉ា​ដា​ X-Band​ ទី​៣​ នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ក្នុង​គោល​ ដៅ​បង្កើត​ទៅ​ជា​រង្វង់​មូល​អនុញ្ញាត​ឱ្យ​ អា​មេ​រិ​ក​និង​សម្ពន្ធមិត្ដ​ក្នុង​តំបន់​តាម​ ដាន​យ៉ាង​បាន​យ៉ាង​ល្អិតល្អន់​នូវ​កាំជ្រួច​ មី​ស៊ី​ល​ណាមួយ​ដែល​បាញ់​ចេញពី​ប្រទេស​ កូរ៉េ​ខាងជើង​ឬ​ក៏​ពី​ប្រទេស​ចិន​ ។​
​មន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ បាន​ផ្ដោត​ទៅ​លើ​ប្រទេស​ហ្វី​លី​ពី​ន​ជា​តំបន់​ ដែល​មាន​សក្ដានុពល​បំផុត​សម្រាប់​ ប្រព័ន្ធ​រ៉ា​ដា​ X-Band​ ទី​៣​ ប៉ុន្ដែ​មន្ដ្រី​ជាន់​ ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​មិន​ ទាន់​អាច​ជ្រើសរើស​បាន​ទីតាំង​ណាមួយ​ ជា​ផ្លូវការ​សម្រាប់​ដាក់​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​នោះ​ឡើយ​ ។​
​ប្រព័ន្ធ​រ៉ា​ដា​របស់​អា​មេ​រិ​ក​អាច​គ្រប់​ ដណ្ដប់​ទៅ​លើ​កូរ៉េ​ខាងជើង​និង​ចិន​ រួម​ទាំង​ កោះ​តៃវ៉ាន់​ផង​ដែរ​ ។​ បច្ចុប្បន្ន​ចិន​បាន​ ដាក់​តម្រង់​កាំជ្រួច​មី​ស៊ី​ល​ជាង​១.០០០​ ដើម​សំដៅ​ទៅ​កោះ​តៃវ៉ាន់​គំរាមកំហែង​ ប្រសិនបើ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ ភាព​ផ្ដាច់ខ្លួន​ចេញពី​ចិនដីគោក​ នឹង​រង​ នូវ​គ្រាប់​ភ្លៀង​មី​ស៊ី​ល​ធ្លាក់​មក​ពី​ចិន​ជាក់​ជា​មិន​ខាន​ ។​ ការ​ដែល​ជំរុញ​វត្ដមាន​ របស់​កម្លាំង​ទាហាន​អា​មេ​រិ​ក​នៅ​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ប្រាកដជា​បង្ក​ឱ្យ​មាន​ភាព​ តានតឹង​កាន់តែ​ខ្លាំង​ឡើងៗ​រវាង​ទីក្រុង​ ប៉េ​កាំ​ង​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ដែល​ធ្លាប់​ តែ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ជា​យូរ​ ណាស់​មក​ហើយ​ ។​
​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ព្រួយបារម្ភ​ ពី​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ ដូច​ជា​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អា​មេ​រិ​កបាន​ដាក់​នៅ​ មជ្ឈិមបូព៌ា​និង​តំបន់​អឺរ៉ុប​សម្រាប់​ទប់​ ទល់​នឹង​អ៊ី​រ៉​ង់​ ដែល​បង្ក​ផល​ប៉ះពាល់​ដោយ​ ផ្ទាល់​ដល់​យុទ្ធសាស្ដ្រ​របស់​ជប៉ុន​ ។​
​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រឆាំង​ទៅ​នឹង​ការ​ ដាក់​ប្រព័ន្ធ​រ៉ា​ដា​ X-Band​ ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៦​ ។​ ក្រៅពី​ប្រទេស​ចិន​ ប្រទេស​រុ​ស្ស៊ី​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ដូច​គ្នា​នេះ​ដែរ​ ពី​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ការពារ​របស់​អា​មេ​រិ​ក​ដែល​ដាក់​នៅ​ តំបន់​មជ្ឈិមបូព៌ា​ និង​តំបន់​អឺរ៉ុប​ ។​ រុ​ស្ស៊ី​ តែងតែ​ទាមទារ​ឱ្យ​អា​មេ​រិ​ក​ធានា​ជា​លាយ​ លក្ខណ៍​អក្សរ​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ទាំងនោះ​មិន​សំដៅ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ នោះ​ឡើយ​ ។​
​តើ​គោលដៅ​ពិតប្រាកដ​ក្នុង​ការ​ដាក់​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ល​ការពារ​របស់​ អា​មេ​រិ​ក​ជុំវិញ​ពិភពលោក​នោះ​ សំដៅ​ទៅ​លើ​ប្រទេស​ណាមួយ​ពិតប្រាកដ​ ?​ ហើយ​បើ​សំដៅ​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ និង​កូរ៉េ​ខាងជើង​នោះ​ វា​ពិតជា​មិន​ស័ក្ដិសម​ ដែល​ត្រូវ​ឱ្យ​អា​មេ​រិ​ក​ចាំបាច់​ចំណាយ​ ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ការ​ ពារ​ប្រទេស​ទន់ខ្សោយ​ តូចតាច​ មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​នោះ​ឡើយ​ ។​
​អ្នកវិភាគ​យល់​ឃើញ​ថា​ គោលដៅ​ពិតប្រាកដ​របស់​អា​មេ​រិ​ក​នោះ​ គឺ​សំដៅ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​និង​ចិន​តែ​ប៉ុណ្ណោះ​ ដោយសារ​ប្រទេស​ទាំង​២​ជា​បន្លា​ដ៏​មុត​ ស្រួច​បង្កប់​នៅ​ក្នុង​សាច់​អា​មេ​រិ​ក​ ហើយ​ តែងតែ​រារាំង​រាល់​សកម្មភាព​និង​ផល​ ប្រយោជន៍​របស់​អា​មេ​រិ​ក​ជា​ច្រើន​នៅ​ ជុំវិញ​ពិភពលោក​ ។​ អ្វី​ដែល​ពិសេស​ជាង​ នេះ​ទៅ​ទៀត​នោះ​ គឺ​ប្រទេស​ទាំង​២​កំពុង​ តែ​គំរាមកំហែង​ដល់​តំណែង​ជា​ប្រទេស​ មហាអំណាច​យោធា​ទី​១​នៅ​លើ​ពិភព​ លោក​របស់​អា​មេ​រិ​ក​ ដូច្នេះ​អា​មេ​រិ​ក​ចាំ​បាច់​ត្រូវ​តែ​បង្កើន​ការ​ឡោម​ព័ទ្ធ​ជា​មុន​ ទៅ​លើ​ប្រទេស​ដែល​ប៉ុនប៉ង​ដណ្ដើម​យក​សិទ្ធិ​អំណាច​ និង​ផលប្រយោជន៍​ពី​ខ្លួន​នោះ​៕