Friday, October 5, 2012

សម្ដេច​តេ​ជោ​ផ្ដាំផ្ញើ​ឱ្យ​យុវជន​ដើរតួ​អង្គជា​តំណាង​របស់​ប្រទេស​ និង​ប្រជាពលរដ្ឋ​ ​

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដាំផ្ញើ​ដល់​យុវជន​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​រយៈពេល​២​ខែ​ ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​លើក​ទី​៣៩​ នៅ​ប្រទេស​ជប៉ុន​ត្រូវ​តែ​ខិត​ខំ​ធ្វើ​យ៉ាងណា​ឱ្យ​ក្លាយជា​តួអង្គ​ និង​ជា​តំណាង​របស់​កម្ពុជា​។​
​ការ​ថ្លែង​ផ្ដាំផ្ញើ​បែប​នេះ​របស់​សម្ដេច​តេ​ជោ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ឱកាស​ដែល​សម្ដេច​អនុញ្ញាត​ឱ្យ​ប្រតិភូ​នាវា​យុវជន​កម្ពុជា​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​សុំ​ការ​ពន្យល់​ណែនាំ​នា​វិមាន​សន្ដិភាព​។​
​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ ប្រតិភូ​នាវា​យុវជន​កម្ពុជា​ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​លើក​ទី​៣៩​នៅ​ប្រទេស​ជប៉ុន​ត្រូវ​ ខិតខំ​ធ្វើ​យ៉ាងណា​បង្កើត​ទំនាក់ទំនង​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​ការទូត​ និង​បទ​ពិសោធន៍​រវាង​ប្រទេស​និង​ប្រទេស​។​ សម្ដេច​បន្ដ​ថា​ យុវជន​ទាំង​ អស់​ដែល​ត្រូវ​ចេញដំណើរ​ទៅ​នា​ពេល​ខាង​មុខ​នេះ​ ត្រូវ​ចាំ​ជា​និច្ច​ គឺ​យុវជន​កម្ពុជា​តំណាង​ឱ្យ​ប្រជាជន​១៤​លាន​នាក់​ ដូច្នេះ​ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ដើម្បី​ឱ្យ​ក្លាយ​ជា​តួអង្គ​តំណាង​ឱ្យ​កម្ពុជា​។​
​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​លើក​ទាក់ទិន​នឹង​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​ គឺ​មិនមែន​ចូល​ដោយ​ការ​បង្ខំ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​ជា​នយោបាយ​ការ​បរទេស​ ក្នុង​មូលហេតុ​៤​សំខាន់​ ១-​ការ​ការពារ​ឯករាជ្យ​ អធិបតេយ្យភាព​ និង​ការពារ​មិន​ជ្រៀតជ្រែក​ ពី​ប្រទេស​ខាងក្រៅ​,​ ២-​ស្មារតី​សហគមន៍​,​ ៣-​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​៤-​ជា​ច្រកចេញ​ខាង​ផ្នែក​ការទូត​របស់​កម្ពុជា​។​
​សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ដែល​បាន​រួមចំណែក​លើក​ស្ទួយ​វិស័យ​សុខុមាលភាព​ ដោយ​រៃ​អង្គាស​ថវិកា​មួយ​ចំនួន​យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ ក្នុង​ការងារ​មនុស្សធម៌​ជួយ​សង្គ្រោះ​ជីវិត​កម្ពុជា​ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​នេះ​ព្យាបាល​កុមារ​កម្ពុជា​មិន​គិត​កម្រៃ​ ហើយ​កំពុង​ស្វះ​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​។
​លោក​ ស្រេង​ គឹ​ម​លី​ តំណាង​យុវជន​អាស៊ី​អាគ្នេយ៍​បានឱ្យ​ដឹង​ថា​ ប្រតិភូ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ​ត្រូវ​ជួប​គ្នា​នៅ​ទីក្រុង​តូ​ក្យូ​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​មក​នឹង​មានកម្ម​វិធី​នៅ​ទីនោះ​ រួម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​,​ ថៃ​,​ សិង្ហ​បុរី​,​ ឥណ្ឌូ​ នេ​ស៊ី​ និង​ប្រ៊ុ​យ​ណេ​៕​