Wednesday, August 8, 2012

សម្តេច​ជាស៊ីម បង្ហាញ​ពី​សុខភាព​រឹងមាំ ក្រោយ​ពី​ព័ត៌មាន​អកុសល​ បំផ្លើសការពិត

ភ្នំពេញ: សម្តេច ​ជា ស៊ីម ប្រធានគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រគេន​ទៀនវស្សា ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សានៅ ១២ វត្ត​។ ពិធីបុណ្យ​ប្រគេន​ទៀនវស្សា​នោះ បាន​ធ្វើឡើង ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២ នៅ​គេហដ្ឋាន​របស់​សម្តេច ​ជា ស៊ីម នៅ​បុរី​ចំការមន ខាងក្រោយ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​បុណ្យប្រគេ​ទៀនវស្សា​នោះ សម្តេច​ជាស៊ីម បាន​បង្ហាញ​មុខ ក្នុងសំលៀក​បំពាក់​​អា​ចារ្យ ខោខ្មៅ អាវស បង់កប្រមា ដែលគេមើលទៅសម្តេចមាន​សុខ​ភាពរឹងមាំ​ ដោយសម្តេចអាចអង្គុយលើកៅអី ស្តាប់លោកសូត្រធម៌។ ពិធីនោះ ក៏ត្រូវបាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូល​ថតរូប​ផងដែរ​។​

​សូម​រម្លឹកថា មាន​ការចុះ​ផ្សាយដំណឹង តាម​ហ្វេ​ស​ប៊ុក នៅ​ថ្ងៃ​ចន្ទ ទី​៦​សីហា ឆ្នាំ​២០១២ ដោយ​លើកឡើង​ថា សម្តេច ជា ស៊ីម បាន​ទទួលមរណភាព ខណៈ​ដែល​ក្នុង​រយៈពេល​ចុងក្រោយ​នេះគេ​ឃើញ​សម្តេច ជា ស៊ីម មាន​បញ្ហា​សុខភាពមិន​សូវ​ល្អ និង​អវត្តមាន នៅក្នុង​ពិធី​សាធារណៈ​ធំៗ​មួយចំនួន ដូចជា ថ្ងៃ​ខួប​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨​មិថុនា ឆ្នាំ​២០១២​។​

ក៏ប៉ុន្តែ​ខុទ្ទកាល័យ​សម្តេច​ជាស៊ីម និង​អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ចេញ​សេចក្តីប្រកាស​ជា​លាយលក្ខណ៍អក្សរ និង​ផ្ទាល់មាត់ ច្រានចោល​នូវ​ព័ត៌មាន​បំផ្លើស និង​ព័ត៌មាន​ប្រឌិតអកុសល​នោះ ហើយ​ថា​សម្តេច​ជាស៊ីម ដែល​មាន​អាយុ ៧៩ ឆ្នាំ មាន​សុខភាព​ល្អ និង​កំពុង​ប្រតិបត្តិ​មុខងារជា​ប្រមុខរដ្ឋស្តីទី​។ ខុទ្ទកាល័យ​សម្តេច​ជាស៊ីម ក៏​បាន​ព្រមាន​ប្តឹង​ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​នោះ​ផង​ដែរ​៕​ S