Wednesday, August 8, 2012

កម្ពុជា​​ប្រារព្ធ​ខួប​៤៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​អាស៊ាន​

កម្ពុជា​​ប្រារព្ធ​ខួប​៤៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​អាស៊ាន​
កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ នៅ​ឆ្នាំ​២០១២​នេះ ​​កម្ពុជា​បាន​រៀប​ចំ​ប្រារព្ធ​ពិធី​ខួប​លើក​ទី៤៥ ​នៃ​ថ្ងៃ​បង្កើត​អាស៊ាន​(ASEAN Day) ​នៅ​ថ្ងៃ​ទី​០៨​ ខែ​សីហា ​ឆ្នាំ​២០១២​​នេះ ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។
ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ​ណាំ​ហុង ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ ​បាន​ធ្វើ​ជា​អធិបតី​ភាព ​ក្នុង​ពិធី​បង្ហូត​ទង់​អាស៊ាន​ នៅ​ព្រឹក​ថ្ងៃ​ទី២៨​ខែ​សីហា ​ឆ្នាំ​២០១២​ នៅ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​។

គួរ​បញ្ជាក់​ថា សមាគម​ប្រជាជាតិ​អាស៊ី​-អាគ្នេយ៍​​ (Association of Southeast Asian Nations) ដែល​ហៅ​កាត់​ថា  អាស៊ាន​ (ASEAN) គឺ​ជា​អង្គ​ការ​នយោបាយ ​និង​សេដ្ឋកិច្ច​មួយ​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​អាស៊ីអាគ្នេយ៍ ​ ។​ អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៨ សីហា ឆ្នាំ​១៩៦៧ ដោយ​រួមមាន​ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី។

បន្ទាប់​ពីប្រជុំ​កំពូល បាលី  ឆ្នាំ១៩៧៦ អង្គការ​នេះ​បាន​បង្កើត​នូវ​កម្មវិធី​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​មួយ ដែល​ជួប​ប្រទះ​ការ​ជាប់​គាំ​ក្នុង​កំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍​ទី​៨០ ហើយ​បាន​ដំណើ​រការ​ឡើង​វិញ​ក្នុង​រូប​ភា​ពជា​គម្រោង​សំនើ​តំបន់​ពាណិជ្ជ​កម្ម​សេរី​ ថ្នាក់​តំបន់​មួយ។ ប្រទេស​ជា​សមាជិក​ទាំង​អស់​នេះ ​ជួប​គ្នា​ជា​រៀង​រាល់​ឆ្នាំ​។

បន្ទាប់​មក​មាន​សមាជិក​ថ្មី​៥​បន្ថែម​ទៀត​ដូច​ជា​៖ ប្រទេស​ប្រ៊ុយ​ណេ  ជា​សមាជិក​ទី៦ ចូល​ថ្ងៃ​ទី ​០៨ មករា ឆ្នាំ ១៩៨៤។ សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម  ជា​សមាជិក​ទី​៧ ​ចូល​ថ្ងៃ​ទី​ ២៨ ខែ ​កក្កដា ​ឆ្នាំ ​១៩៩៥។ សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មា​និត​ឡាវ  ជា​សមា​ជិក​ទី៨​ ចូល​ថ្ងៃ​ទី ​២៤ ​ខែ ​កក្កដា ​ឆ្នាំ ​១៩៩៧​។ សហភាព​មីយ៉ាន់​ម៉ា  ជា​សមា​ជិក​ទី៩ ​ចូល​នៅ​ថ្ងៃទី ​២៤ ​ខែ ​កក្កដា​ ឆ្នាំ ​១៩៩៧​ និង​ចុង​ក្រោយ​ព្រះ​រាជាណា​ចក្រ​កម្ពុជា  ជា​សមាជិក​ទី១០ ​ចូល​នៅ​ថ្ងៃ​ទី ​៣០ ​ខែ​មេសា​ ឆ្នាំ​១៩៩៩​។

គោល​ដៅ​បង្កើត​អាស៊ាន​គឺ ​ធ្វើ​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់​ ដោយ​ឈរ​លើ​ស្មារតី​ស្មើ​ភាព​លើ​វិស័យ​សេដ្ឋ​កិច្ច​ដែល​មាន៖ កសិកម្ម ​ឧស្សា​ហ​កម្ម ​គមនាគមន៍ ​ទេស​ចរណ៍​ ពាណិជ្ជ​កម្ម,​  វិទ្យា​សាស្ត្រ ​បច្ចេក​ទេស ​វប្ប​ធម៌ ​និង​ការ​ងារ​រដ្ឋបាល,​តំហែ​រក្សាសន្ដិ​ភាព​ សន្ដិ​សុខ ​ក្នុង​តំបន់​ តាម​រយៈ​ការ​គោរព​ដ៏​ខ្ជាប់​ខ្ជួន​នូវ​យុត្តិ​ធម៌​ និង​គោល​ការណ៍​ច្បាប់​ទាំង​ឡាយ​ក្នុង​ទំនាក់​ទំនង ​រវាង​ប្រទេស​ក្នុង​តំបន់​ និង​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ , តំហែរក្សា​កិច្ច​សហ​ប្រតិ​បត្តិការ​ជិត​ស្និទ្ធ​ និង​មាន​ផល​ប្រយោជន៍ជា​មួយ​អង្គ​ការ​ក្នុង​តំបន់​ដែល​មាន​ស្រាប់​។

ទន្ទឹម​នឹង​នោះ ​អាស៊ាន​ក៏​បាន​ចេញ​គោលការណ៍​ជា​ច្រើន​ទៀត​ក្នុងនោះ​មាន​ការ​បង្កើត​តំបន់​សន្តិ​ភាព​ សេរីភាព ​និង​ អព្យា​ក្រឹត​ភាព​ ដែល​សមាជិក​ទាំង​អស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការ​ខិត​ខំរក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​ទៅជាតំ​បន់​សន្តិភាព ​សេរីភាព ​និង​អព្យា​ក្រឹត​ភាព​ មិន​ស្ថិត​នៅ​ក្រោម​អន្តរាគមន៍​នៃ​មហា​អំណាច​បរទេស​ឡើយ។

សមាជិក​អាស៊ាន​ខិត​ខំបង្កើន​សហប្រតិ​បត្តិ​ការ​ឲ្យ​កាន់​តែ​ទូលាយ ​ដោយ​ពង្រឹង​សាមគ្គី​ភាព​ និង​មិត្ត​ភាព​រវា​ងគ្នា​ នឹង​គ្នា​។

មាន​បំណង​បន្ធូរ​ភាព​តាន​តឹង​អន្តរ​ជាតិ ​និង​ធ្វើ​ឲ្យស​ម្រេច​បាន​សន្តិ​ភាព​ ដ៏​យូរ​អង្វែង​មួយ​នៅ​អាស៊ី​អាគ្នេយ៍ និង​គោរពបូរណភាព​ដែន​ដី​របស់​រ​ដ្ឋដទៃ​ទៀត​ ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​រាល់​ទំនាស់ជា​អន្តរជាតិ​នានា​ដោយ​ឈរ​លើ​ភាព​ស្មើ​គ្នា  ប្រើ​សិទ្ធិ​ស្វ័យ​សម្រេច​ ដោយ​មិន​ជ្រៀត​ជ្រែក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ណា​មួយ​ឡើយ​៕