Friday, August 24, 2012

លោក សៅ រ៉ានី ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ជាតិនិយម ដែល​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​នរោត្តម រណឫទ្ធិ

ភ្នំពេញ: ទី​បំផុត​ទៅ លោក សៅ រ៉ានី ត្រូវបាន​អង្គសមាជ ជ្រើសតាំង​ដោយ​លើកដៃឲ្យ​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​ជាតិនិយម ជំនួស​សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ​។ គណបក្ស​ជាតិ​និយម បាន​ប្តូរ​ឈ្មោះមកពី​គណបក្ស​នរោត្តម​រណឫទ្ធិ តាមរយៈ​សមាជ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​

លោក សៅ រ៉ានី ធ្លាប់ជាអគ្គលេខាធិការគណបក្សនរោត្តមរណឫទ្ធិ ហើយក្រោយពី​មាន​ជម្លោះផ្ទៃក្នុង និងមានការលាឈប់ពីសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រមទាំងលោក ឈឹម សៀកឡេង ពីប្រធានស្តីទីគណបក្សនរោត្តមរណឫទ្ធិ កាលពីថ្ងៃទី១០ និងថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១២ លោក សៅ រ៉ានី បានឡើងជាប្រធានស្តីទីគណបក្ស​នរោត្តម​រណឫទ្ធិ។

​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ជួបជុំ​ថ្នាក់ដឹកនាំ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ធ្វើ​សមាជ​ប្តូរ​ឈ្មោះ​គណបក្ស ជា​គណបក្ស​ជាតិ​និយម​។ ការផ្លាស់ប្តូរ​ឈ្មោះ​ជាថ្មី​ម្តងទៀត​ដូច្នេះ បាន​ធ្វើឡើងក្រោយពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ បានប្រកាស​លាឈប់​ពី​ឆាកនយោបាយ​។​

​សមាជ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ទួលគោក នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដឹកនាំ​ដោយ​លោក សៅ រ៉ានី ប្រធានស្តីទី​គណបក្ស​នរោត្តម រណឫទ្ធិ ដោយ​មាន​ការចូលរួម​ពី​គណៈកម្មការ​នាយក​គណ​បក្ស​ប្រមាណ ៤៥០ នាក់​។ ក្រៅពីនោះក៏​មាន​វត្តមាន​របស់​លោក កែវ ពុធ​រស្មី អគ្គ​មគ្គុទេ្ទសក៍​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​លោក ទេព ន​ន្នរី អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​ក្នុង​សមាជ​គណបក្ស​នរោត្តម​រណឫទ្ធិ​ផងដែរ​។​

​ការធ្វើ​សមាជ​របស់​គណបក្ស​នរោត្តមរណឫទ្ធិ នៅថ្ងៃនេះ ក៏​ដើម្បី​ត្រៀមខ្លួនដើម្បី​ទៅ​រួបរួម​ជាមួយនឹង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​គ្រោង​នឹង​ធ្វើ​សមាជ​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ផ្លាស់ប្តូរ​លក្ខន្តិកៈ​មួយ​ចំនួនឈានទៅរក​ការរួបរួម​រវាង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( គណបក្ស​នរោត្តម​រណឫទ្ធិ ) ក្នុង​ក្របខ័ណ្ឌ​ហ្វ៊ុន​ស៊ិនប៉ិច សម្រាប់​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣​។​

​ក្នុង​អង្គសមាជ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​សៅ ​រ៉ានី ប្រធានស្តីទី​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ប្រកាស​ពី​ការរួបរួម​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​នរោត្តម​រណឫទ្ធិ នៅក្រោម​ស្លាក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច សម្រាប់​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​។ ក៏​ប៉ុន្តែ​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះពី​គណបក្ស​នរោត្តម រណឫទ្ធិ មិន​រំលាយ​ទេ ដើម្បី​រក្សា​កៅអី​នៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ តែ​ថ្នាក់​ដឹកនាំ​គណបក្ស​ជាតិ​និយម នឹង​ទៅ​ធ្វើ​សកម្មភាពនិង​ឈរឈ្មោះក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​រូប​សញ្ញា​គណបក្ស​ជាតិ​និយម ក៏​បាន​ផ្លាស់ប្តូរ ដោយ​ជំនួស​មកវិញ​នូវ​រូប​សញ្ញា វិមានឯករាជ្យ ជំនួស​ព្រះភ័ក្ត្រ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​នៅ​កណ្តាល​ផែនទី​ប្រទេស​កម្ពុជា​៕​