Wednesday, August 8, 2012

រដ្ឋសភា នឹង​ពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់ ​ហត្ថពលកម្ម​ខ្មែរ ​នៅ​ប្រទេស​កាតា ​នា​ថ្ងៃ​ស្អែក​នេះ​

រដ្ឋសភា នឹង​ពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់ ​ហត្ថពលកម្ម​ខ្មែរ
​នៅ​ប្រទេស​កាតា ​នា​ថ្ងៃ​ស្អែក​នេះ​
រដ្ឋសភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​គ្រោង​នឹង​ធ្វើ​ការ​ពិភាក្សា ​និង​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ ទាក់​ទិន​នឹង​ការ​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទៅ​បម្រើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កាតា ​នៅ​ថ្ងៃទី ​០៩ ​ខែសីហា​ ស្អែកនេះ​ ក្រោយ​ពី​ប្រទេ​ស​កាតា​បាន​ប្រកាស​យល់​ព្រម​ទទួល ​យក​ពលករ​ស្រប​ច្បាប់​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ ។  បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋ​សភា ​បាន​ឲ្យដឹ​ង​ថា​​ រដ្ឋសភា ​នឹង​បន្ត​សម័យ​ប្រជុំ​រដ្ឋ​សភា​លើកទី ​៨ ​នីតិកាលទី ​៤​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ អគ្គ​មហា​ពញា​ចក្រី ​ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ ។

ក្នុង​សម័យ​ប្រជុំ​នោះ​ នឹង​មាន​លើក​យក​របៀប​វារ:​មួយ​ចំនួន ​រួម​ទាំង​ការ​ពិភាក្សា ​និង​ អនុម័ត ​ផង​ដែរ​លើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​នៃ​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​និង​ រដ្ឋាភិបាល​នៃ​រដ្ឋកាតា​ ស្តីពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​នៅ​ រដ្ឋកាតា​ ។

មន្រ្តី​ក្រសួង​ការ​ងារ ​និង ​បណ្តុះ​បណ្តាល​វិជ្ជាជីវ:​ និង​ មន្រ្តី​សមាគម​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា ​ពុំ​អាច​ទំនាក់​ទំនង​សុំ​អត្ថា​ធិប្បាយ​ណា​មួយ​បាន​ទេ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ​៧​ ខែសីហា ​ម្សិលមិញ​នេះ ​។

គួររំឭកថា​ កាល​ខែ​ឧសភា​ ឆ្នាំ ​២០១១ ​ឯកឧត្តម ​វង ​សូត ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ និង​ បណ្តុះ​បណ្តាល​វិជ្ជាជីវ: ​បាន​ដឹក​នាំ​គណ:ប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កាតា​ ដោយ​ក្នុង​ អំឡុង​ពេល​នោះ​ ក៏​បាន​ចុះហត្ថ​លេខា​លើ​អនុសារណ:​ជា​មួយ​នឹង​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​កាតា ​។ ​ក្នុង​អនុសារណ:​នោះ ​ក៏​បាន​ចែង​ថា​ ប្រទេស​កាតា​យល់​ព្រម​ទទួល​យក​ពលករ​ស្រប​ច្បាប់​ពី​ប្រទេស ​កម្ពុជា ​ផ្តល់​ការ​ធានា​រ៉ាប់​រង​សុខភាព ​និង​ ការ​ការ​ពារ​ដោយ​ច្បាប់​ការ​ងារ​ប្រទេស​កាតា ​។

រាជ​រដ្ឋាភិបាល​កម្ពុជា ​ធ្លាប់​បាន​ប៉ាន់ប្រមាណ​ថា ​ក្នុង​មួយឆ្នាំៗ ​ពលករ-ពលការិនី​កម្ពុជា ​ដែល​ធ្វើ​ការ​នៅ​បរទេស​អាច​ផ្ញើ​ប្រាក់​ជា​មធ្យម​ប្រហែល ​១៨០ ​លាន​ដុល្លា​អាមេរិក​ មក​ក្រុម​គ្រួសារ ​និង ​សាច់​ញាតិ​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា​