Wednesday, August 8, 2012

វគ្គ​ហ្វឹក​ហ្វឺន​ជំ​នាញ​ទ័ព​ព្រៃ​ជំ​នាន់​ទី​៥ឆ្នាំ​២០១២ នៅ​ខេត្ត​សៀម​រាប

វគ្គ​ហ្វឹក​ហ្វឺន​ជំ​នាញ​ទ័ព​ព្រៃ​ជំ​នាន់​ទី​៥ឆ្នាំ​២០១២
នៅ​ខេត្ត​សៀម​រាប
          ឯក​ឧត្តម ​​ឧត្តម​សេ​នីយ​ទោ ហ៊ុន ម៉ា​ណែត នាយ​រង​សេ​នា​ធិ​ការ​ចម្រុះ​នៃ​កង​យោធពល​ខេម​រ​ភូមិន្ទ បាន​អញ្ជើញ​ជា​អធិប​តី​ប្រកាស បើក​វគ្គ​ហ្វឹក​ហ្វឺនជំ​នាញ​ទ័ព​ព្រៃ​​ ដល់​នាយ​ទា​ហាន នាយ​ទាហាន​រង និងពល​ទា ហាន​ ​ប្រ​មាណ​៥០០​រូប នៃ​អង្គ​ភាព​យោ​ធភូមិ​ភាគ​ទី​៤ដោយមានការចូលរួមជា កិត្តិយសពីសំណាក់ ឯ.ឧបណ្ឌិត ស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្ត សៀមរាប នៅ​សាលា​​ពល​ទា​ហាន​ទី​៤ មិត្ត​ភាព​កម្ពុជា-វៀត​ណាម​​ ក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ពង្រឹង​សមត្ថ​ភាព​យុទ្ធ​វិ​ធី​កង​ទ័ពក្នុង​ការ​​ការ​ពារ​ បូរ​ណ​ភាព​ទឹក​ដី ក៏​ដូច​ជា​ការ​ការ​ពារ​សេច​ក្តី​សុខ​ជូន​ប្រ​ជា​ពល​រដ្ឋ​ផង​​ដែរ 
          ថ្លែង​​​ក្នុង​ពិ​ធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​​នេះ ឯក​ឧត្តម​​ឧត្តម​សេ​នីយ​ទោ ពៅ ហេង មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​ទី​៤ បានឲ្យ​ដឹង​ថា វគ្គ​នេះ​មាន​រយៈ​ពេល៩០​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ សី​ហា ដល់​ថ្ងៃ​ទី១​ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១២  ក្នុង​គោល​បំ​ណងបំ​ពេញ​បន្ថែម​​ចំ​ណេះ​ដឹង ចំពោះ​នាយ​ទា​ហាន នាយ​ទាហាន​រង និង ពល​ទាហាន ឲ្យ​កាន់​តែ​យល់​ច្បាស់​​អំ​ពី​ច្បាប់​វិ​ន័យ​សណ្តាប់​​ធ្នាប់ របប​កំ​ណត់​របស់​កង​យោធពល​ខេម​រភូមិន្ទ ចេះ​ប្រើ​ប្រាស់​លាយ​ផ្សំ​រំ​សេវ ​សារ​ធាតុ​ផ្សេង​ៗ ចេះ​កែ​ច្នៃ​អា​វុធ​ជាតិ​ផ្ទុះ ចេះ​ប្រើ​ប្រាស់​ផែន​ទី​​ភូមិ​សាស្ត្រ​ និង​សម្ភារៈ​​បរិ​ក្ខារ​សឹក​មួយ​ចំ​នួន​ទៀត ។
ឯក​ឧត្តម​​ឧត្តម​សេ​នីយ​ទោ ហ៊ុន ម៉ា​ណែត នាយ​រង​សេ​នា​ធិ​ការ​ចម្រុះ​នៃ​កង​យោធពល​ខេម​រ​ភូមិន្ទ បាន​មាន​ប្រ​សាសន៍ទៅកាន់អង្គភាព​​ហ្វឹក​ហ្វឺនជំ​នាញ​ទ័ព​ព្រៃថា ការ​ពង្រឹង​សមត្ថ​ភាព​របស់កង​យោធពល​ខេម​រ​ភូមិន្ទ គឺ​ជា​រឿង​ដែល​មាន​សារៈ​សំ​ខាន់​​ខ្លាំង​ណាស់ ក្នុង​ការ​ការ​ពារ​បូរ​ណភាព​ទឹក​ដី ពី​ការ​ឈ្លាន​ពាន​របស់​សត្រូវ ក្នុង​ខណៈ​ពេល​ដែល​ពី​អតីត​កាល​ទឹក​ដី​ខ្មែរ​មួយ​ចំ​នួន​ត្រូវ​បាន​បាត់​បង់​  ​ជា​ពិ​សេស​ ក្រោម​ការ​ដឹក​នាំ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វៃ និង ប៉ិន​ប្រ​សប់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ​​ពី​ការ​ឈ្លាន​ពាន​ពី​ប្រ​ទេស​ជិត​​​​ខាង នា​រយៈ​កាល​កន្លង​ទៅ​ថ្មី​​ៗ​នេះ ​។​ 
ឯក​ឧត្តម​​ឧត្តម​សេ​នីយ​ទោ ហ៊ុន ម៉ា​ណែត បាន​អះ​អាង​ទៀត​ថា បើ​ទោះ​បី​មិន​មាន​បញ្ហា​ប្រ​ឈម​​រវាង​កង​ទ័ព​និង​កង​ទ័ព ជា​មួយ​ប្រ​ទេស​ជិត​ខាង​ក៏​ដោយ ក៏​ការ​ពង្រឹង​សមត្ថ​ភាព​របស់​កង​កម្លាំង​កង​យោធពល​ខេម​រ​ភូមិន្ទ គឺ​ជា​​បញ្ហា​​ដែល មិន ត្រូវ​ខក​ខាន​នោះ​ឡើយ ព្រោះ​ថា ប្រ​សិន​បើ​​ទាំង​​កម្លាំង​កង​ទ័ព និងកម្លាំង​សមត្ថ​កិច្ច​ប្រ​ដាប់​អា​វុធ​ផ្សេង​ៗ​ទៀត មាន​ចំ​ណេះ​ដឹង​អំ​ពី​យុទ្ធ​វិ​ធី​បាន​ច្បាស់​លាស់​ហើយ​នោះ ​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​​ការ​ពារ​សន្តិ​សុខ​ជូន​ប្រ​ជា​ពល​រដ្ឋ​​របស់​យើង​ផង​ដែរ ។
សូម​បញ្ជាក់​ថា ខ្លឹម​សារ​នៃ​វគ្គ​ហ្វឹក​ហ្វឺន​នេះ មាន​សណ្តាប់​ធ្នាប់​និង​ច្បាប់ , បច្ចេក​ទេស​ថ្មើរ​ជើង , យុទ្ធ​វិធី​ទ័ព​ព្រៃ និង អប់​រំ​ចិត្ត​សាស្ត្រ ដែល​មាន​ការ​ចូល​រួម​ពី​នាយ​ទា​ហាន នាយ​ទាហាន​រង និង ពល​ទាហាន​ មក​ពី​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១ចំ​នួន ២១៨នាក់ ,កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២ចំ​នួន​១០៨​នាក់ ​,តំ​បន់​ប្រ​តិ​បត្តិ​​​ការ​សឹករង​ខេត្ត​សៀម​រាប ចំ​នួន៩២នាក់  និង តំ​បន់​ប្រ​តិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិ​ហារ​ចំ​នួន​៦២​នាក់​​