Wednesday, August 8, 2012

ការ​បក​ស្រាយ​រឿង​ព្រំដែន​នៅ​ក្នុង​សភា​អាច​ប្រើ​ពេល​ច្រើនជាង​៤​ម៉ោង​ សង្ឃឹមថា​បក្ស​ប្រឆាំង​មិន​ដើរចេញ​ពី​ស​ភា​

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ​សម្ដេច​នឹង​បកស្រាយ​រឿង​បញ្ហា​ព្រំដែន​ក្នុង​រដ្ឋសភា​ដោយ​ប្រើ​រយៈពេល​ច្រើនជាង​៤​ម៉ោង​ព្រោះ​ជាការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​និង​មាន​ការ​ដាក់​បញ្ចាំង​ស្លាយ​បញ្ជាក់​ពី​ទី​តាំង​និ​មួយៗ​អោយ​បាន​លំអិត​ច្បាស់​លាស់​ជាទី​បំផុត​ ហើយ​សង្ឃឹមថា​គណបក្ស​ប្រឆាំង​នឹង​មិន​ដើរចេញ​ពីស​ភា​នៅ​ថ្ងៃ​នោះ​ទេ​។​
ការប្រជុំពេញអង្គ​រដ្ឋ​សភា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩​ខែ​សីហា​ឆ្នាំ​២០១២​ដែល​មាន​របៀបវារៈ​ចំនួន​៤ ក្នុងនោះ​សម្ដេច​តេ​ជោ​ក៏​នឹង​ឆ្លើយ​បកស្រាយ​អំពី​បញ្ហា​ការងារ​បោះ​បង្គោល​ព្រំដែន​អោយ​បាន​ច្បាស់លាស់​ផងដែរ ដែល​បញ្ហា​ព្រំដែន​នេះ​គណបក្សប្រឆាំង​បានស្នើ​អោយ​រាជរដ្ឋាភិបាល​បកស្រាយ​បំភ្លឺ​ជូន​មតិសាធារណៈ​អោយបាន​ដឹងផង​ដែរ​។​ប៉ុន្តែ​សម្ដេច​តេ​ជោ​បានដឹង​ពី​ល្បិចកល​នេះ​ដោយ​លើកឡើងថា ការស្នើ​របស់​គណបក្ស​ប្រឆាំង​ប្រៀបដូចជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ គេ​លើកឡើង​ផ្ដោតលើ​រូប​សម្ដេច​តេ​ជោ​អំពី​បញ្ហា​ព្រំដែន ប៉ុន្តែ​គេ​សំដៅ​ទៅលើ​កេរ្តិ៍តំណែល​របស់​សម្ដេច​ព្រះ ន​រោ​ត្ដម សីហនុ ទៅវិញ​។​
សម្ដេច​តេ​ជោ​មានប្រសាសន៍​ទៀតថា​សម្ដេច​នឹង​ក្រុមការងារ​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​និង​បញ្ហា​ព្រំដែន​រួចរាល់​អស់ហើយ​ក្នុងការ​បកស្រាយ​នៅ​រដ្ឋសភាជាតិ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១២​ស្អែក​នេះ​។​សម្ដេច​បន្តថា​ក្នុងពេល​បកស្រាយ​នោះ​សង្ឃឹមថា​«គណបក្សប្រឆាំង​នឹងមិន​ដើរ​ចេញពី​រដ្ឋសភា​ទេ ព្រោះ​អ្វីដែល​ខ្ញុំ​និយាយ​វា​មិន​ស្មើ​និង​អស់លោក​ជេរ​ពួក​ខ្ញុំ​ថា​អា​ក្បត់ជាតិ​នោះទេ​។ វា​មិន​ធ្ងន់​ជាង​អស់លោក​ដើរ​ជេរ​ខ្ញុំ​តាម​តុ​គុយទាវ តាម​ចិញ្ចើមផ្លូវ​នោះទេ​»។ សម្ដេច​តេ​ជោ បាន​ផ្ដាំផ្ញើ​ដល់​គណបក្សប្រឆាំង​ថា​ប្រសិនបើ​ដើរចេញ​ក្នុងពេល​ប្រជុំ​សភា​នោះ​ជាការ​អាម៉ាស​មួយ ហើយ​អ្នក​ទាំងនោះ​គួរតែ​យក​កន្សែង​ឬ​យកដៃ​បិត​ភ្នែក​អោយ​ជិត ដើម្បី​កុំ​អោយឃើញ​អ្វី​ទាំងអស់ និង​ម្យ៉ាងទៀត​គួរ​យក​សំឡី​ញុ​ក​ត្រចៀក​អោយ​ជិត​ហើយ​ពេលទៅដល់​ផ្ទះ​ចាំ​ដកចេញ​ ព្រោះ​ពួក​អស់លោក​មិន​ចង់​ស្ដាប់​ហើយក៏​មិន​ចង់ឃើញ​៕ស្នាយពល-សុភក្តិ​