Friday, August 24, 2012

សម្ភាសន៍​​ លោក​​បណ្ឌិត​ឈឹម ផលវរុណ ស្តីពី​ សម្ព័ន្ធ​ភាព​ ជាគណបក្ស​សំបក​របស់ កឹម សុខា និង សម រង្ស៊ី​​

ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២
លោក សត្យា រក្ស
          សំណួរ​៖ គណ​បក្ស​ប្រឆាំង​ទាំងពីរ​​ គឺ​ជាគណ​បក្ស​​ដែល​ប្រឆាំង​គ្នា​យ៉ាង​​ស៊ី​សាច់​ហុត​ឈាម​ជាទី​បំផុត ក្នុង​អតីត​កាល។ គណបក្ស​ប្រឆាំង​ទាំង​ពីរតែងតែ​​​ដណ្តើម​គ្នាជា​ជើង​ឯក​ប្រជា​ធិប​តេយ្យ​​​។ ម្នាក់ៗសុទ្ធ​តែជា​អ្នកប្រជា​ធិបតេយ្យ​ និងជា​​អ្នកស្នេហាជាតិ​ជាដើម។​ ប៉ុន្តែសកម្មភាព និង​អ្វី​ដែល​ជាទង្វើរបស់គេ គឺប្រហាក់​ប្រហែលគ្នា។​ គឺ​ថា គណបក្សសម រង្ស៊ី មកទល់​ម៉ោងនេះ ​គ្មាន​សមិទ្ធិផល​អ្វី​សម្រាប់​ជាតិ សម្រាប់​ប្រជាពលរដ្ឋទេ​។​​ចំណែក កឹម សុខា ដែល​ជា​គណបក្ស​តូច​តាច​ ដែលទើបនឹងបង្កើតថ្មីនេះ ក៏មិនទាន់​មានអ្វី​ដែលជាស្នាដៃ ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ផងទេ។​ ប៉ុន្តែអ្វីដែលពួកគេធ្វើ ដែលយើងថា​ប្រហាក់ប្រហែលគ្នា និងមានចរឹត​ដូចគ្នាខ្លះហ្នឹង គឺ​ថា​ទីមួយ​ គឺពួកគេដើរញុះញង់អុចអាលប្រជាពលរដ្ឋ ភូតកុហក់ និងដើរសន្យា ដូចគ្នា​។​ ចំណុច​នេះ​​ហើយ​​ដែល​​​ធ្វើឲ្យគណបក្ស​​ប្រឆាំងទាំងពីរនេះ ភ័យរៀងៗខ្លួន ខ្លាច​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា គណបក្សមួយ ជាគណបក្ស​ប្រជា​ធិប​តេយ្យពិត ឯ​គណបក្ស​មួយទៀត​ជា​គណបក្ស​ប្រជា​ធិ​ប​តេយ្យ​មិនពិត​។ ឥឡូវ​នេះ​ បន្ទាប់ពីអ្នកទាំងពីរ​នេះដឹងខ្លួនថា ខ្លួនកំពុងតែស្ថិតនៅក្នុងភាពអន្តរាយ នៅ​ក្នុងគណបក្ស​របស់ខ្លួន ដូចជា​ចរន្ធនៃ​ការចាកចេញ​ពីគណ​បក្សប្រឆាំងទាំងពីរនេះ មក​ចូល​រួម​ជា​មួយ​គណបក្សផ្សេង ជាពិសេស​មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ ។ ដូច្នេះហើយ​ដែល​ធ្វើ​ឲ្យ​​​គណបក្សទាំងពីរនេះ​ចុះខ្សោយ។
 នៅពេលដែលគេមើលឃើញថា ខ្លួនគេមិនមានសមត្ថភាព និងលទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ បោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ គេក៏បានទោរទន់​រកគ្នា ហើយបង្កើតបាននូវ​សម្ព័ន្ធ​មួយ​​ដែល​​ហៅ​ថា សម្ព័ន្ធប្រជាធិបតេយ្យសង្រ្គោះជាតិ ដែលយើងឃើញថា សូម្បី​សម្ព័ន្ធ​នេះ​ក៏​មាន​តែ​​សំបក​​នៅ​ឡើយ​ដែរ។​ ហើយថ្មីៗនេះ ពួកគេ​បានប្រកាសចេញជា​គណបក្សថ្មី​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​។ ត្រង់ចំណុចនេះ​សូម​លោកបណ្ឌិត​ជួយពន្យល់​ ថាតើពាក្យសង្រ្គោះជាតិ ឬក៏​គណបក្ស​​សង្រ្គោះ​​ជាតិ​របស់ សម រង្ស៊ី និងកឹម សុខា នេះ​សក្តិសមនឹងពេល​វេលា​ដែល​ត្រូវ​ប្រើ​ពាក្យ​បែប​នេះ​ដែរ​ឬ​ទេ​?​ ​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ពួកក្រុម​នេះ​ខូច និងពូកែ​​បោកប្រាស់ណាស់​។​ ទីមួយ គឺ​គេ​ពូកែ​រើស​ឈ្មោះ​ល្អៗ​មក​បិទ​​បាំង​​​ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មើលធ្លុះទៅដល់បេះដួង​ដ៏​ខ្មៅកខ្វក់របស់គេណាស់​។​​ ទីពីរ គឺ​គេ​​ប្រើ​ពាក្យ​ល្អ​​ដោយ​​បង្ហាញថា​គេមានឧត្តម​គតិ​ល្អ។
តើ កឹម សុខា និងសម រង្ស៊ី មាន​ល្បិចខូចនៅត្រង់ណា​?​ គឺការ​យក​ទ្រឹស្តីបទ​មកដាក់ ​រួម​គ្នា​ប្រើ​ឈ្មោះ​មួយដ៏ល្អ គឺចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ​ហើយទៅថ្ងៃមុខ បង្កើត​គណបក្ស​រួម​គ្នា​ ឈ្មោះគណបក្សសង្រ្គោះជាតិ។ ឈ្មោះសង្រ្គោះជាតិ គឺឈ្មោះល្អ​ គឺគេអត់​គិត​ទៅ​លើ​ភាព​ពិត​ជាក់​ស្តែង​ទេ​ គឺគេ​ដាក់​ដើម្បីកន្ត្រាក់​អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យចាញ់​បោក។​ បានន័យថា អូសទាញ​ប្រជា​ពលរដ្ឋ​ឲ្យទោរទន់​មករក ​​ឈ្មោះនោះ​។ ​គេ​ប្រើ​ពាក្យសង្រ្គោះជាតិ ជាឈ្មោះហើយ រួច​គេ​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ ហើយ​លើកថា​​​កម្ពុជានៅក្នុងជ្រោះមរណៈ​ យើងត្រូវតែជួយ​​​ពង្រឹង​អ្នក​ប្រជា​ធិ​ប​តេយ្យ​ អភិវឌ្ឍប្រទេស ។ល។ ឈ្មោះពិរោះៗណាស់ សុទ្ធតែពាក្យឧត្តមគតិ ប៉ុន្តែ​តាមពិត​ប្រជា​ធិ​បតេយ្យ​ពួកគាត់គឺគ្មានទេ​​ ។ គាត់អួតថា​បាន​អភិវឌ្ឍប្រទេស តើ​គាត់បានធ្វើអ្វីខ្លះ?​ ​ គ្រាន់​តែ​​​ការងារ​សភាគាត់មិនធ្វើផង។​ ពី​មួយអាណត្តិ ទៅមួយអាណតិ្ត គឺ​ពួកគេ​ដោះស្រាយ​តែ​រឿង​ពួក​គាត់​​ប៉ុណ្ណោះ​ ។
ឥឡូវ​យើង​ទាញ​ឲ្យចំទៅលើសម្ព័ន្ធភាព ​សម រង្ស៊ី​ និង កឹម​ សុខា ថាតើ​វា​សក្តិសម​នឹង​ប្រើ​ពាក្យ​សង្រ្គោះ​ជាតិ ឬ​អត់នាពេល​បច្ចុប្បន្ននេះ​?​ ឆ្លង​​តាមរយៈ ការបំភ្លឺដ៏ក្បោះក្បាយរ​បស់​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១២​កន្លងទៅ នៅ​ឯអង្គ​សភា​ជាតិ​ ដើម្បី​ជូនដល់ប្រជាជាតិឲ្យបានដឹងអំពីបរិបទនៃ​​ការកំណត់​​ព្រំដែន​កម្ពុជា-វៀតណាម។​ តើ​នៅពេល​ដែល​​ខាង​គណបក្ស​ប្រឆាំងគេ​ចោទប្រកាន់ថា កម្ពុជាយើងបាត់ដី ចោទប្រកាន់ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ថា ក្បត់ជាតិ ​។ល។នោះ​ ក្រោយ​ការ​បកស្រាយទើបយើង​បាន​ឃើញថា សុទ្ធតែ​រឿងភូតភរ​បោក​​កុហក់​ទាំងអស់​របស់​ សម រង្ស៊ី និង កឹម សុខា។ អញ្ចឹងបានយើងឃើញថា បន្ថែម​ទៅ​លើ​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល នៅអង្គសភា​យើងអាចដឹងថា គណបក្សសង្រ្គោះជាតិ គឺ​មិន​មែន​សង្រ្គោះ​ជាតិទេ ផ្ទុយទៅវិញ​គឺសង្រ្គោះ សម រង្ស៊ី និងកឹម សុខា ដើម្បី​បង្កើត​បាន​នូវ​នយោបាយ​បំផ្លាញ​ជាតិ។ អញ្ចឹងជំនួសសង្រ្គោះ​ជាតិគឺ បំផ្លាញជាតិ។ ​កាលពីគេនៅបែកគ្នា គេ​មិន​អាច​បំផ្លាញ​ជាតិបានច្រើនទេ អញ្ចឹងហើយគេ​បំផ្លាញ​រៀងៗខ្លួន។​ កឹ​ម សុខា បំផ្លាញ​តាម​មួយ​បែប​។​ចំណែក​ សម រង្ស៊ី បំផ្លាញតា​មមួយបែប។ ដល់ឥឡូវ​នេះ គេគិត​ថា បើមិនរួមគ្នាទេ យើង​បំផ្លាញ​ជាតិ​អត់​បាន​ទៀតទេ​ ព្រោះប្រជាពលរដ្ឋលែងជឿហើយ។​ ឥឡូវ​នេះ​​រឿងព្រំដែន រឹត​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លែងជឿថា នយោបាយបំផ្លាញជាតិរបស់ កឹម សុខា និង សម រង្ស៊ី ទោះ​ចងក្រង​គ្នា​ទៅ​ជា​គណបក្ស​តែមួយ​ក៏ចប់​ហើយដែរ​។ ខ្ញុំហ៊ាននិយាយថា ពាក្យសង្រ្គោះជាតិ​នយោបាយ​សង្រ្គោះ​ជាតិ​ របស់គណបក្សប្រឆាំង គឺជានយោបាយដែលហួសរដូវកាល ឬក៏ហួសកាលៈ​ទេសៈ​របស់​កម្ពុជា​ហើយ​។ គេចោទថា កម្ពុជាយើងកំពុងស្ថិតនៅក្នុងអន្លុងមរណៈ​ បាត់បង់ទឹកដី។ យើង​មើល​​ខ្នាតដែល​យើងដឹងតួរលេខចាំរត់មាត់ទាំងអស់គ្នាគឺ​ ១៨១,០៣៥ គ.ម ហើយ​គេ​ចោទ​ថា​​បាត់​។​ ឥឡូវ​គំនូស​​ដែលយើង​សម្រេចជា​បន្តបន្ទាប់ ជាជំហានៗ យើងអាចរកឃើញរហូតដល់ ១៨១,៣១២ គ.ម និងបួនរយជាងរហូត​ដល់​ ប្រាំមួយ​រយ​ជាង​ទៅ​តាម​លទ្ធផល​ជាក់ស្តែង​មួយ​ផ្សេង​ទៀត​។ អញ្ចឹងបានសេចក្តីថា អ្វីដែលគេថា នឹងបាត់បង់ទឹកដី វាលែងពិតហើយ ផ្ទុយ​ទៅ​វិញ​យើង​រក្សា​បាន​នូវគំនូស​ពិតប្រាកដ ផ្អែកលើមូលដ្ឋានគតិ​យុត្តិអន្តរជាតិ ហើយយើងមានប​ច្ចេក​វិទ្យា​ត្រឹម​ត្រូវដើម្បី​វាស់ គណនារកឲ្យ​ឃើញតម្លៃពិតជាក់ស្តែងនៃក្រឡាផ្ទៃ​នៃ​ប្រទេសម្ពុជា។ ត្រង់​ហ្នឹង​ គឺនយោបាយរបស់កឹម សុខា និង​ សម រង្ស៊ី គ្មានអ្វីក្រៅពី​នយោបាយ​បំផ្លាញ​ជាតិទេ។ បំផ្លាញជាតិ ឲ្យប្រទេសជាតិវឹកវរ ឲ្យប្រទេសជាតិច្របូកច្របល់ ឲ្យប្រជាពលរដ្ឋភន្ត័​ច្រឡំ ហើយ​ការ​អូស​ទាញ​កន្លងមកបានមួយចំនួនប៉ុណ្ណោះ​។​ ប៉ុន្តែខ្ញុំជឿថា ពេលវេលា​ពីពេល​នេះទៅ​រហូត​ដល់ថ្ងៃ​បោះឆ្នោត​​រដ្ឋសភា​ ថ្ងៃ ២៨​ ខែ​កក្កដា ឆ្នាំ​២០១៣ គឺទោះបី​អ្នក​ទាំងអស់​នោះ​​រួមគ្នា​បាន​ក៏​ដោយ​ សរុបទៅវិញគឺគាត់ប្រាកដ​ជាបានត្រឹមតែសម្លេង តិចតួច​ដែល​ប្រជាពលរដ្ឋ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ​ចំពោះ​នយោបាយ​ទុច្ចរិត​របស់​​​ពួកគាត់​នេះ​ឯង។
-មតិលោក សត្យា រក្ស
អ្វីដែលយើងមើលឃើញជាបន្តទៀត សម្រាប់គណបក្សប្រឆាំងនៅកម្ពុជានេះ ឃើញថា ដូច​លោកបណ្ឌិត​បានមានប្រសាសន៍ គឺយើងឃើញថារឿងឈ្មោះវាមិនជាសំខាន់ទេ។ ឧទាហរណ៍​ជាក់ស្តែង ដូចជាយើង​និយាយថា នំបុ័ងឋានសួគ៌ទៅចុះ ប៉ុន្តែប្រសិនណា នំបុ័ង​នោះ​វា​ជូរ​ផ្អូម​ វាទទួលទានមិនកើត ទោះបីជាយើង​ដាក់ឈ្មោះនំបុ័ងហ្នឹង​ ជានំបុ័ងឋានសួគ៌ ឬក៏​នំបុ័ង​ព្រះឥន្ទ​ ក៏វាមិនអាចទៅរួចដែរ។ គណបក្សប្រឆាំងនៅ​កម្ពុជា គណបក្សសម រង្ស៊ី និង កឹម សុខា នេះ បានន័យថា ជាមនុស្សដែលបានលក់កិត្តិយសរបស់ខ្លួន​ដែលប្រជាពលរដ្ឋ​បានឃើញ​នូវ​ចរិត​ដែល​មិនថ្លៃថ្នូរ​របស់ពួកគាត់នេះ​រួចទៅ​ហើយ ហើយដែលរឹងរឹតតែ​ឃើញ​ចរិត​មិនថ្លៃថ្នូរ​របស់​ពួក​គាត់​ហ្នឹង​កាន់តែច្បាស់ក្រឡែតថែមទៀត​ គឺព្រឹត្តិការណ៍ថ្ងៃទី ០៩ ដែល ​សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ ហ៊ុន សែន​ លោកអញ្ជើញទៅបំភ្លឺ​អំពីបញ្ហាព្រំដែនដោយមាន​អំណះអំណាង​ជាក់លាក់ មាន​អ្នកបច្ចេកទេសត្រឹមត្រូវ ចូលរួមពន្យល់ និងបំភ្លឺទៅដល់អស់លោក​គណបក្សប្រឆាំង ដែល​យើង​ឃើញ​នូវ​ធាតុពិតនោះ គឺត្រង់ថា គណបក្សប្រឆាំងនេះ គឺចោទប្រកាន់​ទាំង​ងងឹតងងុល គ្មាន​ភស្តុតាង​ គ្មានអ្វីដែលជាការបញ្ជាក់ច្បាស់លាស់នោះទេ។ សូម្បីតែប្រមុខរាជរដ្ឋាភិបាល​ក៏​លោក​បាន​មានប្រសាសន៍ដែរថា​ « បើអ្នកឯងថាផែនទីហ្នឹង​វាខុស ចុះអាណាអាត្រូវនោះ » នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​​ប្រជាពលរដ្ឋ​លោកទះដៃអបអរសារទរ​ និងគោរពទៅដល់ភាពអត់ធ្មត់ និង​ភាព​ធន់ទ្រាំ​នូវ​ការប្រមាថ​មើល​ងាយពីសំណាក់ពួកប្រឆាំង ដែល​ចោទប្រកាន់​ទាំងងងឹត​ងងុល​មកលើ​សម្តេច​អគ្គ​មហាសេនាបតី។
សំណួរ ឥឡូវ​​នេះយើងងាកទៅមើលសម្ព័ន្ធភាពនោះ​វិញ។​ តើ​លោកបណ្ឌិត​យល់​ឃើញ​ថា​ គណបក្សថ្មីរបស់ កឹម សុខា និង​សម រង្ស៊ី អាចនឹងទទួលជ័យជំនះឬ​ទេ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ទីមួយសួរថា គណបក្សហ្នឹង​កើតបាននីត្យានុកូលភាពពិតប្រាកដឬ​អត់?​ ពីព្រោះ​ពួក​គេ​នេះ​កំពុងនឹង​ត្រៀម​ប្រសិនបើគេបង្កើតអត់បាន គេនឹងចោទប្រកាន់រដ្ឋាភិបាល​ ថា​រដ្ឋាភិបាល​ ឬក៏គណបក្សប្រជាជន​កម្ពុជា​ខ្លាចគេ។ គេប្រើទ្រឹស្តី​មួយគេហៅថា ពេល​ដែល​គូរសត្រូវ​របស់​យើង​​វាយ ឬក៏ថាយើងធ្វើខុស បាន​ន័យ​ថាយើងនឹងធ្វើត្រូវហើយ។ គេថា បើគូរ​សត្រូវ​របស់​យើង​តិះទៀនយើង គឺតិះទៀនទៅលើអ្វីដែលយើង​ចង់​ធ្វើ គឺថា​នោះ​ហើយ​ជា​របស់​ដែល​យើង​ចង់​ធ្វើ​​ គឺ​ពិតជាត្រូវហើយ ។ ឥឡូវ​បើសិនជា នយោបាយ​បញ្ឆេះកំហឹង​ប្រជាពលរដ្ឋ ឲ្យ​មាន​ការបែងចែកសង្គម វណ្ណៈ ហើយនឹងបញ្ឆេះកំហឹងឲ្យមាន កំហឹងឆាប​ឆួល​ទៅ​នឹង​នយោបាយ​ជាតិ​និយម​ស្អប់នឹងប្រជាជាតិជិតខាង។​ វាគួរណាស់តែសម រង្ស៊ី ​ធ្វើពីដើម​ឡើយមក​។​​ កាលពី​​មិនទាន់រួមគ្នាហ្នឹង​ វាគួរតែបានសន្លឹកឆ្នោតច្រើន តែ​វាទៅជា​មិនបានទៅវិញ​។​​ចំណែក​ កឹម​ សុខា ដែល​បន្តវេនពីគណបក្សលោកតា សឺន សាន យើងគិតមើល គណបក្ស​ប្រជាធិ​បតេយ្យ​សេរីនិយមព្រះពុទ្ធ​​សាសនា​ របស់លោកតា សឺន សាន នោះ ដែល​ជេរ​យួន​ ចោទ​ប្រកាន់​រដ្ឋាភិបាល​​សាធារណរដ្ឋប្រជាមានិត​កម្ពុជា ឬរដ្ឋាភិបាលអតីតរដ្ឋកម្ពុជា សុទ្ធតែជា​ អាយ៉ង​យួន​នោះ​។ គណបក្សលោកតា សឺន សាន បានតែ​១០កៅអីប៉ុណ្ណោះ​ ក្នុង១២០ អាសនៈ នៃ​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៣ ហើយពេលនោះ​អ៊ុន​តាក់ ជាអ្នកត្រួតពិនិត្យ​ តិចថា គ.ជ.ប លួចសន្លឹក​ឆ្នោតទៅ​គឺមិនមែនទេ​។​ កាលហ្នឹង​គឺ អ៊ុនតាក់ ទេណា ហើយបានតែ ១០កៅអីទេ​ ហើយ​ហ៊្វុន​ស៊ីន​ប៉ិច​​ របស់នរោត្តមរណឫទ្ធិ​កាលនោះជេរតិចជាងគណបក្សលោកតា សឺន សាន ទេ។ តើ​ហេតុអី​បាន​ជា​គណបក្ស​លោកតា សឺន សាន ជើងឯកខាងជេរយួន ជេររដ្ឋាភិបាល ជេរ​គណបក្ស​ប្រជាជន​កម្ពុជា បានតែ​១០កៅអី?​ ដល់ជេរមែនទែន​ដល់អាណត្តិទី ២ បោះឆ្នោតឆ្នាំ​២០០៨ ១០កៅអី​ធ្លាក់​មកនៅក្រោមសូន្យ។​ បានន័យថា សូន្យកៅអីហើយងាប់​បណ្តោយ​គណបក្ស​មួយ​ហ្នឹង​។ ​ ចុះឥឡូវ​ កឹម សុខា ដែល​បន្តនយោបាយរបស់​គណបក្ស​លោក​តា សឺន សាន យក​នយោបាយ​បញ្ឆេះ​កំហឹងជាតិនិយមមកនិយាយ​តទៀត វាគួរណាស់ កឹម សុខា មិនមែន​បាន ៣​កៅអី​​ទេ​កាលពីឆ្នាំ ២០០៨ វាគួរតែ កឹម សុខា ដែលគេអួតថា ​បាន៥៨ ទៅជាង៦០ នោះ​ ម៉េច​ក៏​អត់​បា​ន​ គឺ​បានតែ៣កៅអី​។ ​អញ្ចឹងសរុប​មកវិញដូចលោក សត្យារក្ស លើកឡើងហ្នឹង​ បើ​សិន​គេ​២​នាក់​នោះ​ អាចរួមគ្នាបង្កើតគណបក្ស​មួយឈ្មោះអីក៏ដោយ ដាក់​ឈ្មោះ​ឲ្យពិរោះ​ជាង​សង្រ្គោះ​ជាតិ​ក៏​បាន ឬក៏ស្អីស្រេចតែចិត្តទៅចុះ សួរថា តើមាន​សង្ឃឹមឈ្នះឬ​ទេ? សម រង្ស៊ី និង​ កឹម សុខា ដឹង​ច្បាស់​ណាស់ គឺអត់ឈ្នះទេ។​ ព្រោះគេនិយាយមក​គឺ​ដឹងថា​អត់ឈ្នះទេ ប៉ុន្តែគេខ្លាចចាញ់ មិន​មែន​ចង់​និយាយ​ថា ខ្លាចចាញ់គណបក្សប្រជាជនទេ ខ្លាច​ចាញ់​ជួបជោគវាសនាដូចលោកតា សឺន សាន និងគណបក្សហ្វ៊ុនស៊ីនប៉ិច ពីព្រោះ កឹម សុខា មើលឃើញថា ១០កៅអីលោកតា សឺន សាន នៅ​តែ​បានសូន្យ​ ចុះត្រឹមតែ ៣កៅអី កឹម សុខា ទប់មិន​ជាប់ទេ​។​ ហើយ សម រង្ស៊ី ដឹង​ហើយ​ថា​ឆ្នាំ​ ២០០៣ បាន ២៤កៅអី ដល់២០០៨ បាន២៦កៅអី លើសតែ២កៅអីទេ​។ ក្នុងស្ថានភាព​ដែលគណបក្សហ្វ៊ុនស៊ីនប៉ិចបែកបាក់គ្នា វាគួរណាស់​តែអ្នកគាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ កាលជំនាន់​សម្តេចក្រុមព្រះ ងាកមកបោះឲ្យ សម រង្ស៊ី ហើយ រឿងអីអត់ ឡើង​បាន​តែ​ ២កៅអី ហើយស្រាប់តែនៅ​ភ្នំពេញចាញ់កាលពីឆ្នាំ​ ២០០៨។ ត្រង់នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ទោះបីគេអាចមានសមត្ថភាពត្រូវគ្នាបង្កើត​បានគណបក្សមួយជុំគ្នាក៏ដោយ ប៉ុន្តែ​ទណ្ឌកម្ម​របស់​ប្រជា​ពលរដ្ឋ នឹង​ដាក់យ៉ាងខ្លាំងសំពងរួមគ្នា លើ​នយោបាយឆ្គួតលីលារបស់ កឹម​ សុខា និង សម​ រង្ស៊ី។ ខ្ញុំអត់ថាមនុស្សឆ្គួតទេ តែនយោបាយនោះ​ឆ្គួតលីលា។​​ការ​បំភ្លឺ​ជូន​ប្រជាជាតិ​ខ្មែរ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលនៅឯប្រជុំពេញអង្គសភា គឺ​យើង​មើល​ទៅ​គណបក្ស​ប្រឆាំង​នេះ និយាយភូតភរ ពិសពុលទាំងអស់តែម្តង រឿងព្រំដែនកម្ពុជាវៀតណាម។ ឥឡូវ​កុំឲ្យថា យើងចេះតែចោទប្រកាន់គេ យើងមើល​ឯកសារ​ដែលយើង​គូសវៀស​ព្រំដែន​សព្វថ្ងៃ​នេះ គឺ​អត់មានពឹងផ្អែកទៅលើឯកសារណាក្រៅពីកាលជំនាន់អាណានិគមនិយមបារាំងនោះទេ​ ហើយ​មិនតែ​ប៉ុណ្ណោះ​ដែលគេឧស្សាហ៍តែចោទប្រកាន់អី ថា​កិច្ចព្រមព្រៀង​រវាង​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​ និង​សាធារណរដ្ឋសង្គមនិយមវៀតណាម កាល​ទសវត្សទី ៨០ អីណា បាត់​បង់​ដី​ ហើយរហូតដល់គេ​ខឹង​ក្តៅក្រហាយរឿងស្អី សន្ធិសញ្ញាបន្ថែម។ ឥឡូវ​ការ​បកស្រាយ​របស់​សម្តេច​ប្រមុខ​រដ្ឋាភិបាល គឺច្បាស់​ហើយបើផ្អែកទៅលើរដ្ឋធម្មនុញ្ញ គឺជា​ចំនុចខ្សោយ​មួយ​ដែល​យើង​ពិបាក​នឹង​ធ្វើការដោះស្រាយ ជាផល​ប្រយោជន៍ជាតិ។ អញ្ចឹងហើយដោយសារយើង បាន​មូលដ្ឋាន​សន្ធិសញ្ញាកាលជំនាន់ទសវត្សទី ៨០ ហើយសន្ធិសញ្ញាបន្ថែម ពេលព្រះរាជាណាចក្រទី ២ យើងនេះ ទើប​យើងបានមូលដ្ឋាននោះ​ទៅជជែកជាមួយ​សម​ភាគីវៀតណាម គឺ​យក​នូវ​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង ឬព្រំដែនមិនកែប្រែមុនឆ្នាំ ១៩៥៤។​ បានន័យ​​ថា យើង​អាច​ប្រើ​សន្ធិសញ្ញា ឬក៏ផែនទីមុនឆ្នាំ ១៩៣៣ ​បាន ឯរដ្ឋធម្មនុញ្ញកំណត់ត្រឹម ១៩៣៣ មកឆ្នាំ​បន្ទាប់ទេ​។ អញ្ចឹង​បានន័យថា អ្វីដែលគណបក្សប្រឆាំងគិតតែពីការចោទប្រកាន់នឹងរហូតដល់ចោទប្រកាន់​ស្អី​ណា​សន្ធិសញ្ញា​យើង ទសវត្សទី ៨០ សន្ធិសញ្ញាបន្ថែម គឺជា​ការខាតបង់នោះ​ គឺឥឡូវ​ប្រជា​ពលរដ្ឋ​យល់​​ហើយ​ ហើយអ្នកទាំងអស់នោះ​ទេ ដែលកំពុង​ធ្វើនយោបាយ​ឆ្គួតលីលា​របៀប​បំផ្លាញ​ជាតិ ហើយនយោ​បាយឆ្គួតលីលាហ្នឹង​ តើ​ដោយសារអ្វី គឺ ដោយសារ​ខ្លួនគ្មាន​សមត្ថភាព​ក្នុងការ​ប្រកួត​ប្រជែង​ ហើយគ្មានសមត្ថ​ភាព​ប្រកួតប្រជែង​ជាមួយ​នឹង​បេក្ខភាព​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​។​ ត្រង់នឹង​ហើយដែលគេឈ្នានីស តាំងពីបេក្ខភាពទៅទៀតនោះ ឥឡូវ​ឈ្នានីស​បេក្ខភាព​​ វាមិនបានហើយ ពីព្រោះ​វា​ជាសិទ្ធិស្វ័យសម្រេចរបស់គណបក្សសាម៉ី​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ ឥលូវគេប្រើវិធីចោទ​ប្រកាន់សម្តេចនាយករដ្ឋមន្ត្រីសុទ្ធតែ​ថា ក្បត់ជាតិ។ ឥឡូវ​យើង​ចាំ​មើលថា​ អ្នកណាក្បត់ជាតិពិតប្រាកដ។ តាម​ពិតយើងមិនចង់ប្រើពាក្យអស្សុរសនេះ​ទេ ពាក្យក្បត់ជាតិនេះ​ល្មមចប់ហើយ។
-មតិលោក សត្យា រក្ស
ត្រង់ចំនុចនេះ​យើងឃើញថា វាមិនខុសអីពីសុភាសិតខ្មែរមួយឃ្លាទេដែលពោល​ថា​​«ឈ្លោះគ្នា​ក្នុង​គ្រួសារ​​ដូច​ហែកកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់ បង្ហាញ​ចោរ»។ ចំនុចនេះយើងឃើញថា​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏​លោក​បាន​បង្ហាញ​នូវ​ការសោកស្តាយមួយចំនួនដែរ ប៉ុន្តែ​ការបកស្រាយ​កិច្ចការ​សំងាត់​ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន​នេះ គឺទាមទារឲ្យសម្តេចធ្វើការពន្យល់ និង​បំភ្លឺ​ទៅដល់ជនរួ​មជាតិ ពីព្រោះ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ហ្នឹង​ ចោតមកលើសម្តេចទាំងងងឹតងងុលពេក​ដែលលោកពិបាកទ្រាំ ប៉ុន្តែ​ក៏​ជា​ការ​ល្អ​ផងដែរ ព្រោះ​យើងឃើញថា នៅពេលប្រជាពលរដ្ឋបានដឹង បានឃើញ​នូវ​ការពិត​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋ ដែលកំពុងតែយល់ច្រឡំជឿគណបក្ស​ប្រឆាំងនោះ​ គឺ​ងាក​មក​ដាក់ទណ្ឌកម្ម​ទៅលើ​គណបក្សប្រឆាំង​វិញ ហើយកាន់តែសម្តែងនូវការអាណិត​អាសូរ និង​ការគោរពទៅលើតួនាទី​ និងភារៈកិច្ចដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុង​តែ​​ធ្វើ​កិច្ចការ​ដើម្បីបម្រើជាតិនេះឯង។
សំណួរ៖​ នៅមានចំនុចមួយទៀត ជុំវិញសម្ព័ន្ធនេះដដែល​ ជាទូទៅ​ប៉ុន្មានឆ្នាំមុននេះ និយាយ​ឲ្យចំ ៥ទៅ៦ខែមុនសម្ព័ន្ធភាពរវាង កឹម​ សុខា និងសម រង្ស៊ី គឺ គង់ គាំ​បានប្រកាសហើយ ហើយរួមជាមួយនឹងលោក សម រង្ស៊ី ផ្ទាល់ក៏បានប្រកាសដែរ​ថា កឹម សុខា នេះគឺ​​ជា​គណបក្ស​ចំបើង​ទេ ហើយគាត់ចាត់ទុកថា គណបក្សសម រង្ស៊ី ​ជាចង្កឹះ អញ្ចឹងគាត់អះអាងថា ចំបើង​យក​មក​ចង​ជាមួយ​នឹងចង្កឹះ​វាអត់រឹងទេ​។​ បានន័យថាវាបានត្រឹមតែរំខាន វាបានត្រឹមតែ​ធ្វើឲ្យ​បាត់បង់​សម្ភស្ស​​នោះ​ទេ​ ព្រោះអីចង្កឹះយកទៅរុំជាមួយនឹងចំបើង​ ជួយចង្កឹះមិនបានទេ​។ ប៉ុន្តែ​អីឥឡូវ​នេះ បែរជា​ សម រង្ស៊ី ខ្លួនឯង​រួមជាមួយនឹងមន្ត្រី​គណបក្ស សម រង្ស៊ី ខ្លួនឯង​​កំពុងតែយកចំបើង​​​​មក​ចង​ជា​មួយ​ចង្កឹះ​ទៅវិញ​។ ដូច្នេះ​សូម​លោកបណ្ឌិតធ្វើការ​បំភ្លឺ​ជុំវិញ​ភាពឡប់ឡែរ​ របស់គណបក្សសម រង្ស៊ី នេះ​បន្តិច​បាទ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖  ឥឡូវនេះ លោក សម រង្ស៊ី កំពុង​សង្រ្គោះខ្លួនគាត់ រីឯ​ កឹម សុខា ក៏​សង្រ្គោះ​ខ្លួន​គាត់​មួយ​បែប​ផ្សេងដែរ​។ ​លោក សម រង្ស៊ី​ ដឹងច្បាស់ណាស់ថា លើកនេះគាត់គ្មានឱកាសចូល​ប្រទេស​កម្ពុជា​ទេ តែមិនមែនបាន​ន័យថា រដ្ឋាភិបាលហាមលោក សម រង្ស៊ី ទេ​ គឺលោក សម រង្ស៊ី អត់ហ៊ាន​មក​ខ្លួន​ឯង ដោយសារគាត់ប្រព្រឹត្ត​អំពើខុសច្បាប់​ជាមួយនឹងច្បាប់ជាតិ។ អញ្ចឹងលោក សម រង្ស៊ី ដឹងថា បរទេស​ជួយគាត់ក៏អត់បានដែរ សូម្បីតែជួរថ្នាក់​ដឹកនាំគណបក្ស សម រង្ស៊ី ដែល​ធ្លាប់​អួត​ក្អេងក្អាង​ថា នឹងមកឆាប់ៗ​ ដោយ​គាត់និយាយនៅវិទ្យុអន្តរជាតិ​ភាសាខ្មែរជាច្រើន​នោះ​ ក៏​មិនអាច​ជួយ​​មេរបស់គាត់បានដែរ យើងសុទ្ធតែថតទុក។ គាត់ថានឹងវិលមកឆាប់ៗ។​ មក​ដល់​ពេល​នេះ​ ឆាប់ៗឯណាប៉ុន្មានឆ្នាំហើយ ជិតដល់​បោះឆ្នោតទៀតហើយ​។​ អញ្ចឹងសម រង្ស៊ី ដឹងថា​គាត់​មក​អត់បានទេ​ ហើយបើគាត់មកអត់បាន ដូចជាហុចឱកាសឲ្យ​ កឹម សុខា អញ្ចឹង​ ពីព្រោះ​មេរៀន​នៃ​លទ្ធផលបោះឆ្នោត​ឃុំសង្កាត់ថ្ងៃទី ០៣ មិថុនា ឆ្នាំ២០១២ គឺជាការដែលធ្វើឲ្យ សម រង្ស៊ី ​ភ័យខ្លាចឆ្នាំ​ ២០១៣ កឹម សុខា យកបានទៀត។ ឯរឿង កឹម សុខា ទៅយកពីគណបក្សប្រជាជន​គឺ​មិន​អាច​យក​បាន​ទេ ។
លោកសត្យា រក្ស
សំណួរ​៖ អញ្ចឹងមានន័យថា លោក សម រង្ស៊ី គឺគាត់​ដឹងពី​សមត្ថភាព​ផ្ទាល់​របស់​សមាជិក​ សមាជិកា របស់គាត់​ដែលកំពុងតែធ្វើកិច្ចការជំនួសគាត់នៅភ្នំពេញ គឺ​ចង់និយាយថា គណបក្ស​សម រង្ស៊ី បើអត់ពី​ សម រង្ស៊ី ​គណបក្សនោះ​នឹងរលាយ ឬយ៉ាងម៉េច​?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​ គាត់ធ្លាប់អួតថា បើ​អត់សម រង្ស៊ី ក៏នៅតែរឹងមាំដែរ​។ ប៉ុន្តែ​បើ​និយាយឲ្យចំបើអត់ កឹម សុខា អាហ្នឹងពួកគាត់​​មិនសូវភ័យទេ តែគាត់មិនហ៊ាននិយាយ ព្រោះ​កឹម សុខា ជា​គូ​សត្រូវ​ជាមួយ​គាត់។ ការពិត​ទៅគាត់មិនមែនជាគូប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជា​ទេ មិន​មែន​ជាមួយ​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ស​ម្តេចនាយកទេ គឺគូ​ប្រកួតរបស់ សម រង្ស៊ី គឺ កឹម សុខា។​ មិនមែនប្រកួតក្នុងន័យថា ស្មើគ្នាទេតែ​​គាត់ខ្លាច កឹម សុខា យកសម្លេងពី សម រង្ស៊ី នៅ​ក្នុង​​ឱកាស​ដែល​ សម រង្ស៊ី ជឿជាក់ខ្លួនឯងថា មិនអាចវិលត្រឡប់មកកម្ពុជាវិញបាន​។
ទីពីរ ការរួម​គ្នា​នេះ គឺ​ដើម្បីពូនបានទៅជា​សម្លេង​គណបក្សប្រឆាំងតែមួយ ដើម្បី​ឲ្យ​ឮ​ខ្លាំង​បន្តិច​ ដើម្បី​ទៅនិយាយ​ជាមួយ​បរទេសម្តងទៀត ព្រោះកន្លងមក​ កឹម សុខា ប្រឆាំងនៅស្រុកខ្មែរ ក្រោម​ស្លាក​គណបក្ស​សិទ្ធិមនុស្ស ឯសម រង្ស៊ី នៅក្រៅប្រទេសប៉ុន្តែ មាន​គណបក្ស​ប្រឆាំង​របស់​គាត់​​នៅឯកម្ពុជា។ អញ្ចឹងបរទេសអត់សូវយកចិត្តទុកដាក់គណបក្សសម រង្ស៊ី​ ទេ ពីព្រោះ​គេ​ទទួល​ស្គាល់​ថា គាត់ប្រព្រឹត្តខុសច្បាប់ ហើយមួយទៀតគេថា បើអត់គណបក្សសម រង្ស៊ី ក៏អាច​មាន​គណបក្ស កឹម សុខា ដែរ ដែលជា​គណបក្សប្រឆាំង។ អញ្ចឹង សម រង្ស៊ី ដឹងថាបរទេសគិតថា អត់ រង្ស៊ី ក៏នៅ​មានគណបក្ស​ប្រឆាំងដែរ។ គាត់ខ្លាចបានលទ្ធផល​ហ្នឹង​ទៅ កឹម សុខា ទើប​គាត់​រួម​ជា​មួយ​ កឹម សុខា ដើម្បីទៅនិយាយ​ជាមួយបរទេសម្តងទៀត ថាជួយខ្ញុំ​ផងលើកនេះពួក​យើង​​រួម​គ្នា​ហើយ។​ អញ្ចឹងហើយបានជា​ទុកបាន​ប៉ុន្មានថ្ងៃ ឃើញគាត់ទៅក្រៅប្រទេសនោះ។​ ការ​ទៅ​ក្រៅ​ប្រទេស​នេះ​ គាត់ថា​ទៅពឹងអាមេរិក និងទៅពឹងអង្គការ​សហប្រជាជាតិ តើ​ពឹងរឿងអី?​ រឿងគាត់ឲ្យមកស្រុកខ្មែរវិញឬ​?​ តែលើកនេះ ក៏ដូច​លើកមុនៗដែល​គាត់ធ្លាប់​ទៅពឹង​ប​រទេស​ក្នុង​នាម​ សម រង្ស៊ី ជាប្រធានបក្សសម រង្ស៊ី ដែរ​។ ឥឡូវ​នេះ​បានកូនក្អាត់មួយទៅជាមួយ ពូកែស្រែក​ដូច​​ក្អាត់​ក្នុងក្អម។​ កឹម សុខា គឺជា​កូនក្អាត់ទេ មិនស្មើនឹងក្រឡនតនផង ​បាន​ទៅ​មួយ​ទៀត​គ្រាន់​ទៅ​ជួយ​ស្រែកជា​មួយ​ សម រង្ស៊ី ឲ្យបានឮ​ខ្លាំងបន្តិច ក្រែង​មានសង្ឃឹមដូចកាលលើកមុន។​ ប៉ុន្តែ​យើង​ចាំ​មើល​ទៅ ថា​គណបក្សដែលគេរួមគ្នាជាពីរហ្នឹង​ រឺក៏ជាសម្ព័ន្ធភាពស្អីគេហ្នឹង​ តើអាច​ប្រែប្រួល​នូវ​ស្ថានភាព​បច្ចុប្បន្នឬអត់​?​ប៉ុន្តែ​ តាមពិត​វាជាការដែល​​ពួកគេនោះ​កេងចំណេញគ្នាទេ។​ តាមពិត កឹម សុខា ក៏មិនមែនទៅចង់រួមជាមួយ សម រង្ស៊ី ដែរ ឬ​ចង់ទៅចុះចូលជាមួយ​សម រង្ស៊ី​ដែរ ​ ហើយ​ក៏មិនមែន​ស្រលាញ់​ សម រង្ស៊ី ដែរ។ ចំណែក​​ សម រង្ស៊ី ក៏មិនមែនស្រលាញ់ កឹម សុខា ដែរ​។ សម រង្ស៊ី ចង់បាន កឹម សុខា ពីព្រោះ​ខ្លាច កឹម សុខា ចង់បានសម្លេងពីគណបក្សសម រង្ស៊ី។​ អញ្ចឹងពេលដែលលើកមុនគាត់ស្រែកថា រួបរួមៗ រង្ស៊ី មិនព្រមរួបរួម ពេលនោះ​គាត់​ចំណេញ​បាន​ប៉ុន្មានម៉ឺន​សម្លេង។ ​ហើយឥឡូវ​នេះ គាត់ដឹងថា រង្ស៊ី មកអត់បានទេស្រុកខ្មែរ អញ្ចឹង​ឲ្យ​រង្ស៊ី ធ្វើប្រធានទៅ ប្រធានក្រៅប្រទេស​។ ចំណែក​ប្រធានមែនទែន កឹម សុខា អង្គអញ​នៅ​ស្រុក​ខ្មែរ ហើយនៅពេលដែល រង្ស៊ី មកស្រុកអត់បាន តើនរណា​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ យោងតាមច្បាប់បោះឆ្នោត យោងតាមរដ្ឋធម្មនុញ្ញ ចង់ធ្វើនាយក​រដ្ឋមន្ត្រី ទាល់​តែ​អ្នកឯង​ជាប់ជាតំណាងរាស្ត្រ។​ បានសេចក្តីថា មានតែអ្នកជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមកពី​គណបក្ស​ឈ្នះឆ្នោតលំដាប់លេខមួយទេ​ ទើបអាចធ្វើនាយករដ្ឋមន្ត្រីបាន ឬក៏យើង​និយាយ​ឲ្យ​ងាយស្តាប់​ គឺ​​គណបក្សឈ្នះឆ្នោតរើសឥស្សរជនរបស់ខ្លួន ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​ដែល​ជាប់​ឆ្នោត​ ឲ្យធ្វើនាយក​រដ្ឋមន្រ្តី។​ ចុះបើ សម រង្ស៊ី គាត់ជាទណ្ឌិត គាត់បាត់បង់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ អញ្ចឹងគាត់មិន​អាចជាប់​ជា​តំណាងរាស្ត្រទេ ហើយបើគាត់អត់​ជាប់ជា តំណាងរាស្ត្រ​លោក សម រង្ស៊ី ក៏មិន​អាចធ្វើនាយករដ្ឋមន្ត្រី​ស្រមោលដែរ​ បើសិនជាសង្ឃឹម ដល់ថ្នាក់នោះ​ គឺ​ច្បាស់​ជា​អត់ហើយ។ កឹម សុខា ដឹងថា អង្គអញជា​តំណាង​រាស្ត្រគឺបានមួយដែរ អញ្ចឹង​បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ អញ្ចឹងខ្លួនសង្ឃឹមស្រមើ​ស្រមៃ អាចធ្វើជា​បេក្ខជននាយករដ្ឋមន្រ្តីបាន​។​ ឯ សម រង្ស៊ី ច្បាស់ជា​អត់ហើយ នេះបើ​យោងតាមច្បាប់។ ដូច្នេះ​ហើយទើប​ កឹម សុខា ត្រូវ​តែ​ចាប់​ដៃ​​ជា​មួយ​ សម រង្ស៊ី ព្រោះដឹងថា គណបក្សសម រង្ស៊ី ដុនដាប ទាន់ពេលគណបក្សសម រង្ស៊ី ដុនដាប​ក្នុង​កាលៈទេសៈដែល សម រង្ស៊ី ជាទណ្ឌិត អញ្ចឹងខ្លួនត្រូវតែកេងចំណេញ។ ត្រង់នេះ​ហើយ​ ទោះបីបង្កើតជា​គណបក្សរួមគ្នាក៏ដោយ ជម្លោះនៃការដណ្តើមអំណាចផ្ទៃក្នុងគណបក្សថ្មី រវាង កឹម សុខា និង សម រង្ស៊ី នៅ​មានតទៅទៀត។​
លោក សត្យា រក្ស
សំណួរ បន្ទាប់ពីគេបានបង្កើត​ឈ្មោះ​គណបក្សថ្មីរបស់គេ​គឺ​ សង្រ្គោះជាតិ នោះ ​គណបក្ស​​ប្រឆាំងទាំងពីរនេះគឺតែងតែចាប់អារម្មណ៍​និងតែងតែពឹងផ្អែកទាំងស្រុង ទៅលើបរទេស ​គឺ​​មួយម៉ាត់ណាក៏បរទេសដែរ​ សូម្បីតែ សម រង្ស៊ី នេះត្រូវជាប់គុក ក៏គេថាពឹងបរទេសឲ្យនាំ សម រង្ស៊ី​ចូល​ស្រុកដែរ​។ ប៉ុន្តែមកទល់​ម៉ោង​នេះ គឺ​មិនដែលមានបរទេសណា គេផ្តោតអារម្មណ៍ ឬក៏​គេ​ចាប់​​អារម្មណ៍ ឬក៏គេឈឺឆ្អាលជាមួយនឹង លោក សម រង្ស៊ី ដែលមិនបានវិលមកក្នុងស្រុកនោះទេ ដោយសារ​ គេមើលឃើញថា សម រង្ស៊ី គឺជាមនុស្ស​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ទៅ​នឹង​ច្បាប់​របស់​ព្រះរាជា​ណាចក្រកម្ពុជា​។ តើ​ចរឹត​អ្នកនយោបាយ​ខ្មែរ ដែលកើតជម្ងឺបរទេសនិយម ដូច សម រង្ស៊ី ដូច កឹម សុខា នេះ វា​ជាផ្នែកមួយនាំឲ្យប្រទេសជាតិ​បោះជំហាន​រីកចម្រើន​ទៅ​មុខបាន​ឬទេ​​?​
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ពួកគេតែងតែចោទគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាអាយ៉ង​ ប៉ុន្តែការពិត គឺ​ពួក​គេ​នោះ​ទេ​ដែលកំពុង​តែធ្វើ​នយោបាយ​​អាយ៉ង​នោះឯង​។ បើនិយាយអំពីឯករាជ្យ​នៃ​នយោ​បាយ​​​ជាតិ​​របស់​គណបក្សនីមួយៗវិញ​គឺ​ គណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី​ គឺ​គ្មាន​​ភាព​ឯករាជ្យ​ជាតិ​នោះទេ​ ពីព្រោះពួកគេ​គ្មានជំហរ​​ឈរជើង​ចំពោះកម្លាំង​ជាតិ​របស់​ខ្លួននៅ​កម្ពុជា​​ផង​នោះ​ ​ពួកគេសម្លឹងឃើញ​តែបរទេស​ប៉ុណ្ណោះ គឺអណ្តាត និងដៃរបស់ពួកគេ គឺ​សម្លឹង​ទៅ​តែ​អាមេរិក​ និង អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ ។​ ខ្មែរ និងខ្មែរ ដែលឈ្លោះគ្នា​កាលពីមុននោះ​ គឺ​ដោយ​សារ​តែ​ការពឹង​បរទេស រឿងបរទេស​​លូកដៃ រឿង​ពិភពលោក​បែងចែក​ជា​ប្លុកពីរ​ នៃ​មនោគមន៍​វិជ្ជានយោបាយ​​ សង្គ្រាម​ត្រជាក់​។ ចំពោះកិច្ចព្រមព្រៀងទីក្រុងបារីស ក៏​មិន​អនុញ្ញាតិ​​ឲ្យ​​​បរទេស​​ណា​​មករំលោភ​​អធិបតេយ្យភាព​អំណាច​ នៃរដ្ឋអធិបតេយ្យរបស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ជាដាច់ខាត​។ ដូច្នេះ រង្ស៊ី និង កឹម សុខា កំពុងតែធ្វើនយោបាយល្ងីល្ងើ​ច្រឡំឆ្នាំ ច្រឡំ​ទសវត្ស​​រ៍​​ហើយ​។ ប្រសិនបើកម្ពុជា និងពិភពលោក​កំពុងតែថិតនៅក្នុងមុន​ឆ្នាំ១៩៩០ នោះ​ទើប​អាច​​ទៅ​ពឹង​បរទេស​បាន ប៉ុន្តែពេលនេះគឺគ្មានបរទេសណា​មកហ៊ានរំលោភ​កិច្ច​ព្រមព្រៀង​​សន្តិភាព​​​ទីក្រុង​បារីស​ ដើម្បីបង្ខំឲ្យលោក សម រង្ស៊ី ប្រឆាំងនឹងច្បាប់ ដើម្បីឲ្យរដ្ឋាភិបាល​កម្ពុជា​លុប​​​ច្បាប់​​ចោល​​​​នោះទេ​​​។ ចំណុចមួយទៀតគឺ តើអង្គការសហ្រជាជាតិ​ឯណា ដែល​ហ៊ាន​ទៅ​ទទួល​ លោក សម រង្ស៊ី​?​ តើអាណត្តិ​របស់ អ ស ប សម្រាប់បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភព​លោក​​​ សម្រាប់ជួយនយោបាយរបស់ សម រង្ស៊ី ឬសម្រាប់​ការពង្រឹង​នូវកិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាមួយបណ្តាប្រទេសនានាលើសកលលោក​?​ ដូច្នេះភារៈកិច្ច​របស់ អ ស ប មិនមែន​ដើម្បី​​មកជួយ លោក សម រង្ស៊ី​ មករំលោភ​ដែន​សមត្ថកិច្ច​នៃអំណាច​​តុលាការ​កម្ពុជា​ទេ​​។ យើង​អាច​សន្និដ្ឋាន​បានថា នយោបាយ​បរទេស​និយម​​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី កំពុង​​ធ្វើ​នេះ គឺជា​​នយោបាយ​​កំពុង​​បំផ្លាញ​ឯករាជ្យ​​ជាតិ​ ក្នុងន័យ​ជា​ប្រទេសកំពុង​មាន​អធិបតេយ្យ​ផង និង​ កំពុង​បំផ្លាញ​​ឯករាជ្យ​​ជាតិ ក្នុងន័យ​ជា​គណបក្ស​​ផ្ទាល់រៀងៗ​ខ្លួន​ទៀត​។​ ដូច្នេះ​បើ កឹម សុខា និង សម រង្ស៊ី រួម​គ្នា​ ហើយ​នៅតែ​អនុវត្ត​នូវ​នយោបាយ​បរទេស​និយម​ គឺ​ពួក​​គេ​ច្បាស់​​ជា​ធ្វើ​នយោបាយ​​អត្តឃាត​​ហើយ​ គឺពួក​គេកំពុង​បញ្ចប់​អត្តសញ្ញាណ​ខ្លួនឯង​សម្រាប់​​ជាគណបក្ស​​កម្ពុជា​ ហើយ​នៅពេល​ដែលលែង​ជាគណបក្ស​​សម្រាប់កម្ពុជា ប្រជា​​ពលរដ្ឋ​​ខ្មែរ​ ដែល​​ជាម្ចាស់​ឆ្នោត ក៏លែង​ទៅបោះឆ្នោត​​ឲ្យ​គណបក្ស​ប្រឆាំង​​ដែល​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិខ្លួន​ឯងនោះ​ទេ​៕​​​

សម្រង់ព័ត៌មាន លោក នូសាវុធឌី