Friday, October 5, 2012

លោកស្រី​ម៉ែ​ន​សំ​អន​ជំរុញ​ឱ្យ​ពាណិជ្ជករ​រាជធានី​និង​ទីក្រុង​ហូ​ជី​មិ​ញ​ត្រូវ​បង្កើន​ទំនាក់ទំនង​បន្ថែម​លើ​ផ្នែក​ពាណិជ្ជកម្ម​នៅ​កម្ពុជា​

​ភ្នំពេញ​  ៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​វេទិកា​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ រវាង​ពាណិជ្ជករ​រាជធានី​ភ្នំពេញ​ និង​ពាណិជ្ជករ​ទីក្រុង​ហូ​ជី​មិ​ញ​ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​០៤​ខែតុលា​ឆ្នាំ​២០១២​ ដែល​មានការ​ចូលរួម​ពី​ពាណិជ្ជករ​ទាំង​ពីរ​ទីក្រុង​ប្រមាណ​ជាង​ ៦០០​នាក់​។​នៅ​ក្នុង​នោះ​ដែរ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​ពាណិជ្ជករ​រាជធានី​ភ្នំពេញ​ និង​ ពាណិជ្ជករ​ទីក្រុង​ហូ​ជី​មិ​ញ​វៀតណាម​ត្រូវ​បង្កើន​ ទំនាក់ទំនង​បន្ថែម​ឱ្យ​ខ្លាំងក្លា​ថែម​ទៀត​ ទាំង​វិស័យ​ ពាណិជ្ជកម្ម​ ទាំង​វិ​ស​យ័​ ទេសចរណ៍​ និង​ឧស្សាហកម្ម​ នៅ​កម្ពុជា​ នា​ថ្ងៃ​អានា​គត​ ។​
​លោកស្រី​ ម៉ែ​ន​  សំ​អន​ បាន​បញ្ជាក់​ថា​   ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​ក្នុង​វេទិកា​ដ៏​មាន​តម្លៃ​នេះ​ ពីព្រោះ​វា​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ កំពុង​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥​ នៃ​ទំនាក់​ ទំនង​ការទូត​រវាង​កម្ពុជា​វៀតណាម​និង​បាន​ជ្រើសរើស​យក​ឆ្នាំ​២០១២​នេះ​ ជា​ឆ្នាំ​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​ ។​ ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​គូសបញ្ជាក់​យ៉ាង​ច្បាស់​ អំពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​ ពិសេស​រាជធានី​ភ្នំពេញ​ ។​
​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បន្ដ​ថា​  ជាក់ស្ដែង​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១២​នេះ​ តួលេខ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ មាន​ទឹកប្រាក់​ប្រមាណ​ ជាង​១.៩០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ​ ទំនិញ​នាំ​ចូល​ពី​វៀតណាម​ មាន​តម្លៃ​ប្រមាណ​ ៧២៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ទំនិញ​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដែល​មាន​តម្លៃ​ប្រមាណ​  ៧៩​លាន​ដុល្លារ​ អា​មេ​រិ​ក​  ។​   ម្យ៉ាងវិញទៀត​ ចំនួន​អ្នកទេសចរ​វៀតណាម​ មក​ទស្សនា​កម្ពុជា​ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​លេខ​១​ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ប្រជាជន​កម្ពុជា​ រាប់​សែន​នាក់​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​កម្សាន្ត​ និង​ធ្វើ​ធុរកិច្ច​ ពិនិត្យ​សុខភាព​ និង​ព្យា​ បាល​ជំងឺ​ នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ ។​  សមិទ្ធផល​នេះ​បាន​ស្ដែង​ចេញ​ឱ្យ​ឃើញ​ អំពី​ការ​រឹតចំណង​ សាម​គ្គី​ភាព​ មិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការ​ យ៉ាង​ល្អ​ប្រសើរ​រវាង​ ព្រះរាជាណាចក្រ​ កម្ពុជា​ នឹង​ប្រទេស​វៀតណាម​ ។​ 
​​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ រាជធានី​ភ្នំពេញ​និង​ទីក្រុង​ហូ​ជី​មិ​ញ​ ក៍បាន​ក្លាយជា​ទីក្រុង​ចងសម្ព័ន្ធ​មេត្រីភាព​ ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ តាម​រយៈ​ចំណងមិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ទីក្រុង​យើង​ទាំង​ពីរ​ ។​  កិច្ច​សហប្រតិបត្ដិការ​នេះ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ជា​ពិសេស​កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យសេដ្ឋកិច្ច​ ទេសចរណ៍​ ពាណិជ្ជកម្ម​ ដឹក​ជញ្ជូន​ សុខាភិបាល​ ជាដើម​ ។​    ជា​ការ​ពិត​ ការ​រីក​ចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​កម្ពុជា​ សម្រាប់​រាជធានី​ភ្នំពេញ​គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ពិសេស​ការ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ ពី​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ​ផង​ដែរ​ ៕​