Friday, October 5, 2012

ក្រុម​អ្នក​រត់​ម៉ូតូឌុប​និង​ម៉ូតូ​កង់​៣​ អង្គាសប្រាក់​យក​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ ​

ភ្នំពេញ​ ៖​ តាម​គម្រោង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១២​ ក្រុម​អ្នក​រត់​ម៉ូតូឌុប​និង​ម៉ូតូ​កង់​៣​ នឹង​នាំ​ថវិកា​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​រៃ​ អង្គាស​គ្នា​ក្នុង​ម្នាក់​១០០០-៣០០០​រៀល​ យក​ទៅ​ឧបត្ថម្ភ​ដល់​សមាជិក​ពួក​គេ​ រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ចេតនា​ស្ថាន​ទម្ងន់​ទោស​ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​យ៉ោ​ម​ បុ​បា្ព​ និង​ប្ដី​របស់​គាត់​កាលពី​យប់​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១២​កន្លង​ទៅ​នៅ​មុខ​ផ្ទះ​ សំណាក់​បុ​បា្ព​លេខ​៥​ ផ្លូវ​លេខ​៨៦​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​
​លោក​ ឯ​ សុភា​ស់​ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែ​តុលា​ ឆ្នាំ​២០១២​ថា​ ក្រុម​អ្នក​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​កង់​៣​ បើ​ទោះជា​ពួក​គាត់​មាន​ស្ថានភាព​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ ប៉ុន្ដែ​ពួក​គាត់​បាន​គិតគូរ​ខ្ពស់​ទៅ​លើ​ផល​លំបាក​របស់​សមាជិក​ពួក​គាត់​ ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ ហើយ​រង​នូវ​អំពើ​ហិង្សា​ពី​ជន​ជាប់​ចោទ​កន្លង​ទៅ​ ។​
​ដូច្នេះ​ប៉ុន្មាន​ថ្ងៃនេះ​ ពួក​គាត់​បាន​ប្រមូលប្រាក់​តាម​រយៈ​ការ​រៃ​អង្គាស​ក្នុង​ម្នាក់​ពី​៥០០​រៀល​,​ ១.០០០​រៀល​ ទៅ​ ៣.០០០​រៀល​ ក្នុង​ចំណោម​អ្នក​រត់​ម៉ូតូ​ឌុ​ប​ និង​ម៉ូតូ​កង់​៣​ចំនួន​២៩៧​នាក់​នោះ​ គឺ​ប្រមូល​បាន​ប្រាក់​ចំនួន​ជាង​៣០​ម៉ឺន​រៀល​ ដែល​ត្រូវ​យក​ទៅ​ឧបត្ថម្ភ​ទៅ​លើ​ជន​រង​ គ្រោះ​ឈ្មោះ​ វ៉ា​ត​ ថៃ​សេង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ និង​ជន​រង​គ្រោះ​ឈ្មោះ​ ង៉ែត​ ចិន្ដា​ ហៅ​ច​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ដល់​គេហដ្ឋាន​នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ ដូនពេញ​ ។
​លោក​ ឯ​ សុភា​ស់​ បាន​បន្ដ​ថា​ តាម​គម្រោង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​និង​ម៉ូតូ​កង់​៣​របស់​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ និង​បន្ដ​ដាក់​សំណើសុំ​ការ​ជួយ​ឧបត្ថម្ភ​ផង​ដែរ​ ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក៏​ដូច​ជា​បណ្ដា​សមាគម​ សង្គម​ ស៊ី​វិល​ និង​សប្បុរសជន​មួយ​ចំនួន​ទៀត​ ប៉ុន្ដែ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​សុំ​ការ​ឧបត្ថម្ភ​ខាងលើ​ពួក​គាត់​ត្រូវ​ចេះ​ជួយ​ខ្លួនឯង​មុន​សិន​ តាម​រយៈ​ការ​ឧបត្ថម្ភ​រៃ​អង្គាស​គ្នា​ជា​លក្ខណៈ​លទ្ធភាព​ ដូចដែល​ប្រមូល​បាន​ក្នុង​ពេល​នេះ​ផ្ទាល់​ ។​ 
​ពាក់ព័ន្ធ​ទៅ​នឹង​ជន​រង​គ្រោះ​ វ៉ា​ត​ ថៃ​សេង​ និង​ ង៉ែត​ ចិត្រ​ ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ រង​នូវ​អំពើ​ហិង្សា​ពី​ជនល្មើស​ បើ​ទោះជា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន​ បណ្ដោះអាសន្ន​នោះ​ហើយ​ក្ដី​ ក្រុម​អ្នក​រត់​ម៉ូតូឌុប​នៅ​តែ​មានការ​ព្រួយបារម្ភ​ពី​ការ​អន្ដរាគមន៍​ណាមួយ​ឈាន​ដោះ​លែង​ជន​ត្រូវ​ចោទ​ ដូច្នេះ​ក្រុម​អ្នក​រត់​ម៉ូតូឌុប​និង​ម៉ូតូ​កង់​៣​ ធ្លាប់​បាន​ធ្វើ​ញត្ដិ​ទៅ​កាន់​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ ទៅ​ក្រសួង​យុត្ដិធម៌​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​តុលាការ​ធ្វើការ​ផ្ដន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស​និង​សំណង​រដ្ឋ​ប្ប​វេ​ណី​ ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទៀត​ផង​៕