Friday, August 24, 2012

ចៅសង្កាត់​បឹង​កុក​ពង្រឹងកម្លាំង​ប្រជា​ការពារ​ឱ្យ​ចូលរួម​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន

ដោយ​ ៖ វណ្ណៈ 
​ខេត្ដកំពង់ចាម​ ៖​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២​ លោក​ ​ខ្ចង​ អូន​ ចៅសង្កាត់​បឹង​កុក​ បាន​ចុះ​ត្រួតពិនិត្យ​លើ​កម្លាំង​ប្រជា​ការពារ​តាម​គោលដៅ​ ដែល​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កុក​ មាន​៧​ភូមិ​ ហើយ​មាន​កម្លាំង​ប្រជា​ការពារ​ចំនួន​៧៧​នាក់​ ។​
​ការ​ចុះ​រដ្ឋបាល​នេះ​ លោក​ ខ្ចង​ អូន​ បានឱ្យ​ដឹង​ថា​ ដោយ​អនុវត្ដ​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ មានការ​ចង្អុលបង្ហាញ​ពី​លោក​​ ហ៊ុន​ ណេ​ង​ អភិបាលខេត្ដ​កំពង់ចាម​ ក៏​ដូច​ជា​ការ​ណែនាំ​ពី​លោក​អភិបាលក្រុង​ ស្ដី​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ បាន​ជ្រើសរើស​ប្រជា​ពលរដ្ឋ​ស្ម័គ្រចិត្ដ​ចូលរួម​ជា​ប្រជា​ការពារ​ដោយ​លោក​ចៅសង្កាត់​បាន​កាត់​សម្លៀក​បំពាក់​និង​ប្រឡង់​ដៃ​ ចែក​ជូន​គ្រប់ៗ​គ្នា​ ហើយ​បែងចែក​ជា​៧​គោលដៅ​ មាន​ ក្រុម​ចល័ត​ខ្លះ​សម្រាប់​ការពារ​សន្ដិសុខ​សុវត្ថិភាព​ លើ​បញ្ហា​មាន​ករណី​ចោរ​ លួច​ ឆក់​ ប្លន់​ និង​ទប់ស្កាត់​ក្មេង​ទំនើង អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​ ។​
​លោក​ខ្ចង អូន​ បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ កន្លង​មក​កាលពី​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្ដិ​ទី​៣​ សង្កាត់​បឹង​កុក​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ឈ្នះ​លើសលប់​ ក៏​ដូច​ជា​ការ​គាំទ្រ​រូប​លោក​ជា​ចៅ​សង្កាត់​ ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​គ្រប់​ គ្រង​ ឬ​ជា​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ គឺ​មានការ​ទទួលខុសត្រូវ​ក្នុង​មូលដ្ឋាន​ផ្ទាល់​និង​តែងតែ​ខិតខំ​អភិវឌ្ឍន៍​ ពិសេស​ជួយ​សម្រួល​រាល់​ពាក្យបណ្ដឹង​និង​ឯកសារ​ ចុះហត្ថលេខា​ផ្សេងៗ​ ដោយ​មិន​ទាម​ទារប្រាក់​និង​បាន​គិតគូ​ពី​ភូមិ​-​ឃុំ​មាន​ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជំនឿ​និង​ទទួល​ភាព​កក់ក្ដៅ​មក​លើ​ថ្នាក់ដឹកនាំ​ ។​
​លោក​ លី​ ពៅ​ ដែល​ជា​ប្រជា​ពល​រដ្ឋ​រស់នៅ​ក្នុងភូមិ​បឹង​កុក​បាន​និយាយ​ថា​ មួយ​រយៈ​នេះ​បញ្ហា​សន្ដិសុខ​និង​អំពើ​លួច​ ឆក់​ ប្លន់​ ហាក់ដូចជា​មិនសូវ​កើតហេតុ​ បន្ទាប់​ពី​មាន​ក្រុម​ប្រជា​ការពារ​គាត់​ចុះ​ជា​ប្រចាំ​ ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ​ ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ពង្រឹង​សន្ដិសុខ​នោះ​ ។​ 
​លោក​​ ខ្ចង​ អូន​ បាន​លើក​ឡើង​ដែរ​ថា​ ជា​គោលការណ៍​លោក​ត្រៀម​ទិញ​វិទ្យុ​ ទាក់ទង​ផ្ដល់​ឱ្យ​កម្លាំង​ប្រជា​ការពារ​ក្នុង​១​ ក្រុម​១​គ្រឿង​ដើម្បី​ងាយស្រួល​ទាក់ទង​គ្នា​ក្នុង​ពេល​មាន​ហេតុការណ៍​កើតឡើង​ ៕