Wednesday, August 8, 2012

រដ្ឋាភិបាល ស្នើសុំ​ចិន សាងសង់​ផ្លូវ និង​ស្ពាន​កាត់​បឹង​ទន្លេសាប ភ្ជាប់​ពី​កំពង់ឆ្នាំង ទៅ​កំពង់ធំ នៅ​ឆ្នាំ​២០១៤

ខេត្តកំពង់ធំ: រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​គម្រោង ស្នើសុំ​ទៅ​កាន់​រដ្ឋាភិបាល​ចិន សម្រាប់​បញ្ជី​គម្រោង​ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ចិន អនុម័ត​គាំទ្រ​ឲ្យ​កម្ពុជា​ខ្ចីលុយ កសាង​ផ្លូវ​ចំនួន ៤ ខ្សែ​។ ក្នុងនោះ មាន​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ខេត្ត​កំពង់ធំ តាមរយៈ​ស្ពាន​កាត់​បឹង​ទន្លេសាប​។ 

​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​កាន់​ក្រុង​ព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​នោះ ត្រូវ​បញ្ជូន​កាន់​រដ្ឋាភិបាល​ចិន នៅ​ឆ្នាំ​២០១៣ ដើម្បី​សុំ​ឲ្យ​ចិន​ផ្តល់​ការគាំទ្រ ផ្តល់​ឥណទាន​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការសាងសង់​ផ្លូវ ៤ ខ្សែ នៅ​ឆ្នាំ​២០១៤​។ ក្នុងនោះ មាន​ផ្លូវ ១ ខ្សែ ត​ភ្ជាប់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ គឺ​សាងសង់​ផ្លូវជាតិ​លេខ ៥០ សេ ផ្សារ​ក្រោម កំពង់ឆ្នាំង ទៅកាន់​ភូមិ​ចា​ណុល ភូមិ​រកា ឃុំ​ស្រ​យ៉ូវ ខេត្ត​កំពង់ធំ​។ ឆ្លងកាត់​ទន្លេសាប ដែល​ស្ពាន​ឆ្លងកាត់​ទន្លេសាប​នោះ មាន​ប្រវែង ៣.៥០០ ម៉ែត្រ ដែល​អាច​ចាត់ទុកថា ជា​ស្ពាន​ដែល​វែង​ជាង​គេ​។ ប៉ុន្តែ​ជំរៅ​ទឹក វា​មិន​ជ្រៅ​ពេក​ទេ​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ងាក​ទៅ​ផ្តាំផ្ញើ​ដល់​ឯកអគ្គរដ្ឋទូត​ចិន លោក ផាន់​ខ្វាន់​សៀ ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ ដើម្បីឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលចិន ផ្តល់​ប្រាក់​កម្ចី​ឥណទាន​ដល់​រដ្ឋាភិបាល​របស់​ស​ម្តេច ដើម្បី​កសាងផ្លូវ និង​ស្ពាន សម្រាប់​សមិទ្ធិផល​ថ្មី ដល់​ប្រជា​ពល​ដ្ឋ អ្នក​កំពង់ធំ នៅ​ឆ្នាំ​២០១៤​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​គម្រោង​សាងសង​ផ្លូវ ដោយ​ប្រើប្រាស់​ប្រាក់កម្ចី​ឥណទាន​របស់​ប្រទេស​ចិន ក្នុង​គម្រោង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ មាន​ផ្លូវ​ចំនួន ១៣ គម្រោងទៀត ហើយ​មាន​គម្រោង​មួយ ដែល​អ្នក​កំពង់ធំ ទទួលបាន គឺ​គម្រោង​សាងសង់​ផ្លូវ​លេខ ៦.០ ប៉េ ពី​ក្រុង​ក្រចេះ ផ្លូវជាតិ​លេខ ៧ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ កំពង់ថ្ម ខេត្ត​កំពង់ធំ​។ បានសេចក្តីថា ផ្លូវ​នោះ កាត់​ពី​ក្រចេះ មក​ដល់​កំពង់ធំ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា សរុបទៅ កម្ពុជា​ត្រូវការ​ផ្លូវ​ប្រមាណ​ជា ២០ ខ្សែ​ទៀត ដែល​ត្រូវការ​ឥណទាន​របស់​ចិន​។ ក្នុងនោះ ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ ពី​បាត់ដំបង ឆ្ពោះទៅ​កាន់​សៀមរាប ឆ្លងកាត់​ទន្លេសាប ហើយ​ក្រុមហ៊ុន​ចិន បាន​សិក្សា​ពីរ​ឆ្នាំ​រួចហើយ​។​

​ដោយឡែក​នៅ​ឆ្នាំ​២០១២​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា កម្ពុជា​ក៏​ទទួល​បាន​ការអនុម័ត​ពី​រដ្ឋាភិបាល​ចិន នូវ​ប្រាក់​កម្ចី ដើម្បី​ស្ថាបនា​ផ្លូវ​ពីរ​ខ្សែ គឺ​ផ្លូវ​ជាតិ​លេខ ៥៥ ខេត្ត​ពោធិ៍សាត់ ភ្នំក្រវាញ វាលវែង ថ្ម​ដា ទៅ​ព្រំដែន​ថៃ ប្រវែង ១៩០ គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ ២៣ ឃុំ​ពាម​រាំង​លើ និង​ផ្លូវ​លេខ ១១៨ ស្រុក​លើកដែក ពាម កោះ​ធំ​ផង​ដែរ​។​

​ជាមួយគ្នា​នោះ ក្នុង​ពេល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន អញ្ជើញ​ទៅ​កាន់​ប្រទេស​ចិន ខេត្ត​ស៊ី​ជាំ​ង ដើម្បី​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន គឺ​សម្តេច​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី វេង ជា​ប៉ាវ នា​ថ្ងៃ​ទី​១ ដើម​ខែ​កញ្ញា​ខាង​មុខ ដោយ​សម្តេច​នឹង​ស្នើ​សុំ​ឲ្យ​ចិន ផ្តល់​ដល់​កម្ពុជា ដើម្បី​ប្រែក្លាយ​ផ្លូវលំ​ជនបទ ទៅ​ជា​ផ្លូវ​ចាក់​កៅស៊ូ​។​

​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ប្រកាស​ពី​ទឹកប្រាក់ ដែល​ត្រូវ​ស្នើ​សុំ​ខ្ចី​ពី​ប្រទេស​ចិន សម្រាប់​សាងសង់​ផ្លូវ និង​ស្ពាន ដែល​ស្ថិត​ក្នុង​គម្រោង​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ និង​បន្ត​ដល់​ឆ្នាំ​២០១៤ ព្រម​ទាំង​ឆ្នាំ​បន្តបន្ទាប់​ទៀត​នោះទេ​។​

​ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​កត់សម្គាល់​ថា "​ដូច​ខ្ញុំ​ព្រះករុណា​ខ្ញុំ​បញ្ជាក់ ទាំង​ប៉ុន្មាន​ដប់​ខ្សែ មាន​ទាំង​គម្រោង​កំពង់ឆ្នាំង​-​កំពង់ធំ កំពង់ធំ​-​ក្រចេះ គម្រោង​នឹង​នៅ​បន្ត ប៉ុន្តែ​បើ​ខ្ញុំ​ករុណា​ខ្ញុំ​មិន​នៅ​ទេ ( មិនមែន​ជា​នាយករដ្ឋមន្ត្រី​ទេ ) សុំ​មិន​ទទួលខុសត្រូវ​ទេ ព្រោះ​អ្នក​ក្រោយ គេ​អាច​មិន​ត្រូវការ​គម្រោង​នេះ ហើយ​ម្យ៉ាង​គេ​ក៏​មិន​ត្រូវការ​ចិន​ដែរ គេ​ស្អប់​ចិន​។ និយាយ​ឲ្យ​ពិត​ទៅ គេ​ស្អប់​ចិន ហើយ​ឃើញ​ចិន មក​ជួយ​ខ្មែរ​ច្រើន​នេះ គេ​មិន​សប្បាយចិត្ត​ទេ ដោយ​គេ​ថា ចិន​មក​គាបសង្កត់​ខ្មែរ​។ តែ​ចាំតែ​គៀប​បាន​តើ​! ផាន់​ខ្វាន់​សៀ ( ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ) ដែល​គាប​ហ៊ុន​សែន ពី​អង្កាល់​?​។ និយាយ​គ្នា​ឲ្យ​ច្បាស់​។ វេន ជា​ប៉ាវ ( នាយករដ្ឋមន្ត្រី​ចិន ) ដែល​នឹង​ជួប​គ្នា​នា​ពេលខាងមុខ ដោយ​ខ្ញុំ​សម្រេចចិត្តថា នឹង​ចេញពី​តេ​អ៊ីរ៉ង់ នៅ​ព្រឹក ឬ​ល្ងាច ថ្ងៃ​៣១ ( សីហា ) អីចឹង​អាច​ខ្ញុំ​ទៅដល់​ស៊ី​ជាំ​ង ប្រទេស​ចិន នៅ​យប់​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០១២"​។​

​ជា​ការកត់សម្គាល់ នៅពេល​សព្វថ្ងៃនេះ ចិន ជា​ប្រទេស ដែល​បាន​ផ្តល់​ជំនួយ សម្រាប់​សាងសង់​ផ្លូវ និង​ស្ពាន វែង​ជាង​គេ នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា​ចិន ក៏​បាន​ប្រកាសថា ចិន​ព្រមព្រៀង​លុប​បំណុល ដែល​កម្ពុជា​ជំពាក់ ចំនួន​ជាង ៤.២៤០.០០០ ដុល្លារ​អាមេរិក​។​

​ក្នុងនោះ ចិន​ក៏​បាន​យល់ព្រម​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចំនួន ២៣ គម្រោង ដែល​មាន​ទឹកប្រាក់​សរុប ១.៦០០ លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំង​នោះ ត្រូវ​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ លើ​ផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​៕​