Friday, August 24, 2012

សមត្ថកិច្ច ចាប់ខ្លួនលោកផ្កាយពីរយោធា ឆែកភូមិគ្រឹះ រកឃើញថ្នាំញៀនជិត ១ គីឡូ

ភ្នំពេញ: ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស និង​ប៉េអឹម ដឹកនាំ​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ រួមមាន​ព្រះរាជអាជ្ញារង លោក គី ប៊ុណ្ណា​រ៉ា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ ដោយ​ចូល​ឆែកឆេរ​ភូមិគ្រឹះ​មន្ដ្រី​យោធា​ពាក់​ផ្កាយ​ពីរ​ម្នាក់ នៅ​បុរី​ជ្រោយ​បាសាក់ កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា ឆ្នាំ​២០១២ នៅ​ភូមិគ្រឹះ​លេខ​៤៤ ផ្លូវលំ ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ក្នុង​រឿង​ជួញ​ដូរ​គ្រឿងញៀន​នោះ ឈ្មោះ ចាន់ ឫទ្ធី​ឌី ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ឋានៈ​ជា​នាយរង​សេនាធិការ​កងទ័ពជើងគោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់ខ្លួន​នៅ​នឹង​ក្នុង​ភូមិគ្រឹះ  រួមជាមួយ​មនុស្ស​ប្រមាណ ៣០ នាក់​ផ្សេងទៀត​។ 

​បន្ទាប់ពី​ឃាត់​លោក​ផ្កាយ​ពីរ​រួចហើយ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ WY ចំនួន​ជាង ៤ ម៉ឺន​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​ប្រមាណ​ជាមួយ​គីឡូក្រាម​។​

​លោក​ព្រះរាជអាជ្ញារង គី ប៊ុណ្ណា​រ៉ា បាន​ឲ្យ​ដឹងថា មុននឹង​ឈានទៅដល់​ការចុះ​ឆែកឆេរ​ភូមិគ្រឹះ ដែល​សង្ស័យថា ស្ដុក និង​សម្រាប់​ចែកចាយ​គ្រឿងញៀន​នេះ គឺ​កម្លាំង​ជំនាញ​បាន​ស៊ើបអង្កេត​តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ទើប​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​ឧត្ដមសេនីយ៍ទោ​រូបនេះ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កិច្ចការ​នេះ មិនទាន់​បញ្ចេញ​របាយ​ការណ៍​មួយ​ជា​សាធារណៈ​នៅឡើយ​ទេ ពោលគឺ​ប្រតិបត្តិការ​នោះ ស្ថិត​ការ​ស្រាវ​ជាវ និង​កំពុង​ឆែកឆេរ​ទីតាំង​បន្តទៀត ដើម្បី​ស្រាវ​ជាវ​រក​បក្ខពួក​៕​