Wednesday, August 8, 2012

ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ វាស់វែង​ដី​បាន ១៧២.៨៤៥ ហិកតា ក្នុងចំណោម ១,២ លាន​ហិកតា​

ខេត្តកំពង់ធំ: ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​កាន់​ក្រុង​ព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បន្ត​មើលថែ​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​សម្តេច នៅក្នុង​យុទ្ធនាការ​វាស់វែង​ដីធ្លី ចែកជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ប្រទេស នាពេលនេះ​។ មកដល់ពេលនេះ ក្រុមយុវជន​ស្ម័គ្រចិត្ត បាន​វាស់វែង​ដី​ទំហំ ១៧២.៨៤៥ ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប ១,២ លាន​ហិកតា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​មានប្រសាសន៍ថា "​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងនោះ បាន​ជួយ​ការងារ​ច្រើនណាស់ នៅ​មូលដ្ឋាន ក្រៅ​ពី​វាស់វែង​ដីធ្លី ក្មួយៗ​ទាំងនោះ បាន​ជួយ​ជួសជុល​សាលារៀន និង​សុំ​ពី​ខ្ញុំ សាងសង់​សាលារៀន និង​ស្រះ​ទឹក​ជាច្រើន​ទៀត​។ ក្មួយៗ​ទាំងនោះ ក៏​បាន​ចែករំលែក​នូវ​ចំណេះដឹង និង​សម្ភារៈ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​ផង​ដែរ​"​។​

​សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រកាសថា នៅពេល​ខាងមុខ​នេះ រាជរដ្ឋាភិបាល នឹង​ត្រូវ​បន្ថែម​ប្រមាណ​ជា ១០ ក្រុម​ថែមទៀត ទៅកាន់​ខេត្ត​គោលដៅ​មួយ​ចំនួន​ថែម​ទៀត ដូចជា នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ក្រុង​មួយចំនួន​ទៀត​។ ឥឡូវ​ភរិយា​របស់​សម្តេច កំពុង​តែ​ត្រៀម​អាវ​រងា ដើម្បី​ចែក​ជូន​ដល់​ក្រុម​យុវជន និង​មន្ត្រី​សូរិយា​ដី ដែល​ចុះ​វាស់វែង​ដីធ្លី​ទាំងនោះ​។​

​ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​បន្ថែមថា ក្រុមនិស្សិត ១០ ក្រុម ដែល​ត្រូ​វិលត្រឡប់​មកកាន់​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ ត្រូវ​ពន្យារ​ពេល​ដល់​ថ្ងៃ​១០​សីហា​វិញ​។ ក្នុងនោះ ក៏​មាន​ក្រុមនិស្សិត​មួយចំនួនទៀត ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ដទៃ​ទៀត​។ ប៉ុន្តែ​ដោយសារ​តែ​ដើម្បី​ឲ្យ​និស្សិត​បាន​យល់​ជ្រាប​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​ស្នាក់នៅ​ភ្នំពេញ​មួយ​ថ្ងៃ​ទៀត ដើម្បី​តាមដាន​បទ​អន្តរាគមន៍​របស់​សម្តេច នៅ​រដ្ឋសភា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ទិន្នន័យ​មួយ ដែល​យប់មិញថា "នៅម៉ោង ១០ យប់ ​ថ្ងៃ​ទី​៧​សីហា ឆ្នាំ​២០១២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជូន​មកខ្ញុំ គឺ​យើង​បាន​វាស់វែង​ដី​ទំហំ ១៧២.៨៤៥ ហិកតា ហើយ​។ ក្នុងនោះ កត់​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ ៩៥.០៦៨ គ្រួសារ​។ ចំនួន​គ្រួសារ ដែល​ផ្ទៀងផ្ទាត់​រួច មាន​ចំនួន ៧៨.៤៣៣ គ្រួសារ​។ វាស់​ក្បាលដី ៧៤.០៤៧ ក្បាលដី​។ អីចឹង​ទេ យើង​នៅ​ខ្វះ​តែ ៥.០០០ គ្រួសារ​ទៀត ស្មើនឹង ១០០.០០០ គ្រួសារ​ហើយ ក្នុងពេល​ដែល​មាន​តម្រូវការ ធ្វើ​ប្រមាណ​ជាង ៣៥០.០០០ គ្រួសារ និង​ដី ១,២ លាន​ហិកតា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព កាន់កាប់​ដីធ្លី​។ ផ្តល់​កម្មសិទ្ធិ​ជូន​។ ពី​ដើម ធ្វើ​ដោយ​ភ្នែក​ស ភ្នែក​ខ្មៅ មិនដឹង​ថ្ងៃ​ណា​គេ​យក​វិញ​។ ឥឡូវ​ប្រជាពលរដ្ឋ នឹង​ទទួលបាន​កម្មសិទ្ធិ​។ សុំ​ធ្វើ​ផ្ទះ​ឲ្យ​ធំ​ទៅ ហើយ​បង្កបង្កើន​ផល​ឲ្យបាន​ច្រើន​ទៅ​។ គ្រាន់តែ​ស្នើ​សុំ​កុំ​ឲ្យ​លក់​ដី​នោះ ហើយ​កុំ​រាន​ព្រៃ​បន្ថែម​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាសថា "​យើង​នឹង​ផ្តល់​ដី​សង្គមកិច្ច​រាប់សិប​ម៉ឺន​ហិកតា​ទៀត ឲ្យតែ​ខ្វះ​ដី​ពិតប្រាកដ ហើយ​ក្រសួង​​ផែនការ​បាន​ធ្វើ​គម្រោង ក​១ ក​២ អា​ក្រទី​១ ក្រ​ទី​២ យើង​ស្រួល​ប្រើ​ណាស់​។ យើង​យក​សំរង់​ទិន្នន័យ​នោះ ដើម្បី​ប្រគល់​ដី​ឲ្យ​គាត់​។ វាស់​ព្រំប្រទល់​ឲ្យ​ហើយ ជូនទៅ ៣ ហិកតា ឬ ៥ ហិកតា ដើម្បី​ឲ្យ​ខ្មែរ​មាន​ដី​ធ្វើ​។ អីចឹង​ទេ អរគុណ​ណាស់​ចំពោះ​ការចូលរួម​ទាំងឡាយរ​បស់​ប្រជាពលរដ្ឋ នៅក្នុង​កម្មវិធី​ដីធ្លី​របស់​រាជរដ្ឋាភិបាល​អាណត្តិ​នេះ​"​។​

​សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រកាសថា "​យើង​ក៏​នឹង​បន្ត​ពន្លឿ​ន ល្បឿន​នៃ​ការផ្តល់​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​។ អ្នក​ដែល​ខ្វះ​ដី​ពិតប្រាកដ កុំទៅ​ចាញ់បោក​មេខ្យល់ គេ​ទារ​យក​លុយ ដើម្បី​បាន​ដី​។ រាជរដ្ឋាភិបាល​នឹង​ដោះស្រាយ​ជូន​នូវ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​"​។​

​សូម​រម្លឹកថា ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ហ៊ុនសែន ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន​ម៉ានិត កូនប្រុស​របស់​សម្តេច​ហ៊ុន​សែន បាន​ចុះ​បំពេញ​បេសកកម្ម​វាស់វែង​ដីធ្លី ជូន​ប្រជាពលរដ្ឋ លើកដំបូង កាលពី​ថ្ងៃ​ទី​២៨​មិថុនា ឆ្នាំ​២០១២ នៅតាម​ខេត្ត​គោលដៅ​មួយ​ចំនួន​។ ក្រុមយុវជន​ទាំងនោះ ក៏​ត្រូវបាន​បញ្ជូន ទៅកាន់​មូលដ្ឋាន ជា​បន្តបន្ទាប់ ដែល​មក​ដល់ពេលនេះ មាន​ចំនួន​ជាង ១.០០០ នាក់​ហើយ​។ បេសកកម្ម​វាស់វែង​ដីធ្លី​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់ថា មាន​រយៈពេល ៦ ខែ​៕​