Wednesday, August 8, 2012

នាយករដ្ឋមន្ត្រី​នឹង​កំចាត់​ពពក​ខ្មៅ​ផ្នែក​នយោបាយ ដែល​បោកបក់​ដោយ​បញ្ហា​ព្រំដែន ជាមួយ​វៀតណាម​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​បកស្រាយ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម នៅ​រដ្ឋសភា នា​ថ្ងៃស្អែក​នេះ ចំណែក​មន្ត្រីរាជការ​ក​ម្ពុ​ជា​តាម​ក្រសួង​នានា ក៏​ត្រូវបាន​អនុញ្ញាតអោយ​សម្រាក​ពី​ការងារ​ដើម្បី​តាមដាន​ការបកស្រាយ​របស់លោក​អំពី​បញ្ហា​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​ផងដែរ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​លោក​នឹងធ្វើ​ការបកស្រាយ​ផ្ទាល់មាត់ ជូន​ដល់​សភា​តាម​ការស្នើសុំរ​បស់​សមាជិកសភា​មកពី​គណបក្សប្រឆាំង​។ នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​នាយករដ្ឋមន្ត្រី​បាន​ឆ្លើយតប​នឹង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចំពោះ​បញ្ហា​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រទេសជិតខាង​។​

​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ប្រវែង​ព្រំដែន​គោក​ជាង ៨០០ គីឡូម៉ែត្រ និង​បង្គោល​សរុប​ចំនួន ៣៧៥ បង្គោល​។ ការបោះបង្គោល​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០១២​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយចុះ គណបក្សប្រឆាំង​តែងតែ​គិតថា ទឹកដី​កម្ពុជា​មួយចំនួន​ត្រូវបាន​បាត់បង់​ទៅ​ដល់ដៃ​វៀតណាម ហើយ​ទម្លាក់កំហុស​នេះ​មកលើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុន សែន​។​

​ប្រជាពលរដ្ឋ​ម​កម្ពុជា​មុខជា​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការបកស្រាយ​របស់លោក ដែល​នឹងមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស់​នេះ​។ ខណៈដែល​សារព័ត៌​មានប​ស្ចឹ​ម​ប្រទេសមួយ​ចំនួន​គិតថា លោក​ជា​នាយករដ្ឋមន្ត្រី​ដែល​និយាយ​មិន​ថ្នមសម្តី​នោះ​។ ប្រជាជន​កម្ពុជា​ភាគច្រើន​គិតថា លោក​មិន​ត្រឹមតែ​ជា​មេដឹកនាំ​មួយរូប​ដែល​អាច​ធានា​ស្ថិរភាព​នយោបាយ​កម្ពុជា​ទេ ប៉ុន្តែ​ថែមទាំង​ជា​វាគ្មិន​ដ៏​ពូកែ​ហោ​សព្ទ​ដែល​ទាក់ទាញ​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​នៅពេល​ដែល​លោក​ថ្លែង​ជា​សាធារណ​:​ម្តងៗ​ដូចជា នៅក្នុង​ការចុះ​ជួប​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ ការសម្ពោធ​សាលារៀន ការសម្ពោធ​ផ្លូវថ្នល់ និង​ស្ពាន ព្រមទាំង​ហេ​ត្ថា​រចនាសម្ព័ន្ធ​ចំ​បាច់​ដទៃទៀត​។ ក្រៅពី​ប្រជាជន​កម្ពុជា​នោះ វៀតណាម ថៃ និង​ឡាវ ក៏​នឹង​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​អ្វីដែល​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​និយាយ​នៅក្នុង​សភា​ដែ​លា​មាន​សមាជិក​១២៣​នាក់ ពីព្រោះ​វា​នឹង​ទាក់ទង​នឹង​ជំហរ​កម្ពុជា​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។​

​នៅពេលដែល​លោក​មានប្រសាសន៍​នៅ​ថ្ងៃស្អែក លោក​នឹងត្រូវ​ធ្វើការ​បកស្រាយ​មួយ​ដែល​ប្រាប់​ដល់​ប្រជាជន​កម្ពុជា អំពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​របស់លោក នៅក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ព្រមទាំង​ការកសាង​សន្តិភាព​តាម​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​ក៏ដូចជា ប្រទេសជិតខាង​ដ​ទែ​ទៀត​។ កន្លងមក​ព្រួញ​ជាច្រើន​បាន​បាញ់​ដោយ​អ្នកនយោបាយ​ប្រឆាំង មកលើ​រដ្ឋាភិបាល​រប​ស់លោក​ដោយ​ចោទប្រកាន់ថា ធ្វើអោយ​បាត់បង់​ទឹកដី​កម្ពុជា​។ បញ្ហា​ព្រំដែន​ត្រូវបាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​យកមកប្រើ​ប្រាស់​គ្រប់ពេលវេលា​ឆ្ពោះទៅរក​កា​រប​បោះឆ្នោត ដោយ​ស្វែងរក​សម្លេងឆ្នោត​។ ខណៈដែល​សម្លេង​ប្រឆាំង​លាន់​សម្លេង​ជាង​មុន ក្រោយពី​មាន​ផែនការ​បង្រួបបង្រួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សម្តេច​ហ៊ុន សែន អាច​ប្រើប្រាស់​ឱកាស​ថ្ងៃស្អែក ដើម្បី​បិទ​ច្រក​នយោបាយ​មួយ​របស់​គណបក្សប្រឆាំង ដើម្បី​កុំអោយ​ពួកគេ​បន្ត​លើក​យកមក​វាយប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​សម្លេងឆ្នោត​។​

​ភ្នែក​នឹង​ប្រឹង​បើក ហើយ​ត្រចៀក​នឹង​ប្រឹង​ស្តាប់​ការជជែក​ដេញដោល​គ្នា​នៅ​រដ្ឋសភា​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​។ វប្បធម៌ នៃ​ការជជែក​ដេញដោល​ដោយ​ឈរ​នៅលើ​ផលប្រយោជន៍​ជាតិ​មួយ​បែបនេះ គួរ​ត្រូវបាន​លើកទឹកចិត្ត​អោយមាន​ជា​បន្តទៀត ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ភាពចាស់ទុំ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផលប្រយោជន៍​ជាតិ​ត្រូវបាន​ការពារ​ទៅតាម​ផ្លូវច្បាប់​។​

​បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​នៅ​ថ្ងៃស្អែក​ហើយ ប្រជាជន​កម្ពុជា​នឹង​អាច​ឈានដល់​ការសន្និដ្ឋាន​ពិតប្រាកដ​មួយ​ថា តើ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​អ្វីខ្លះ ដើម្បី​ការពារ​រ​ទឹកដី​កម្ពុជា ហើយ​ថា តើ​ការចោទប្រកាន់​របស់​អ្នកនយោបាយ​ប្រឆាំង​កន្លងមក​គួរអោយ​ជឿ​ឬ​យ៉ាងណា​?

​ការសន្និដ្ឋាន​ណាមួយ​នឹង​ចំណុះ​ទៅលើ​ភាព​ប៉ិនប្រសប់​របស់​នាយករ​ដ្ឋ​មន្ត្រី និង​សមាជិកសភា​គណបក្សប្រឆាំង​។ សូម​ទុកអោយ​លំហូរ​សេរី នៃ​ព័ត៌មាន​បំភ្លឺ​ការគិតគូរ​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប​៕