Friday, August 24, 2012

គម្រោង​អភិវឌ្ឍន៍​តំបន់​អូ​ឡាំ​ពិ​ក​នឹង​ក្លាយទៅជា​តំបន់​ដែល​មាន​សក្តានុពល​ខាង​ពាណិជ្ជកម្ម​

ភ្នំពេញ​​ ៖​ លោក ​ឃួ​ង​ ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខែសីហា​​ថា ​ការ​អភិវឌ្ឍ​តំបន់​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​វិនិយោគ​ចំនួន​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ​ដែល​គេ​រំពឹង​ថា​ តំបន់​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សក្តានុពល​ពាណិជ្ជកម្ម​ថែម​ទៀត​ ។​
លោក​ ឃួ​ង​ ស្រេង​  បាន​មាន​ប្រសាសន៍​ថា​ទំហំ​វិនិយោគ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​អូ​ឡាំ​ពិ​ក​ គឺ​ចំនួន​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ ។​ លោក​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ​នៅ​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​តំបន់​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ តំបន់​អូ​ឡាំ​ពិ​ក​នេះ​នឹង​ក្លាយជា​តំបន់​មួយ​ដែល​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា ​ព្រមទាំង​ជួយ​លើក​សោ​ភ័​ណភាព​រាជធានី​ភ្នំពេញ​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ។​ លោក​បន្ដ​ថា ​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ដោយ​លោក​មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​នេះ​មាន​ផែនការ​ច្បាស់លាស់​ ។​
​លោក​ ស៊ឹង​ ប៊ុ​ណ្ណា​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ទីភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​ ដើម្បី​អភិវឌ្ឍន៍​តំបន់​អូ​ឡាំ​ពិ​ក​នេះ​ ហើយ​លោក​បាន​ចាត់​ទុក​តំបន់​នេះ​ថា ​ជាទី​តាំង​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​ដ៏​ល្អ​ដែល​មាន​ដង់ស៊ីតេ​ ប្រជាជន​រស់នៅ​ច្រើន​ ។​
​សូម​បញ្ជាក់​ថា​កាលពីដើម​ខែសីហា​នេះ​ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ បាន​ព្យាករណ៍​ថា​ការ​សាងសង់​សំណង់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១២​នេះ​នឹង​មានការ​កើនឡើង​យ៉ាង​ពិតប្រាកដ​ ដោយ​ចាត់​ទុក​ថា​ ឆ្នាំ​ ២០១២​ នេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ការ​អនុវត្ត​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ។​
​ការ​ព្យាករណ៍​បែប​នេះ ​គឺ​បាន​កើតឡើង​ស្រប​ពេល​ដែល​កម្ពុជា​ទទួល​ទុន​វិនិយោគ ​លើ​វិស័យ​សំណង់​បាន​រហូត​ដល់​ទៅ​៨៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយ​:​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១២​ នេះ​ គឺ​កើន​ចំនួន​ ៣៦,១៦​ ភាគរយ​   ។​ 
​សូម​បញ្ជាក់​ថា​ គម្រោង​អភិវឌ្ឍ​តំបន់​អូ​ឡាំ​ពិ​ក​នេះ​ គឺ​ត្រូវ​បង្កើត​ឡើង​លើ​ដី​ទំហំ​ ៨០​ ម៉ឺន​ ម៉ែត្រការ៉េ​ ក្នុង​រយៈពេល​ ៥​ទៅ​ ៦​ ឆ្នាំ​ ។​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ បានឱ្យ​ដឹង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​អភិវឌ្ឍ​ដី​ទំនេរ​ខាងជើង​ និង​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ជាមួយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​កាលពី​ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​  រួច​មក​ក្រុមហ៊ុន​នេះ​បាន​ជួយ​ធ្វើការ​ពង្រីក​ផ្លូវ​ឧកញ៉ា​ទេព​ផ​ន​ (១៨២)​ បន្ថែម​ទទឹង​ ៤​ ម៉ែត្រ​ ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរ​នានា​។​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​នោះ​ក្រុមហ៊ុន​មាន​ទិស​ដៅ​ក្នុង​ការ​បង្កើត​ផ្សារ​ទំនើប​ធំ​មួយ​នៅ​តំបន់​ខាងលើ​នេះ​គឺ​សណ្ឋាគារ​មាន​ចំនួន​៤០០​ បន្ទប់​អគារ​ពាណិជ្ជកម្ម​កម្ពស់​៥៥​ ជាន់​ដែល​មាន​ ២​ជាន់​ ក្រោម​ដី​សម្រាប់​ចំណតរថយន្ត​ផ្ទះ​អាជីវកម្ម​ខ្នាត​តូច​ចំនួន​ ១៧០​ផ្ទះ​និង​ខុន​ដូ​ ១៧០០​ផង​ដែរ​   ៕