Wednesday, August 8, 2012

អាស៊ាន​នឹងបន្ត​​ដើរ​លើមាគ៌ា​ត្រឹមត្រូវ​​ឆ្ពោះ​ទៅ​សម្រេច​សហគមន៍​អាស៊ាន​​ឆ្នាំ​២០១៥

រាជ​ធានីភ្នំពេញ​ ៖ ​ លោកឧបនាយករដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានមាន​ប្រសាសន៍​ដោយមានជំនឿយ៉ាងមុតមាំថា អាស៊ាននឹង​បន្ត​ដើរលើមាគ៌​ា ត្រឹមត្រូវឆ្ពោះទៅសម្រេចសហគម​​ន៍អាស៊ាន​នៅ​ឆ្នាំ​២០១៥ តាមទិសដៅ​«សហ​គមន៍តែមួយជោគវាសនាតែមួយ» ដែលមាន​ភាពស្អិតល្មួតផ្នែកនយោបាយមានសមាហ​រណ​កម្មសេដ្ឋកិច្ច និងរួបរួមគ្នាក្នុងសង្គម​ដែល​យល់​សុខទុក្ខគ្នា ។
ប្រសាសន៍ថ្លែងយ៉ាងដូច្នេះរបស់លោកប្រមុខការទូតខ្មែរ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ សីហា ២០១២នេះ ក្នុងពិធីប្រារព្ធ​ខួប​លើកទី៤៥ នៃថ្ងៃបង្កើតអាស៊ាននៅទីស្តីការក្រសួងការបរទេស ។ ក្នុងឱកាសនោះដែរ លោកឧបនាយក​រដ្ឋ​មន្រ្តីហោ ណាំហុង បានលើកឡើងទៀតថា ចាប់តាំងពីបានកកើតឡើងកាលពី៤៥ឆ្នាំកន្លង​ទៅ អាស៊ានបានទទួលជោគជ័យដ៏ត្រចះត្រចង់ ។ ក្នុងឋានៈជាអង្គការតំបន់អាស៊ានបាន​ឆ្លងកាត់ដំណាក់កាលដ៏លំបាក និងបញ្ហាប្រឈម​ជាច្រើន ។
ក្នុងការឆ្លើយតបទៅរាល់បញ្ហា​នីមួយៗ អាស៊ានតែងតែបោះជំហានឈានទៅមុខ​ជានិច្ច ជាមួយស្មារតីសម្រុះសម្រួល។ ដោយ​មាន​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន និងមូលដ្ឋាន​សាមគ្គីភាពដ៏រឹងមាំ ក្នុងប្រវត្តិ៤៥ឆ្នាំនេះ លោក​យល់​​ថា​អាស៊ាននឹងមាន​ជោគ​ជ័យ ហើយអាច​ជម្នះ​បាននូវរាល់ស្ថានការណ៍អាក្រក់ទាំងឡាយ ។កាលពីឆ្នាំទៅការបង្ហូតទង់អាស៊ាន ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅគ្រប់រដ្ឋធានីនៃរដ្ឋជា​សមា​ជិកអាស៊ាន និងនៅតាមស្ថានទូតអាស៊ានទូទាំង​ពិភពលោក ។ ពេលនេះ យើងអាចមើល​ឃើញ​ទង់អាស៊ានបក់រវិចគួរជាទីមោទនៈនៅទន្ទឹមនឹង​ទង់ជាតិរបស់រដ្ឋសមាជិកអាស៊ាន។
នេះគឺជា​សក្ខីភាពនៃការបោះជំហានទៅមុខដ៏ធំមួយទៀត ឆ្ពោះទៅកាន់សហគមន៍អាស៊ាន ក៏ដូចជាការ​លើក​កម្ពស់មុខមាត់​អាស៊ានផងដែរ  ។ លោក​ប្រមុខការទូតបន្តថា កម្ពុជា​ជឿ​ជាក់ថា អាស៊ាន​នឹងបន្តឈានទៅមុខទៀតជាមួយ​នឹងស្មារតីឯក​ភាព និងសាមគ្គីភាព ដោយដកទុកមួយឡែក​សិននូវរាល់បញ្ហាទាំងឡាយ ដែលយើងពុំអាច​សម្រេចបាននូវមតិឯក​ភាពរួម ស្រប​ទៅតាម​ស្មារតី និងទម្លាប់អនុវត្តន៍​របស់អាស៊ាន ។គួរបញ្ជាក់ថា ក្នុងពិធីប្រារព្ធទិវាអាស៊ាន ខួប​លើកទី៤៥ នៃការ​បង្កើតអាស៊ាន នាព្រឹក​ថ្ងៃពុធ​នេះ គេឃើញមានវត្តមានរបស់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រទេសជាមិត្តប្រចំាកម្ពុជា​ចូលរួម​ផងដែរ ៕