Friday, October 5, 2012

លោក​ ប៉ុល ហំ​ម៖ លោក សម រង្ស៊ី ជា​បេក្ខជន​ឈរឈ្មោះ​សំខាន់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការបោះឆ្នោត ​ឆ្នាំ​២០១៣

ភ្នំពេញ: មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បានមានប្រសាសន៍ថា ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្សសង្គ្រោះជាតិ ​គឺជា​បេក្ខជន​យ៉ាងសំខាន់​ នៅក្នុង​បញ្ជី​បេក្ខជន​សម្រាប់​កា​រ​ប្រកួតប្រជែង នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​ នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​ ខាងមុខនេះ​។ 

​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មកា​រ​បណ្តោះអាសន្ន នៃគណ​បក្សសង្គ្រោះ​ជាតិ បានលើកឡើងថា ​"ករណី​លោក​សមរង្ស៊ី ​ជា​ករណី​នយោបាយ ដូច្នេះគណប​ក្ស​ប្រជាជន​​កម្ពុជា ត្រូវតែ​ពិភាក្សា​ជាមួយនឹងគណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហានេះ តាម​ផ្លូវ​នយោបាយ ​អនុញ្ញាត​ឲ្យ​លោក​សមរង្ស៊ី វិល​មក​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ​បាន​ដោយ​សេរី​"។​

​លោក ប៉ុល ហំ​ម បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា បើ​បញ្ហា​លោក​សមរង្ស៊ី​ ជា​ករណី​ព្រហ្មទណ្ឌ​នោះ​ ច្បាស់​ជា​ គេ​តាម​ចាប់យក​មកវិញ​ដូចករណី ហេង ពៅ ហើយ។​ តែ​នេះ​​ ជា​ករណី​នយោបាយ ​សូម្បីតែ​លោក​ ស៊ូ​យ៉ា​ ស៊ូប៊ែ​ឌី អ្នករាយការណ៍​ពិសេសខាង​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅ​កម្ពុជា​នោះ ក៏បាន​ចាត់ទុក​ការ​កាត់ទោស​លោក​សមរង្ស៊ី​ ថាជា​បញ្ហានយោបាយ​ដែរ ហើយ​លោក​បានអំពាវនាវដល់​រាជរដ្ឋា​ភិបាល​​កម្ពុជា​ ​អនុញ្ញាត​ឲ្យ​លោក​សមរង្ស៊ី​វិល​ចូល​ប្រទេស​វិញ​ ដើម្បី​ចូលរួម​ការបោះ​ឆ្នោត​​ដោយ​ស្មើភាព ​និង​យុត្តិធម៌​។​

​លោក ប៉ុល ហំ​ម បានបញ្ជាក់​យ៉ាងនេះ​ថា "បើ​គ្មាន​ការអនុញ្ញាត​ឲ្យលោក សម រង្ស៊ី បាន​ចូលរួម​បោះឆ្នោត​ទេនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឡើងលើ​សង្វៀន ប្រកួត​តែម្នាក់ឯង​ ជាមួយនឹង​អាជ្ញាកណ្តាល​នោះ ​គឺ​ការប្រកួត​នោះ​ អត់​មាន​ន័យ​ទេ ពីព្រោះ​នៅក្នុង​ការបោះឆ្នោត ឆ្នាំ​២០១៣​នោះ មាន​តែគណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​ដែលជា​ដៃគូ​ប្រកួត​ជាមួយគ្នា​"។​

​លោក ប៉ុល ហំ​ម បាន​បន្តថា៖ នៅពេល​សមាជ​គណបក្ស​ខាងមុខ មុន​ឆ្នាំ​២០១៣​នោះ នឹង​​មានការ​រៀបចំ​បញ្ជី​បេក្ខភាពសម្រាប់​ឈរឈ្មោះបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ដែលជា​មន្ត្រី​មកពី​គណបក្ស សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស និងបោះឆ្នោត​ជ្រើសតាំង​លោក​​សមរង្ស៊ី ​ជាប្រធាន​គណបក្ស ​ហើយលោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​ពីព្រោះ​គណបក្សទាំងពីរ​នេះ មិន​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោតសមាជិកសភា​ឆ្នាំ​២០១៣ ​ឡើយ​។​

​លោក​ ទិ​ត​ សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា​​ ករណី​លោក សម រង្ស៊ី គឺជា​បទ​ល្មើស​ព្រហ្មទណ្ឌ មិនមែនជា​ករណី​នយោបាយ​ទេ​។ 

​លោក ទិត សុធា ​បាន​បន្តថា "គ្មាន​នរណា​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​គាត់​វិល​ចូល​ប្រទេស​ទេ ប៉ុន្តែ​នៅពេល​មក​ទ្វារ​គុក បើក​រង់ចាំ​គាត់ ដែលជា​ការអនុវត្ត​ទោសតាម​ការ​ស​ម្រេចដោយ​ឯករាជ្យ ពី​សំណាក់​តុលាការជាមុនសិន​"។ 

​ចំណែក​លោក ​ទេព នីថា អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​មានប្រសាសន៍បញ្ជាក់ថា ​ករណី លោក សម រង្ស៊ី ដែលមាន​ឈ្មោះ​ជា​ទណ្ឌិត គឺ​មិន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ ធ្វើជា​បេក្ខភាព​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣​ទេ ​សូម្បីតែ​សិទ្ធិ​បោះឆ្នោត ​ក៏​គ្មាន​ដែរ​។​

​ថ្មីៗ​នេះ​ លោក​ កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា ករណី លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្តល្មើសច្បាប់ ដែល​តុលាការត្រូវតែផ្តន្ទាទោស មិនមែន​ជា​​ករណី​នយោបាយ​ទេ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​គ្មាន​គោលការណ៍ សម្រប​សម្រួល នយោបាយ ជាមួយ​គណបក្សប្រឆាំង ដើម្បី​បើក​ច្រក​ឲ្យលោក សម រង្ស៊ី វិល​ចូល​​ស្រុក​វិញ ដោយ​គ្មាន​ការអនុវត្ត​ទោស តាម​ដីការ​តុលាការនោះឡើយ​។​

​សូមបញ្ជាក់ថា ​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កំពូលតម្កល់​សាលដីកា របស់​សាលា​ដំបូងខេត្តស្វាយរៀង ទុកជាបានការ ​ដែល​ផ្តន្ទាទោសលោក​សមរង្ស៊ី​ កំបាំងមុខ ដាក់​ពន្ធ​គារ​រយៈពេល​ ២​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យជាង ​៦០​លាន​រៀល ពីបទ​បំផ្លាញ​តម្រុយ​បង្គោលព្រំដែនគោក នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​បំផុស​ឲ្យ​មាន​ការ​រើសអើង ជាតិ​សាសន៍ កាលពី​ឆ្នាំ​២០០៩ ព្រមទាំង​ជាប់បណ្តឹង​បទ​ព្រហ្មទណ្ឌ មួយចំនួនទៀត នៅ​តុលាការក្រុងភ្នំពេញ​៕​ S