Wednesday, August 8, 2012

នាយករដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាជន ប្រុងប្រយ័ត្ន​គ្រោះទឹកជំនន់ នៅ​ឆ្នាំ​នេះ​

ខេត្តកំពង់ធំ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា ពិសេស​អ្នក​រស់នៅ​តាម​ដង​ទន្លេ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើតឡើង​ជា​ថ្មី នៅ​ឆ្នាំ​នេះ​។ 

​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​កាន់​ក្រុង​ព្រះវិហារ នា​ព្រឹក​​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "​ខ្ញុំ​ព្រះ​ករុណ​ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ ត្រូវ​ប្រុងប្រយ័ត្ន​នូវ​គ្រោះ​ធម្មជាតិ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។ ករណី​ខ្យល់ព្យុះ និង​ករណី​ទឹកជំនន់​។ ទឹក​បាន​ចាប់ផ្តើម​ហក់​ឡើង កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ឥឡូវ​នៅ​ស្ទឹងត្រែង ក្រចេះ ចាប់​ស្រក់ តែ​នៅ​ភ្នំពេញ​បន្ត​ឡើង​បន្តិច​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ដែល​ហៅថា ឆ្នាំ​រោង ទឹក​មិន​ដែល​ចេះ​តូច​ទេ គឺ​ទឹកធំ​"​។​

​នៅលើ​ទឹកដី​ខេត្ត​កំពង់ធំ ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា "​ឆ្នាំ​ទៅ​ទឹកធំ ហើយ​អ្នក​ដែល​​គ្រោះថ្នាក់​ជាងគេ គឺ​អ្នក​កំពង់ធំ​តែម្តង​។ មូលហេតុ មក​ពី​កំពង់ធំ ក្នុង​រងគ្រោះ​ពីរដង​ផ្ទួនៗ​គ្នា ព្យុះ​កេត​សាណា នៅ​ឆ្នាំ​២០០៩ និង​ទឹកជំនន់ ២០១១ ហើយ​ម្យ៉ាង​ទៀត ទឹក​ឡើង​ពី​ទន្លេសាប និង​ទន្លេ​មេគង្គ មកទល់​គ្នា តាម​ផ្លូវជាតិ​លេខ ៦​។ តែ​យើង​បាន​ដាក់បទបញ្ជា​នៅពេលនោះ គឺ​មិនឲ្យ​មាន​ប្រជាជ​នណាម្នាក់ ស្លាប់​ដោយ​អត់បាយ​ទេ ទោះ​ជា​អ្នករងគ្រោះ​រាប់លាន​នាក់​ក៏ដោយ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាស​ពី​ការសម្រេច ផ្អាក​ការសាងសង់​ផ្លូវ​មួយចំនួន នៅតាម​តំបន់ ដែល​ព្យាក​រថា នឹង​មាន​ទឹកជំនន់​ជាថ្មី នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​រយៈពេល​ប៉ុន្មាន​អាទិត្យ​ខាងមុខ ឬក៏​មួយ​ខែ ទៅ​មួយ​ខែ​កន្លះ​ខាងមុខនេះ​។ ការសម្រេច​ផ្អាក​ការដ្ឋាន​នោះ ដើម្បី​កុំឲ្យ​ខាត​បង់​ថវិកា ជួសជុល សាងសង់​ផ្លូវ ដោយសារ​តែ​ទឹកជំនន់​ជាថ្មី​។ ក៏​ប៉ុន្តែ​បើ​មិន​មាន​ទឹកជំនន់​ទេ រដ្ឋាភិបាល​នឹង​ជំនួយ​ការសាងសង់​នោះ ឲ្យបាន​លឿន​ជាង​មុន​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ក៏បាន​លើក​ឡើង​ថា "​នៅ​តាម​ដង​ទន្លេមេគង្គ ដង​ទន្លេសាប និង​តំបន់​មួយចំនួន ដែល​ធ្លាប់​មាន​ជំនន់ ត្រូវតែ​មាន​ការប្រុងប្រៀប តំបន់​ទី​ទួល​សុវត្ថិភាព​ឲ្យបាន​ម៉ត់​ចត់​។ អ្នក​កំពង់ធំ​នេះ ទីទួល​សុវត្ថិ​មាន​មួយ​ចំនួន ហើយ​មួយចំនួន​ទៀត គាត់​នៅ​រាយប៉ាយ​។ បទ​ពិសោធន៍​ឆ្នាំ​២០១១ បាន​បន្សល់​ទុក​ឲ្យ​យើង នូវ​ការរៀបចំ​បែបណា​? រាប់​ទាំង​យើង​មាន​ការប្រជុំ​រវាង​រាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល ហើយ​មាន​វិដេអូ​ឡាញ គ្រប់​ខេត្ត​ក្រុង​ទាំងអស់​។ គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​បាន​ផ្សព្វផ្សាយ​ពី​គោលការណ៍​នេះ តាម​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​តំបន់​គោលដៅ រួច​ហើយ​ដែរ​។ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​។ ការពារ​ប្រសើរ​ជាង​ការព្យាបាល​"​។ 

​សម្តេច​ហ៊ុន​សែន បាន​គូសបញ្ជាក់ថា "​អីចឹង​ទេ យើង​ការពារ​ទុកជាមុន​។ ព្យាករ​ទុក​ជាមុន ហើយ​សូម​ស្នើ​ឲ្យ​វិទ្យុ​ទូរទស្សន៍​ទាំង​អស់ រាប់ទាំង​វិទ្យុ​របស់​គណបក្សប្រឆាំង មេត្តា​ជួយ​ផ្សព្វផ្សាយ​អំពី​អាកាសធាតុ ដែល​វា​ជា​ការចាំបាច់​ណាស់ ដើម្បី​ឲ្យ​ប្រជាជន ទទួលបាន​ព័ត៌មាន​ពី​អាកាសធាតុ​នេះ​។ ការផ្សាយ​នេះ ឲ្យបាន​ញឹកញាប់​បន្តិច ជា​ការល្អ​។ វិទ្យុ​ជួយ​ផ្តល់​ព័ត៌មាន ជួយ​ដល់​អ្នកធ្វើដំណើរ​តាម​រថយន្ត និង​ប្រជាកសិករ​។ នេះ​ជា​ប្រយោជន៍​ទាំងអស់គ្នា មិន​គិត​ថា ខាង​ណា ឬ​ខាង​ណា​ទេ​"៕