Friday, October 5, 2012

សម្តេច ហ៊ុន សែន​៖ បក្សប្រឆាំង​កម្ពុជា ខុស​ពី​បក្ស​ប្រឆាំង​នៅ​ភូមា​

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ ធនធានមនុស្ស កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រដូច​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ខុសពី​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នៅក្នុង​ប្រទេស​ភូមា​។ នោះ​គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ត្រឹមតែ​ដើរ​ឃោសនា​ឲ្យគេ​ផ្តាច់​ជំនួយ​ប៉ុណ្ណោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​គណបក្សប្រឆាំង​បាន​ទារ​យក​ចំណែក​ចូលរួម​លើ​ការរីកចំរើន​នៅ​កម្ពុជា​ដែរ​។ តែ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​អី​? ក្រៅ​តែ​ពី​ដើរ ជួយ​ផ្តាច់ជំនួយ​។ ឥឡូវ​កំពុង​ទៅប្រាប់​អូ​បា​ម៉ា កុំ​មក​ប្រជុំ ( ប្រជុំ​អាស៊ី​បូ​ព៌ា នៅ​ខែ​វិច្ឆិកា នៅ​ភ្នំពេញ )​។ មើល​អីចឹងៗ​! សូម​ឲ្យ​កាត់​ជំនួយ​! សូម​ឲ្យ​បង្កក​ជំនួយ​! សូម​កុំ​មក​វិនិយោគ​ស្រុក​ខ្មែរ​!​។ ក្រៅ​ពី​ដើរ​ធ្វើ​អីចឹង តើ​បាន​ធ្វើ​អី ក្រៅពី​នឹង​ទៀត​?​។ ខុស​ពី​អ៊ុង​សាន ស៊ូ​ជី ណា៎​! ខុស​ពី​អ៊ុង​សាន ស៊ូ​ជី ឆ្ងាយ​ណាស់​! ប្រៀប​គេ​មិន​បាន​ទេ​។ គេ​ត្រូវការ​ប្រជាជន​ភូមា ប្រជាជន​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ឯង​នេះ គឺ​រឿង​មួយ​ទៅ​ផ្សេង​"៕​