Wednesday, August 8, 2012

ពល​រដ្ឋ​មកពី​​ឃុំ​ស្រយ៉ង់​​​​ស្រុក​គូលែន​​ចោទ​​អាជ្ញាធរ​ថា​ហាម​ឃាត់​យុវជន​​ស្ម័គ្រចិត្ត​​​វាស់​ដី​

រាជធានីភ្នំពេញ​  ៖ ប្រជាពល​រដ្ឋ​ប្រមាណ​២០០នាក់​ ដែល​អះអាង​​​ថាជា​តំណាង​ឱ្យ​៣៧០​គ្រួសារមកពីភូមិ​ស្រយ៉ង់ខាង​ជើងនិង​ភូមិ​ស្រយ៉ង់​ខាង​​ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត​ព្រះវិហារ បាន​ចោទ​អាជ្ញាធរ​ស្រុក​គូលែន និង​ប្រធាន​មន្ទីរ​រៀបចំដែនដី​​​ខេត្ត​ថា​ រារាំង​ក្រុម​យុវជន​ស័្មគ្រ​ចិត្តមិន​ឱ្យ​វាស់វែងដី​ជូន​ពួកគាត់​ទើប​​​​ពួកគេ​​នាំគ្នា​មក​ប្រមូលម្តុំ​នៅ​ក្រោម​ដើមពោធិ៍​មុខវត្ត​ បទុមវតី​ ស្ថិត​ក្នុង​សង្កាត់​​ចតុមុខ​ ខណ្ឌដូន​ពេញ កាលពីព្រឹក​ថ្ងៃទី៦  សីហា  ដើម្បី​សុំកិច្ច​អន្តរា​​គមន៍​ពី​សម្តេចតេជោហុ៊ន សែន​ ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ដល់​ពួក​គាត់​ផង​ ។
យោង​តាម​ញតិ្ត​របស់​ប្រជាពល​រដ្ឋមកពី​ភូមិ​​​​ទាំង​២​​ខាង​លើ​​ ដែល​មាន​ចុះ​​ហត្ថ​លេខា​មេភូមិ​និង​មេឃុំ ហើយដាក់​ជូន​ខុទ្ទកា​ល័យ​សម្តេច​តេជោ​ហ៊ុន សែន កាលពីព្រឹក​ថ្ងៃ​ទី​៦ សីហា បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៣៧០​គ្រួសារ​បាន​មក​រស់​នៅក្នុង​ភូមិ​ស្រយ៉ង់​​ខាង​ជើង​និងភូមិ​​ស្រសង់​ ​ខាង​ត្បូង ស្ថិតក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន​ ខេត្ត​ព្រះ​វិហារ​តាំងពីឆ្នាំ១៩៩៨​ ព្រម​ទាំង​​បាន​សាង​សង់​ផ្ទះ ដាំដំណាំ​ហូបផ្លែ​រហូតមក​ ដោយ​សន្តិភាព​ សុចរិត​ និងបាន​ដឹងឮ​​ជាសាធារណៈ​ ស្រប​តាម​ច្បាប់​ភូមិ​បាល​ មិន​ដែលមាន​បុគ្គលណាមក​ជំទាស់​ឡើយ​និងមានអាជ្ញាធរមូល​ដ្ឋាន​ដឹង​ឮនិង​​ទទួល​ស្គាល់​ត្រឹមត្រូវ ។ ញត្តិ​ដដែល​​​ចែងថា លុះ​មក​ដល់ឆ្នាំ​២០១១ អភិបាល​​​​ស្រុកគូលែន បាន​ចេញ​សេចក្តីជូន​ដំណឹងឱ្យ​ប្រជាពល​រដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦៤​ រុះរើផ្ទះ​សម្បែង​ចេញ​ចាប់ពី​ព្រំប្រទល់​ខេត្តសៀម​រាប​រហូត​ដល់​អូរពោធិ៍ ខេត្តព្រះ​វិហារ​ តាម​អំណាច​សេចក្តី​​ជូនដំណឹងលេខ៦០៣ ស.ជ.ណ ចុះ​ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ២០១១ របស់ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​ ។
ការ​​​​ឱ្យ​រុះរើ​​​​នេះ​​ដោយ​សំអាង​ថា ដីនោះ​ស្ថិតក្នុង​ដីកា​ដក​ហូត​លេខ ៤៨-៤៩-៥៣-៥៤ ​របស់​សាលា​ខេត្ត​ព្រះ​វិហារ​ ដើម្បី​យកដី​ឈូស​ឆាយ​ធ្វើដី​សម្បទាន​សង្គម​កិច្ច​ដែល​គម្រោង​ដីសម្បទាន​សង្គកិច្ច​សរុប​មាន​ទំហំ៥.៥៥៧​ហិកតា សម្រាប់​ចែក​ជូន​គ្រួសារ​កង​ទ័ព​និង​យោធិន​ចូលនិវត្តន៍ ។ ក្នុងញតិ្ត​នោះ​ដែរ ​ក៏​បានសុំឱ្យ​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ហុ៊ន សែន ជួយ​អន្ត​រា​គមន៍​ទៅអាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​បញ្ឈប់​ការ​ឈូស​​ឆាយដី​ស្រែ​ចម្ការ​​និង​សុំសម្តេច​ជួយ​សម្រួល​​ដីធ្លីរបស់​ប្រជាពល​រដ្ឋ​ក្នុង​ភូមិ​ស្រយ៉ង់​ខាងជើង​និង​​ភូមិ​​​​ស្រយ៉ង់​ខាងត្បូង ​កាត់​ចេញ​ពី​ដីកា​ដកហូត​លេខ៤៨-៤៩-៥៣-៥៤ ​របស់​អាជ្ញា​ធរ​ខេត្តព្រះ​វិហារ ដើម្បីឱ្យ​ប្រជាពល​រដ្ឋ​អាច​រស់​នៅ​ស្រប​ច្បាប់​ព្រោះ​ប្រជាពល​រដ្ឋបាន​មករស់​នៅ​​​ក្នុង​ភូមិខាងលើជាង១០ឆ្នាំមកហើយ ។
ប្រជាពលរដ្ឋដែលមកសុំកិច្ចអន្តរាគមន៍ពី​សម្តេចតេជោ​​ហុ៊ន សែន នៅមុខវត្តបទុមវតី​បាន​បញ្ជាក់​​​ថា អាជ្ញាធរ​បានឃុបឃិត​ជាមួយ​​យោធា​​​នៅតំបន់​​នោះ​យក​ដី​របស់ពួកគាត់​​នៅ​ភូមិ​ស្រយ៉ង់​​ខាង​ជើង​ និងភូមិ​ស្រយ៉ង់​ខាងត្បូង​ដាំ​ដំណាំ​របស់​ខ្លួន​ឯង​ ព្រម​ទាំងហាមឃាត់​មិនឱ្យ​ក្រុម​យុវជន​ស័្មគ្រ​ចិត្ត​វាស់វែង​ដីជូន​ប្រជាពល​រដ្ឋទៀតផង ។ ដោយ​យល់ឃើញថា​មិន​អាច​ទទួល​យកបាននូវអំពើ​អយុត្តិធម៌នេះ​​ ទើបពួក​គាត់​​​​​​នាំគ្នា​មក​​កាន់​ភូមិ​គ្រឹះ​សម្តេច​អគ្គមហា​េសនា​បតី​តេជោ ហុ៊ន សែន នៅ​ក្បែរ​វិមានឯករាជ្យ​​​ក្នុង​រាជធានី​ភ្នំពេញ ​ប្រយោជន៍​សុំ​ឱ្យសម្តេច​តេជោ​ជួយឱ្យក្រុមយុវជនស័្មគ្រចិត្ត​វាស់វែង​ដី​ចេញប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំងពីរ​​​ភូមិ​ខាងលើដោយក្តីមេត្តា ។
នៅព្រឹកថ្ងៃដដែល ក្រុមលេខាខុទ្ទកាល័យ​សម្តេច​អគ្គមហា​សេនាបតីតេ​ជោ​ហុ៊ន សែន ​បាន​មក​ទទួលញតិ្ត​ពី​ប្រជាពល​រដ្ឋដែល​មកពី​ភូមិ​ទាំង២​ខាង​លើ​​នេះ​ តែមិន​បានអះអាង​ពី​ដំណោះ​ស្រាយ​បែបណានោះទេ ​ហើយ​នៅក្នុង​ខណៈ​នោះក៏មានមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ន​គ​រូបនីយ​កម្ម​​និងសំណង់​​មក​ណែនាំ​ប្រជា​ពលរដ្ឋ​ខាងលើ​ដែរ​ តែមិនទាន់​ប្រាប់​​ឱ្យដឹង​​ពី​ដំណោះ​ស្រាយ​​បែប​ណា​នោះទេ ។
​ដោយ​ឡែក ​នៅព្រឹក​​​នោះដែរ ​គេឃើញ​​​​​លោក​​សួស​ យ៉ារ៉ា ​អនុរដ្ឋ​​លេខាធិការ​​​​ទីស្តីការ​​គណៈ​រដ្ឋមន្ត្រី​ បាន​មក​​​​ជួបក្រុម​​​ប្រជា​ពល​រដ្ឋ​​​ និង​សំណូម​ពរ​​​ឱ្យ​ពួក​គាត់​​​ត្រឡប់​​ទៅផ្ទះ​​សម្បែង​​វិញ​សិន រង់ចាំ​​ដំណោះស្រាយ​​​នៅ​​​​ពេល​ក្រោយ​​ ។  លោក​​អនុរដ្ឋ​លេខា​ធិការ​​​បានជម្រាប​​ទៅបងប្អូន​​​ប្រជា​ពល​រដ្ឋ​​ទាំងនោះ​​ថា នៅថ្ងៃទី​៩ សីហា​ ខាង​មុខ​ នឹង​មាន​គណៈ​​កម្មការ​​ចម្រុះ​​​​មួយ​ដែល​​​រួម​មាន​​​​មន្ត្រី​​នៃ​​ទីស្តីការ​​គណៈរដ្ឋ​​មន្ត្រី អាជ្ញាធរ​​​ដែនដី​ និង​មន្ត្រី​​​ស្ថាប័ន​​​ពាក់ព័ន្ធ​​​​នឹងចុះ​​ទៅ​កាន់​​តំបន់​​​​ខាង​លើ​​ដើម្បី​​ពិភាក្សា​​​រកដំណោះ​ស្រាយ​​​​​សំណូមពរនេះ ៕