Friday, August 24, 2012

មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ៖ គ្មានសមាជិករាប់រយនាក់ នៅខេត្តកំពត ចុះចូលជាមួយគណបក្សសង្គ្រោះជាតិឡើយ

ភ្នំពេញ: ​មន្ត្រី​គណបក្ស នរោត្តម រណ​ឫ​ទ្ធិ ដែល​ប្តូរ​ទៅជា​គណបក្ស​ជាតិនិយម បាន​ច្រានចោល​នូវ​ដំណឹងដែលថា មាន​សមាជិកនៃ​គណបក្ស នរោត្តម រណ​ឫទ្ធិ ៣ ស្រុក នៅ​ខេត្តកំពត មាន​ចំនួន​រាយ​នាក់ ទៅ​ចុះចូល​ជាមួយនឹង “​គណ​ប្ស​សង្គ្រោះ​ជាតិ​” ដែល​គ្រោង​នឹង​កើតចេញ​ជា​រូបរាងនៅពេល​ខាងមុខនេះ​។​

​លោក សៅ រ៉ានី ប្រធាន​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បាន​ចេញមក​ផ្តល់​បទសម្ភាសន៍ ជាមួយ​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ដោយបាន​បញ្ជាក់​យ៉ាងនេះ​ថា "​ខ្ញុំ​មិន​បដិសេធថា អត់​មាន​អ្នក​ចាក​ចេញពី​គណបក្ស​នេះ​ទេ គឺមាន តែ​ជា​ឆន្ទៈ​របស់គេ ហើយ​ខាង​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ក៏មាន​រាប់រយ​នាក់ ដែល​ចូលមក​ជាមួយ​យើងខ្ញុំ​ដែរ តែ​យើង​មិនទាន់ធ្វើការ​ប្រកាស​ធំដុំទទួល​ពួកគាត់​នៅឡើយ​"​។​

​លោក សៅ រ៉ានី បាន​មានប្រសាសន៍​បន្តថា “​នេះ​ជា​ទិដ្ឋភាព​នយោបាយ​មួយ តែ​ការពិតនៅតែ​ជាការ​ពិត​អ៊ីចឹង ថ្នាក់ដឹកនាំ​ខេត្តកំពត ទាំង​ស្រុក​ ទាំង​ខេត្ត មក​ចូលរួម​សមាជ​នៅ​នេះ​អស់ហើយ ថ្ងៃនេះ ប៉ុន្តែ​ខ្ញុំ​មិន​បដិសេធថា អត់​ទេ គឺមាន​តិចតួច ដែលជា​សមាជិក​គាំទ្រ​ទេ មិនមែនជា​ថ្នាក់ដឹកនាំ រចនាសម្ព័ន្ធគណបក្ស​ទេ ពីព្រោះ​សមា​ជិ​គាំទ្រ ចេញចូល​​វា​អត់​មាន​ស្ថិតស្ថេរ​ទេ ថ្ងៃនេះ​ចូល​ខាង​នេះ ថ្ងៃនោះ​ចូល​ខាង​នោះ ប៉ុន្តែ​រចនាសម្ព័ន្ធ មិនបាន​ទៅ​ទេ គឺ​ទៅ​មានតែ​ម្នាក់ ពីរ​នាក់ ​អា​ហ្នឹង​ខ្ញុំ​ទទួលស្គាល់​”​។​

​មន្ត្រី​គណបក្ស​សមរង្ស៊ី​នៅ​ខេត្តកំពត បាន​អះអាងថា នៅ​ថ្ងៃទី​២៤ ខែសីហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​ទទួល​សមាជិក​មកពី​គណបក្ស នរោត្តមរណឫទ្ធិ នៅ​ខេត្តកំពត​ចំនួន​រាប់រយ​នាក់ មកពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​ដងទង់ ស្រុក​ឈូក និង​ស្រុក​ជុំ​គី​រី ដោយសារអ្នក​ទាំងនោះមិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះឡើយ​៕​