Wednesday, August 8, 2012

ប្រជាជន​កម្ពុជា​នៅ​ភាគ​ខាងជើង​នឹង​ទទួលផល​សេដ្ឋកិច្ច​ពី​ផ្លូវជាតិ​លេខ​៦២​ដែល​សម្ពោធ​ថ្ងៃនេះ​

កំពង់ធំ: ​សម្តេច​ហ៊ុន សែន​ បានចាត់ទុក​ការសាងសង់​ផ្លូវជាតិ​លេខ​៦២ ពី​កំពង់ធំ ទៅ​ព្រះវិហារ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​តំបន់​ភាគ​ខាងជើងនៃ​ប្រទេស​កម្ពុជា ហើយ​វា​ក៏​នឹងមាន​តម្លៃ​សម្រាប់​ការដឹកជញ្ជូន​ជា​លក្ខណៈ​តំបន់​ផងដែរ​។​

​នៅពេល​សម្ពោធ​ឲ្យប្រើ​ប្រាស់​ផ្លូវ​ដែលមាន​ប្រវែង​១២៨ គីឡូម៉ែត្រ​ ដែល​ត្រូវ​សាងសង់ឡើង​ដោយ​ជំនួយ​ចិន​នោះ សម្តេច​បាន​មានប្រសាសន៍ថា ការសាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ​៦២ នេះ​ ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងជើង​របស់​ក​ម្ពុ​ជា ដែលមាន​សក្ដា​នុព​ល​ខាង​ក​សិ​-​ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និង​ធនធាន​រ៉ែ ព្រមទាំង​បាន​ជួយ​ជំរុញ​ការរៀបចំ​និង​ប្រែក្លាយ​តំបន់​នេះឲ្យ​ទៅជា​តំបន់​អភិ​វិ​ឌ្ឍ​ន៍ និង​ជា​តំបន់​យុទ្ធសាស្ត្រសម្រាប់​កសាង​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​បន្ថែមទៀត​។ 

​ផ្លូវជាតិ​លេខ​៦២​នេះ​ក៏​នឹង​ជួយ​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា តាមរយៈ​ការជួយ​សម្រួល​ចរាចរណ៍​ដឹកជញ្ជូន ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ ផលិតផល​កសិកម្ម ឧស្សាហកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ​ដែល​នៅ​ជិតខាង និង​ប្រទេស​តំបន់និង​ការអភិវឌ្ឍ​តំបន់ត្រីកោណ​មរកត​កម្ពុជា​-​ឡាវ​-​ថៃ​៘ 

​ផ្លូវ​នេះ​អាច​នឹង​ដើរតួនាទី​ជា​ផ្លូវ​នៃ​ច្រករបៀង​កើត​-​លិច នៃ​មហា​អនុតំបន់​មេគង្គ​ផងដែរ​។ 

​ផ្លូវ​នេះក៏បាន​ជួយ​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦ កាត់​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​ថៃ នៅតាម​បណ្តោយ​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​ ដោយ​ចម្ងាយ​ផ្លូវ​ខ្លី​ជាង​មុន​។ 

​ផ្លូវជាតិ​នេះ ក៏​រួមចំណែក​លើកកម្ពស់​ការ​ត​ភ្ជាប់​ប្រទេស​អាស៊ាន​ផងដែរ ដោយសារ​ផ្លូវ​នេះនឹង​ក្លាយជា​បណ្តាញ​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​៧ ដែលជា​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១១ ដែលជា​នាគ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​អាច​នឹង​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​៧៦ លេខ​៧៨ ក៏ដូចជា​ការតភ្ជាប់​ទំ​នាក់​ទំនង​រវាង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភាគ​ខ្ពង់រាប​ខាងជើង ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នៃ​ភូមិភាគ​ឦសាន ហើយក៏​អា​ចត​ភ្ជាប់​ចរាចរណ៍​ដឹកជញ្ជូន​ផលិតផល​ពី​តំបន់​ខ្ពង់រាប​ខាងជើង ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ ឬ​កំពង់ផែ​ភ្នំពេញ​ផងដែរ​។ ផ្លូវជាតិ​លេខ​៦២ នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​ភ្ជាប់​ពី​ខេត្តមណ្ឌលគិរី ទៅកាន់​ប្រាសាទព្រះវិហារ​និង​ខេត្តសៀមរាប ដោយ​អ្នក​ទេសចរអាចធ្វើ​ដំណើរ​ពី​ភ្នំពេញ​អាច​ទៅ​កម្សាន្ដ​នៅ​ខេត្តមណ្ឌលគិរី រួច​បន្តទៅ​រតនគិរី​និង​បន្ត​កាត់​ទៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់​ខេត្តព្រះវិហារ និង​សៀមរាប ដោយ​មិនបាច់​បក​ក្រោយ​មកកាន់​ផ្លូវជាតិ​លេខ​៧ ហើយ​ឡើងមក​ផ្លូវជាតិ​លេខ​៦​វិញទៀត​ឡើយ​។​

​បណ្តាញ​ប្រទាក់ក្រឡា​នៃ​ផ្លូវជាតិ​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង​របស់​កម្ពុជា និង​ការធ្វើសមាហរណកម្ម​ជាមួយ​ប្រទេសជិតខាង​៕​