Wednesday, August 8, 2012

ប្រមុខ​ការទូត​កម្ពុជា ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ឈាន​ទៅមុខទៀត ជាមួយនឹង​ស្មារតី​ឯកភាព និង​សាមគ្គីភាព​

ភ្នំពេញ: ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៤៥ នៃ​ថ្ងៃ​បង្កើត​អាស៊ាន ( Asean Day ) នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បានប្រកាសថា កម្ពុជាជឿជាក់ថា អាស៊ាន​នឹង​បន្ត​ឈាន​ទៅមុខទៀត ជាមួយនឹង​ស្មារតី​ឯកភាពនិង​សាមគ្គីភាព​។​

​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អាស៊ាន ខួប​លើក​ទី​៤៥ នៃ​ការបង្កើត​អាស៊ាន នា​ព្រឹក​នេះ មាន​វត្តមាន​របស់​ឯក​អគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ពិសេស​ក៏មាន​វត្តមាន​របស់​ឯក​អគ្គរដ្ឋទូត​ហ្វីលីពីន និង​វៀតណាម ដែល​បាន​អង្គុយ​ជាប់​គ្នា​។ ហ្វីលីពីន និង​វៀតណាម ជា​ប្រទេសដែលមាន​ជម្លោះ​ខ្លាំងក្លា​ជាមួយនឹង​ប្រទេស​ចិន ក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។ ហ្វីលីពីន ក្នុងពេល​ចុងក្រោយ​នេះ ក៏​ហាក់ដូច​ជាមាន​សង្គ្រាមប៉ាកកាជាមួយនឹង​កម្ពុជា តាមរយៈ​ការឆ្លង​ឆ្លើយ និង​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជាចូល​បំភ្លឺក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​បញ្ហា​ក្តៅគគុក ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែកក្កដា​។​

​មុននឹង​បង្ហូតទង់​អាស៊ាន ក្នុង​ពិធី​នៅ​ព្រឹក​មិញ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ​ខ្លី​ថា "​ចាប់តាំងពី​បានកកើតឡើង​កាលពី ៤៥​ឆ្នាំ​កន្លងទៅ អាស៊ាន​បានទទួល​ជោគជ័យ​ដ៏​ត្រចះ​ត្រង់​។ ក្នុងឋានៈ​ជា​អង្គការ​តំបន់ អាស៊ាន​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក និង​បញ្ហា​ប្រឈម​ជាច្រើន​។ ក្នុងការ​ឆ្លើយតប​ទៅ​រាល់​បញ្ហា​នីមួយៗ អាស៊ាន​តែងតែ​បោះជំហាន​ឈានទៅ​មុខជា​និច្ច ជាមួយ​ស្មារតី​សម្រុះសម្រួល​។ ដោយមាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន និង​មូលដ្ឋាន​សាមគ្គីភាព​ដ៏​រឹងមាំ ក្នុង​ប្រវត្តិ ៤៥​ឆ្នាំនេះ ខ្ញុំ​យល់ថា អាស៊ាន​នឹងមាន​ជោគជ័យ ហើយ​អាច​ជម្នះបាន​នូវ​រាល់​ស្ថានការណ៍​អាក្រក់​ទាំងឡាយ​"​។​

​លោក ហោ ណាំហុង បាន​លើកឡើងថា ក្នុងពេល​ដូចគ្នានេះ កាលពី​ឆ្នាំទៅ ការ​បង្ហូតទង់​អាស៊ាន ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​គ្រប់​រដ្ឋធានី នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​នៅតាម​ស្ថានទូត​អាស៊ាន​ទូទាំង​ពិភពលោក​។ ពេលនេះ យើង​អាច​មើលឃើញ​ទង់​អាស៊ាន បក់​រវិច​គួរ​ជាទី​មោទនៈ នៅ​ទន្ទឹមនឹង​ទង់ជាតិ​របស់​រដ្ឋ​សមាជិក​អាស៊ាន​។ នេះ​គឺជា​សក្ខីភាពនៃ​ការបោះ​ជំហាន​ទៅមុខ​ដ៏​ធំ​មួយទៀត ឆ្ពោះទៅកាន់​សហគមន៍​អាស៊ាន ក៏ដូចជា​ការលើក​កម្ពស់​មុខមាត់​អាស៊ាន​ផងដែរ បើទោះបី​ជាមាន​បញ្ហា​កើតឡើង​ដោយ​មិនបាន​នឹកស្មាន​ដល់​។​

​ជាមួយនឹង​ការលើកឡើង​ដូច្នេះ លោក ហោ ណាំហុង បាន​បន្ថែមថា "​ទោះជា​ដូចនេះ​ក្ដី កម្ពុជា​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ឈាន​ទៅមុខទៀត ជាមួយនឹង​ស្មារតី​ឯកភាព និង​សាមគ្គីភាព ដោយ​ដក​ទុក​មួយ​ឡែក​សិននូវ​រាល់​បញ្ហា​ទាំងឡាយ ដែល​យើង​ពុំ​អាច​សម្រេចបាន​នូវ​មតិ​ឯកភាព​រួម (Consensus) ស្របទៅតាម​ស្មារតី និង​ទម្លាប់​អនុវត្ត​ន៍របស់​អាស៊ាន​។ ធ្វើ​ដូចនេះ យើង​នឹង​អាច​រក្សាបាន​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន នៅ​ចំពោះមុខ​ដំណើរការ​វិវត្តនៃ​និមាបនកម្ម​តំបន់ នាពេល​បច្ចុប្បន្ន​"​។​

​ជាទី​បញ្ចប់ លោក ហោ ណាំហុង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អាស៊ាន​នឹង​បន្ត​ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ​ឆ្ពោះទៅ​សម្រេច​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ទិសដៅ​ជា “​សហគមន៍​តែមួយ ជោគវាសនា​តែមួយ​” ដែលមាន​ភាព​ស្អិតល្មួត​ផ្នែក​នយោបាយ​ មាន​សមាហរណកម្ម​សេដ្ឋកិច្ច និង​រួបរួមគ្នា​ក្នុងសង្គម​ដែល​យល់​សុខទុក្ខ​គ្នា​។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ បង្ហាញថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើជា​អធិបតី ក្នុង​ពិធី​បង្ហូតទង់​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោកជំទាវ នឹង​ធ្វើជា​អធិបតីក្នុង​ពិធីជប់លៀង​ពេល​ល្ងាច នៅ​សាល​បុរី​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​លោក សុរិន្ទ ពិត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន និង​លោកជំទាវ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើងថា ក្នុងអំឡុងពេល​ពិធីជប់លៀង​នោះ លោក សុរិន្ទ ពិត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន នឹង​ឡើង​ថ្លែង​ចំណាប់អារម្មណ៍ ហើយ​សម្តេច​តេ​ជោ ហ៊ុនសែន នឹង​ថ្លែង​សង្កថា ព្រមទាំង​ចុះហត្ថលេខា​លើ​ផ្ទាំង​បាឋកថា​អាស៊ាន ( Asean Lecture Poster )៕​ S