Friday, August 24, 2012

គ​.​ជ​.​ប ប្រកាស​ចំនួន​ស្ថិតិប្រជាជន និង​ការិយាល័យ​បោះឆ្នោត​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បានរៀបចំ​សន្និសីទ​សារព័ត៌មាន ប្រកាស​ចំនួន​ស្ថិតិប្រជាជន និង​ការិយាល័យ​បោះឆ្នោត ប៉ាន់ស្មាន​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដែល​បញ្ជី​បោះឆ្នោត​នេះ គឺជា​បញ្ជី​ដែល​ត្រូវយក​ទៅប្រើ​ប្រាស់ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​ចំនួន​ការិយាល័យ​ប៉ាន់ស្មាន​ដែល​បង្កើត​ថ្មី​មាន​ចំនួន ៨៣៥ សរុប​ទាំងអស់ ១៨.៩៤២ ដោយ​កាលពី​ឆ្នាំ​២០១១ មាន​ចំនួន ១៨.១០៧ ការិយាល័យ​។​

​នៅក្នុង​សន្និសីទ​នោះ លោក អ៊ឹម សួស្ដី ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ រយៈពេល​ចុះឈ្មោះ​ជាក់ស្ដែង​មាន ៤២ ថ្ងៃ គឺ​ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ហើយ​ការបិទ​ផ្សាយ​បញ្ជី​ដំបូង ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩-៣០ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យមើល ព្រោះ​អាច​បាត់ឈ្មោះ អាច​អ្នក​ចុះ​ហើយ​បាត់ឈ្មោះ អាច​ប្ដឹងតវ៉ា​ជំទាស់​ចំពោះ​បញ្ជី​ផ្សាយ​ដំបូង​នេះ ហើយ​សល់​ប៉ុន្មាន ក្រោយ​រយៈពេល ៤២ ថ្ងៃ គឺជា​រយៈពេល​ត្រូវ​ដោះស្រាយ​បណ្ដឹង ទាំង​បណ្ដឹង​បដិសេធ​ក្នុងពេល​ចុះឈ្មោះ ទាំង​បណ្ដឹង​ក្រោយ​បិទ​បញ្ជី​ដំបូង ដែល​ត្រូវ​ដោះស្រាយ​នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត ការដោះស្រាយ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​បណ្ដឹង​ដែល​ត្រូវ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ 

​លោក អ៊ឹម សួស្តី បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ គឺជា​ថ្ងៃ​ដែល គ​.​ជ​.​ប ត្រូវអស់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​នេះ ហើយ​បញ្ជី​បោះឆ្នោត​នោះ គឺជា​បញ្ជី​ដែល​ត្រូវយក​ទៅប្រើ​ប្រាស់ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣”​។​

​លោក​បាន​បន្តថា នៅក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប មាន​វិធានការ​ជាច្រើន ហើយ​ក៏មាន​សេចក្ដីណែនាំ​រួមជាមួយ​ក្រសួងមហាផ្ទៃ​។ វិធានការ​នោះ គឺ គ​.​ជ​.​ប បាន​ពង្រឹង​សហប្រតិបត្តិការ​ជាមួយនឹង​ស្ថាប័ន មន្ទីរ​ផ្សេងៗ​របស់​រដ្ឋ ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាជ្ញាធរ​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​សហការ​យ៉ាងណា ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដោយ​ត្រូវ​សម្អាត​បញ្ជី​ឲ្យ​បានល្អ បំផុស​ប្រជាពលរដ្ឋ​ឲ្យ​មក​ចុះឈ្មោះ​គ្រប់ៗ​គ្នា ហើយ​ជាពិសេស​ឲ្យ​មក​លុបឈ្មោះ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ចុះឈ្មោះ​លើសពី​មួយ​។​

​លោក អ៊ឹម សួស្ដី បាន​បន្ថែមថា គ​.​ជ​.​ប បាន​សុំ​សហការ​ជាមួយ​ក្រសួង​មួយចំនួន ដូចជា ក្រសួង​ព័ត៌មាន ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ថិតិ លោក អ៊ឹម សួស្ដី បាន​ឲ្យ​ដឹងថា យើង​បាន​តួលេខ​មួយចំនួន​មេឃុំ ចៅសង្កាត់​ផ្ញើមក ឃើញថា ចំនួន​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​មាន​ចំនួន ៦១៩.៦៣០ នាក់ ហើយ​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ១៤១.៤៦៧ នាក់​។ លោក​បាន​បញ្ជាក់ថា “​ឈ្មោះ​ដែល​ត្រូវ​លុបចេញ​នោះ គឺ​ឈ្មោះ​ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព ក្នុងនោះ អ្នក​ដែល​ស្លាប់​ត្រូវ​លុបឈ្មោះ​ចេញ អ្នក​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ និង​អ្នក​ដែល​ដកសិទ្ធិ​បោះឆ្នោត ដូច្នេះ​យើង​ត្រូវ​សម្អាត​បញ្ជី​តាមរយៈ​ហ្នឹង​”​។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចង់​ចូលរួម​អង្កេត​ការណ៍​ការបោះឆ្នោត ចំពោះ​អ្នក​អង្កេត​ការណ៍​ជាតិ អាច​ចុះឈ្មោះ​ពីថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១២ រហូតដល់​មុន​បោះឆ្នោត ៥ ថ្ងៃ ហើយ​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ អាច​ចុះឈ្មោះ​ពីថ្ងៃ​ទី​១៦ ខែសីហា រហូតដល់​ថ្ងៃ​បោះឆ្នោត គឺ​ត្រូវដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ចំពោះ​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ គឺ​ដាក់​ពីរ​ដំណាក់កាល នៅ​ដំណាក់កាល​ធ្វើបញ្ជី​បច្ចុប្បន្នភាព​ម្ដង និង​នៅ​ដំណាក់កាល​ពេល​បោះឆ្នោត ដែល​ត្រូវ​ចុះឈ្មោះ​ពីថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១២ សម្រាប់​ដំណាក់កាល​បច្ចុប្បន្នភាព និង​សម្រាប់​នៅពេល​បោះឆ្នោត គឺ​ចុះឈ្មោះ​ពីថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៣​។ 

​លោក​បាន​បញ្ជាក់ទៀតថា “​នៅពេល​ចុះឈ្មោះ​នេះ គណបក្សនយោបាយ​ត្រូវ​ចុះ​នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត អ្នក​ចុះឈ្មោះ​នៅ​ឃុំ​ណា ត្រូវ​ពិនិត្យមើល​នៅ​ឃុំ​នោះ ដែល​នៅ​ទីនោះ យើង​នឹងត្រូវ​បង្កើត​គណៈកម្មកា​រ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត សម្រាប់​ត្រួតពិនិត្យ​ការឃោសនា ចែក​ប័ណ្ណ​ព័ត៌មាន និង​ការងារ​ផ្សេងៗ នៅ​ថ្នាក់ឃុំ​-​សង្កាត់​”៕