ភ្នំពេញ: សមត្ថកិច្ចបាននាំខ្លួន លោកផ្កាយពីរ ចាន់ ឫទ្ធីឌី ចុះទៅឆែកឆេរបន្តនៅ ភោជនីយដ្ឋាន រស្មីបឹងកេង ដែលមានទីតាំងស្ថិតនៅ ខាងត្បូង វិទ្យាល័យ ជាស៊ីម បឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដើម្បីស្វែងរកភស្តុតាងបន្ថែម។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស និងប៉េអឹម ដឹកនាំដោយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ រួមមានព្រះរាជអាជ្ញារង លោក គី ប៊ុណ្ណារ៉ា បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ដោយចូលឆែកឆេរភូមិគ្រឹះមន្ដ្រី យោធា ពាក់ ផ្កាយពីរម្នាក់ នៅបុរីជ្រោយបាសាក់ នៅភូមិគ្រឹះលេខ៤៤ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងរឿងជួយដូរគ្រឿងញៀននោះ ឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួននៅនឹងក្នុងភូមិគ្រឹះ រួមជាមួយមនុស្សប្រមាណ ៣០ នាក់ផ្សេងទៀត។
បន្ទាប់ពីឃាត់លោកផ្កាយពីររួចហើយ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ WY ចំនួន២០ស៊ុង ក្នុងមួយស៊ុង ស្មើ២២០០គ្រាប់ សរុបទាំងអស់ មានចំនួនជាង ៤ ម៉ឺនគ្រាប់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់ប្រមាណជាមួយគីឡូក្រាម។
លោកព្រះរាជអាជ្ញារង គី ប៊ុណ្ណារ៉ា បានឲ្យដឹងថា មុននឹងឈានទៅដល់ការចុះឆែកឆេរភូមិគ្រឹះ ដែលសង្ស័យថា ស្ដុក និងសម្រាប់ចែកចាយគ្រឿងញៀននេះ គឺកម្លាំងជំនាញបានស៊ើបអង្កេតតាមដានយ៉ាងយកចិត្ដទុកដាក់ ទើបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យ ជាឧត្ដមសេនីយ៍ទោរូបនេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចដែលចុះធ្វើកិច្ចការនេះ មិនទាន់បញ្ចេញរបាយការណ៍មួយជាសាធារណៈនៅឡើយទេ ពោលគឺប្រតិបត្តិការនោះ ស្ថិតការស្រាវជាវ និងកំពុងឆែកឆេរទីតាំងបន្តទៀត ដើម្បីស្រាវជាវរកបក្ខពួក៕