Friday, August 24, 2012

រដ្ឋាភិបាល ប្រគល់​ភារកិច្ច ឲ្យ​អាជ្ញាធរ​ទន្លេសាប ការពារ​ព្រៃ​លិច​ទឹក​

ភ្នំពេញ: ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ត្រូវបាន​រាជរដ្ឋាភិបាល ធ្វើ​ការសម្រេច​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ទន្លេសាប ជា​អ្នកការពារ និង​គ្រប់គ្រង​ដោយផ្ទាល់ បន្ទាប់ពី​មាន​រឿងអាស្រូវ កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​កំពង់ធំ រួចមក​។​

​ប្រភព​ព័ត៌មាន​ដ៏​គួរ​ទុកចិត្ត​មួយ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ ថា តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប មាន​ទំហំ​ប្រមាណ​ជា ៦៤ ម៉ឺន​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​អាជ្ញាធរ​ទន្លេសាប ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ហើយ បន្ទាប់ពី​មាន​រឿងអាស្រូវ នៅក្នុង​ខេត្ត​កំពង់ធំ​រួចមក​។​

​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ បានបញ្ជាក់​ថា ការសម្រេច​នោះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​លេខ​៩០២ ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​បាន​លើកឡើង​យ៉ាង​ស៊ីជម្រៅ​បំផុត អំពី​ករណី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ហើយ​អាជ្ញាធរ​ទន្លេសាប ត្រូវតែ​ធ្វើ​ការពារ​ឲ្យខាងតែបាន ចំពោះ​ព្រៃ​លិច​ទឹក​ទាំងអស់ នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​បាន​កំណត់​រួច​នៅក្នុង​អនុក្រឹត្យ​។​
​    ​
​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា លិខិត​លេខ​៩០២ បាន​សម្រេច​ឲ្យ​អាជ្ញាធរ​ទន្លេសាប ត្រូវធ្វើ​ការរំលាយ​អាងទឹក​ទាំងអស់ ក្នុង​តំបន់​បី​ដោយ​គ្មាន​កំណត់​ពេលវេលា​។ សិក្សា​អាងទឹក ដែល​មាន​នៅក្នុង​តំបន់​ពីរ ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​លេខ​១៩៧ ដែល​ត្រូវ​កំណត់ថា តើ​អាងទឹក​ណាខ្លះ​ត្រូវ​រំលាយ​ចោល​និង អាងទឹក​ណាខ្លះ​គួរ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្ត​។ ត្រូវ​បន្ត​អប់រំ ឲ្យ​រដ្ឋអំណាច​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​​ព្រៃ​លិច​​ទឹក​​ក្នុង​តំបន់​ពីរ និង​តំបន់​បី និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យធ្វើ​ស្រែចម្ការ តែ​ក្នុ​តំបន់​ដែល​គាត់​ធ្លាប់​បាន​ធ្វើ ឬ​ទទួលបាន​ការអនុញ្ញាត ហើយ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​បី​ជា​ដាច់​ខាត​។​
​    ​
​មន្ត្រី​ក្រសួង​ធនធាន​ទឹក​មួយ​រូប បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ ថា ដីស្រែ​ចម្ការ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើ​នៅក្នុង​តំបន់​បី នៃ​បឹង​ទន្លេសាប ត្រូវ​បាន​កាត់​ឃ្វាល​ជូន​ពួកគាត់​រួចរាល់​អស់ហើយ​។ តំបន់​បី​នៃ​បឹង​ទន្លេសាប ដែល​ជា​តំបន់​ព្រៃ​លិច​ទឹក​ត្រូវ​បាន​ការការពារ​ដោយ​អនុក្រឹត្យ និង​បាន​បោះបង្គោល​ព្រំដែន​កំណត់​រួចហើយ ដោយ​អាជ្ញាធ​រទ​ន្ល​សាប ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​។​
​    ​
​ទោះជា​យ៉ាងណា​ក៏​តំបន់ ដែល​ត្រូវបាន​ការការពារ​ដោយ​អនុក្រឹត្យ​ហើយ​នេះ នៅតែ​ត្រូវបាន​គេ​រំលោភ​យក​ជា​បន្តបន្ទាប់​ជា​ទ្រង់ទ្រាយ​ធំ​ថែម​ទៀត ទើប​រាជរដ្ឋាភិបាល សម្រេច​ជា​ថ្មី ឲ្យ​អាជ្ញាធរ​ទន្លេសាប​ត្រូវតែ​ធ្វើ​ការការពារ​ឲ្យបាន​៕​