Wednesday, August 8, 2012

កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​ព្រះវិហារ ចំណាយ​ថវិកា​សរុប​ជាង ៦២ លាន​ដុល្លារ​អាមេរិក

ខេត្តកំពង់ធំ: ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់កំណាត់​ផ្លូវជាតិ​លេខ ៦២ ផ្នែក​ខាងត្បូង ពី​កំពង់ធំ ទៅ​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្របាន​ធ្វើឡើងនា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១២ ក្រោម​កម្ចី​ឥណទាន​សម្បទានរបស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កំណាត់​​ផ្លូវ​នោះ ចំណាយ​ថវិកា​សរុប​ជាង ៦២​លាន​ដុល្លារ​អាមេរិក​ ដោយកម្ចី​ឥណទាន​ពីរដ្ឋាភិបាលចិន ប្រមាណ ៥២ លានដុល្លារ និងប្រាក់បដិភាគរបស់​រដ្ឋាភិបាល​កម្ពុជា ចំណាយសរុបជាង ១០ លានដុល្លារ។

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធនា​ព្រឹក​មិញ​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន បាន​ផ្ដល់​កម្ចី​ឥណទាន និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់សម្រាប់​ការសាងសង់ និង​ស្ដារឡើងវិញ​នូវ​ផ្លូវ​-​ស្ពាន​ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ការសាងសង់ និង​ស្ដារឡើងវិញ​នូវ​កំណាត់ផ្លូវជាតិ​លេខ​៦២​នេះ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា និង​ជួយ​សម្រួល​ដល់ចរាចរណ៍​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស និង​ជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍​សង្គម ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង លើក​កម្ពស់​កិច្ចសហប្រតិបត្ដិការ​ក្នុង​តំបន់ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យបាន​ឆាប់រហ័ស​។ 

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា សមិទ្ធផល​ដែល​ត្រូវ​ធ្វើ​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់ និង​ដែល​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​ផ្ដល់​កិត្ដិយស​អញ្ជើញ​ជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុងថ្ងៃនេះ  គឺជា​ការ​សាងសង់​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ផ្នែក​ខាងត្បូង ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ ត្រង់​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ  ក្នុង​ខេត្ដ​កំពង់ធំ ដល់​ត្បែងមានជ័យ ទីរួមខេត្ដ​ព្រះវិហារ មាន​ប្រវែង​១២៨​គីឡូម៉ែត្រ មាន​សាងសង់​ស្ពាន​ចំនួន ១០​កន្លែង ប្រវែង ៤៤៨​ម៉ែត្រ និង លូ​ចំនួន​១៤៥ កន្លែង​មាន​ប្រវែង ១៨៥៧​ម៉ែត្រ។ គម្រោង​នេះចំណាយ​ថវិកា​សរុប​ប្រមាណ ៥២​លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​មួយចំនួន​របស់​រាជរដ្ឋាភិបាល សម្រាប់​ការដោះមីន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ដោះស្រាយ​ផលប៉ះពាល់ អនុវត្ដ​ន៍ការសាងសង់​ដោយ ក្រុមហ៊ុន​សំណង់​ចិន​សៀង​ហៃ​គ្រូ​ប  និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ចិន ក្វាង​ចូ​វ​វ៉ាន​អាន  ដែល​តាម​ការគ្រោងទុក គឺ​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៤០ ខែ រហូតដល់ដើមឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវបាន​បញ្ចប់​មុន​ផែនការ​កំណត់​។​

​លោក ត្រាំ អ៊ីវតឹក ក៏​បាន​បន្ថែមថា សមិទ្ធផល​ខាងលើនេះ ពិតជា​មាន​តម្លៃ​ធំធេង​មហាសាល​ មិន​អាច​កាត់ថ្លៃ​បាន និង​ជា​ចំណងដៃ​មួយដ៏​ពិសិដ្ឋ​សម្រាប់ខេត្ដ​កំពង់ធំ និង​ព្រះវិហារ​។ ប្រជាពលរដ្ឋ មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធនៅ​ទូទាំង​ខេត្ដ​កំពង់ធំ និង​ព្រះវិហារ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស មាន​ការរំភើប​សប្បាយ​រីករាយ​យ៉ាងខ្លាំងចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ខាងលើនេះ  ដែល​បាន​បដិសន្ធិ​ឡើង នៅ​ចំ​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ចាំបាច់​បំផុត ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍប្រទេសជាតិ ជំរុញ​កំណើន​សេដ្ឋកិច្ច អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ប្រែក្លាយ​ទីជនបទនិង​បណ្តា​ខេត្ដ​ដែល​នៅ​ដាច់ស្រយាល ពិសេស​តំបន់​ព្រំដែន ឱ្យទៅជា​តំបន់​សន្ដិភាព អភិវឌ្ឍន៍ និង​សហ​ប្រតិ​បត្ដិកា​រ និង​ជា​មូលដ្ឋាន​ការពារ​បូរណភាព​ដែនដី​។ 

​លោក ត្រាំ អ៊ីវតឹក ក៏​បាន​បន្ថែមថា សមិទ្ធផល​នេះ បាន​បង្ហាញ​នូវ​ស្នាដៃ​ដ៏​ធំធេង​មួយ​ថ្មី​ថែម​ទៀត​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត ដែល​តែង​បាន​គិតគូរ​ជា​និច្ច​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​តំបន់​នៅ​ទូទាំង​ប្រទេស​។ 

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក​ត្រាំ​អ៊ីវតឹក ក៏បាន​លើកឡើង​ថា កំណាត់​ផ្លូវជាតិ​លេខ​៦២ ពី​កំពង់ធំ ដល់​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ គឺជា​ផ្លូវ​មេ និង​ជា​ផ្លូវ​យុទ្ធសាស្ដ្រ ត​ភ្ជាប់​កំពង់ធំ​ទៅ​ក្រុង​ព្រះវិហារ និង​ត​ភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៦២ កំណាត់​ខាងជើង ឆ្ពោះទៅ​តំបន់​ព្រំដែន​។ ពិសេស​កំណាត់​ផ្លូវ​នេះ ក៏​នឹង​ត​ភ្ជាប់​ប្រាសាទ​ព្រះវិហារ ទៅ​នឹង​ក្រុង​សៀមរាប​អង្គរ ដែល​រួម​គ្នាក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ និង​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​មាន​សក្ដានុពលរបស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បូរាណ​ជា​មរតក​សម្បត្ដិ​វប្បធម៌ និង​បូជនីយដ្ឋាន​ប្រវត្ដិសាស្ដ្រ ដ៏​ល្បីល្បាញ​រុងរឿង​របស់​អាណាចក្រ​ខ្មែរ​បុរាណ និង​ជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​តម្លៃ របស់​មនុស្សជាតិ និង​បេតិកភណ្ឌ​ពិភពលោក​។​

​លោក​ត្រាំ​អ៊ីវតឹក បាន​បន្ថែមថា កំណាត់​ផ្លូវជាតិ​លេខ​៦២ ពី​កំពង់ធំ ដល់​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ និយាយ​ដោយឡែក ផ្លូវជាតិ​លេខ​៦២​ទាំងមូល និយាយ​ជា​រួម បាន​សាងសង់​ឡើង​វិញ សំដៅ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង ដែល​អាចកំណត់​បាន​ថា ជា​កំណាត់​ផ្លូវ​ចុងក្រោយក្នុងការ​ធ្វើ​សមាហរណកម្ម​ផ្ទៃ​ក្នុង​ប្រទេស តាមរយៈ​ការតភ្ជាប់​ទីរួមខេត្ដ​ទាំងអស់ ចុងក្រោយ គឺ​ទី​រួម​ខេត្តព្រះវិហារ ទៅ​នឹង​រាជធានី​ភ្នំពេញ ដោយ​ផ្លូវថ្នល់​ក្រាល​កៅស៊ូ សំដៅ​បម្រៃ​ឱ្យ​វិស័យ​ទេសចរណ៍ ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច រួម​ទាំង​បម្រើ​កិច្ច​ការពារ​ប្រទេស​ថែម​ទៀត​។ បច្ចុប្បន្ន​កំណាត់​ផ្លូវ​នេះ ដែល​ពី​មុន​គឺជា​ផ្លូវ​ដែល​មាន​អសន្ដិសុខ និង​ប្រកបដោយ​គ្រោះថ្នាក់ ទៅ​ជា​ផ្លូវ​ចរាចរណ៍​ដឹកជញ្ជូន​ទេសចរណ៍ ធ្វើដំណើរ​កម្សាន្ដ​ដោយ​ក្ដី​មោទនភាព និង​សោមនស្ស​រីករាយ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ដ និង​បានប្រែក្លាយ​តំបន់ដែល​បន្សល់ដោយ​ស្លាកស្នាម​នៃ​ភ្លើងសង្គ្រាម នៅតាម​ផ្លូវ​នេះ​ឱ្យក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍​ ដាំ​ដុះ​ដំណាំ​កសិកម្ម ដ៏​មាន​សក្ដានុពល​។ 

​ក្នុង​សុន្ទរកថា លោក ត្រាំ អ៊ីវតឹក ក៏​បាន​បន្ថែមថា ការសាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ​៦២​នេះ ក៏​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ នៅ​តំបន់​ភាគ​ខាងជើង​របស់​កម្ពុជា ដែល​មាន​សក្ដានុពល ខាង​ក​សិ​-​ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និង​ធនធាន​រ៉ែ​នៃ​ខេត្ដ​ព្រះវិហារ ឧត្ដរមានជ័យ និង​ស្ទឹងត្រែង ជួយ​ជំរុញ​ការ រៀបចំ និង​ប្រែក្លាយ​សមរភូមិ​ប្រយុទ្ធ​នៅ​តំបន់​នេះ ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍ និង​ជា​តំបន់​យុទ្ធសាស្ដ្រ​សម្រាប់​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ផង និង​មូលដ្ឋាន​ការពារ​ប្រទេស​ផង ។ ផ្លូវជាតិ​លេខ​៦២ នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ល្បឿន​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​កម្ពុជា តាមរយៈ​ការជួយ​សម្រូល​ចរាចរណ៍​ដឹក​ជញ្ជូន ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរ​ផលិតផល​កសិកម្ម ឧស្សាហកម្ម ការពង្រឹង​កិច្ចសហប្រត្ដិបត្ដិការ​ជាមួយ​ប្រទេស​ថៃ ដែល​នៅ​ជិតខាង និង​ប្រទេស​ក្នុង​តំបន់ និង​ការអភិវឌ្ឍ​តំបន់ត្រីកោណ​មរកត កម្ពុជា​-​ឡាវ​-​ថៃ​។​ល​។​

​ម្យ៉ាងទៀត លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ទៅដល់​ទីក្រុង​ព្រះវិហារ ផ្លូវជាតិ​លេខ​៦២​នេះ ក៏​បាន​បំបែកនិង​ត​ភ្ជាប់​ទៅនឹង​ផ្លូវ​លេខ ២១០ ​ឆ្ពោះទៅ​កាន់​ខេត្ដ​សៀមរាប កាត់​តាម​បឹង​មាលា ដំ​ដែក និង​មួយ​ផ្នែក​ទៀតបំបែក​និង​ត​ភ្ជាប់​ទៅនឹងផ្លូវជាតិ​លេខ​៩ ឆ្ពោះ​ទៅ​ធា​រា​បរិវត្ត និង​ទីក្រុង​ស្ទឹងត្រែង​នៃ​ខេត្ដ​ស្ទឹងត្រែង ជា​របៀង​សម្រាប់​ត​ភ្ជាប់​តំបន់ ភូមិភាគ​ឦសាន ទៅ​ភូមិភាគ​ពាយ័ព្យ​របស់​កម្ពុជា និង​ដែល​ជា​ផ្នែក​មួយ​នៃ​របៀង​សេដ្ឋកិច្ច​ខាងត្បូង ខ្សែ​ទី​២ នៃ​មហា​អនុ​តំបន់​មេគង្គ​។ របៀង​សេដ្ឋកិច្ច​ខាងត្បូង​ខ្សែ​ទី​២​នេះ ត​ភ្ជាប់​ពី​ទីក្រុង​បាងកក និង​ភូមិ​ភាគខាងត្បូងរបស់​ព្រះរាជាណាចក្រ​ថៃ កាត់​តាម​ច្រកទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត មកកាន់​សៀមរាប​អង្គរ បឹងមាលា ឆ្ពោះ​ទៅ​ព្រះវិហារ បន្ដ​ទៅ​ទីក្រុង​ស្ទឹងត្រែង​នៃ​ខេត្ដ​ស្ទឹងត្រែង និង​ឆ្ពោះទៅ​កាន់​ទីក្រុង​បាន​លុង នៃ​ខេត្ដ​រតនគិរី ហើយ​បន្ដ​ទៅ​ច្រកទ្វារព្រំដែន អូរយ៉ាដាវ ដើម្បី​ត​ភ្ជាប់​ទៅនឹង​កំពង់ផែ​គី​ញ៉ឺង និង​ភូមិភាគ​កណ្ដាល ដែល​ជា​តំបន់​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​វៀតណាម ដែល​នឹង​រួមចំណែក​យ៉ាង​ខ្លាំងក្លាក្នុង​ការលើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន ព្រមទាំង​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម អាជីវកម្ម​រ៉ែ ជាដើម​។ 

​លោក ត្រាំ អ៊ីវតឹក បាន​កត់សម្គាល់​ថា ការសម្រេច​បាន​ជោគជ័យ​ក្នុង​ការសាងសង់ និង​អភិវឌ្ឍន៍​ផ្លូវ​-​ស្ពាន ខ្វាត់ខ្វែង​ប្រទាក់ក្រឡា​ពី​ទីប្រជុំជន ទីក្រុង​ដល់​ជនបទ​ជិត​ឆ្ងាយ​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួល​បាន​កន្លងមក គឺ​អាស្រ័យ​ដោយ​ការដឹកនាំ​គាំទ្រ និង​ការលើក​ទឹកចិត្ដ​យ៉ាង​សកម្ម​របស់​រាជរ​ដ្ឋា​ភិបាល​ដែលមានសម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម ដែល​ជានិច្ចកាល​បានចាត់ទុក​ការស្ដារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស  ស្ថិត​ក្នុង​មុំ​អាទិភាព​ទី​២ នៃ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​២ ជាពិសេស​សម្ដេច តែងតែ​ពុះពារ​ស្វះស្វែង​រក​ប្រភព​ធនធាន​ពី​គ្រប់​មជ្ឈដ្ឋាន សម្រាប់​ការសាងសង់​ផ្លូវ​-​ស្ពាន នៅ​ទូទាំង​ប្រទេស​។​

​សូម​រម្លឹកថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ ៦២ ប្រវែង ១២៨ គីឡូម៉ែត្រ ពី​ខេត្ត​កំពង់ធំ ទៅ​ដល់​ក្រុង​ព្រះវិហារ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។ ពិធី​នោះធ្វើឡើងនៅ​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ នៅ​ភូមិ​វល្លិ​យាវ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ហ៊ុន​សែន និង​លោកជំទាវ​។​

​តាម​កម្មវិធី លោក ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ក៏​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ ៦២ ( ផ្នែក​ខាងត្បូង ) ប្រវែង ១២៨ គីឡូម៉ែត្រ ពី​កំពង់ធំ ទៅ​ដល់​ក្រុង​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២​។ លោក​ឯកអគ្គរដ្ឋទូត​ចិន ក៏​ឡើង​ថ្លែង​សុន្ទរកថា មុន​ពេល​សម្តេច​ហ៊ុន​សែន មានមតិ​សំណេះសំណាល និង​បំពាក់​មេដាយ ព្រមទាំង​កាត់​ខ្សែបូ​ជា​និមិត្តរូបនៃ​ការបើកឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ ៦២ ជា​ផ្លូវការ​៕​