Friday, October 5, 2012

គ​.​ជ​.​ប​. ប្រកាសថា ឃុំ​-​សង្កាត់ ចំនួន ៣៨៣ ត្រូវ​បន្ត​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដល់​ថ្ងៃ​ទី​១៣​តុលា​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានសម្រេច​បន្ថែម​រយៈ​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១ ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២ សម្រាប់​ឃុំ​សង្កាត់ ចំនួន ៣៨៣ ឃុំ​សង្កាត់ ក្នុង​ខេត្ត ចំនួន ៩​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ គ​.​ជ​.​ប​.​។​

​សេចក្តីប្រកាស បង្ហាញថា ខេត្ត ដែល​មាន​ឃុំ​សង្កាត់ ត្រូវ​បន្ថែម​រយៈពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ រួមមាន​៖ ខេត្ត​បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កណ្តាល ព្រះវិហារ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និង​ឧត្តរមានជ័យ​។​

​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. បាន​ស្រង់​ប្រសាសន៍​របស់​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. មក​ចុះ​ផ្សាយ​ថា ការសម្រេច​បន្ថែម​រយៈ​ពេលនេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ស្មៀន និង​តាម​ស្ថានភាព​ជាក់ស្តែង ដែល​ឃុំ​សង្កាត់​ខ្លះ ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ជាពិសេស​ស្ថានភាព​កម្មករ​រោងចក្រ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​ទី​១២ ខែតុលា មាន​ចំនួន​ច្រើន ដែល​ស្មៀន​មិន​អាច​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ត្រឹម​ថ្ងៃ​ទី​១២ ខែតុលា​បាន​។ ហេតុនេះ ទើប គ​.​ជ​.​ប​. សម្រេច​បន្ថែម​រយៈពេល​ចុះឈ្មោះ​បោះឆ្នោត ១ ថ្ងៃ​ទៀត​។​

​សូម​រម្លឹកថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅតាម​សាលាឃុំ​សង្កាត់ ទូទាំង​ប្រទេស ដែល​មាន​ចំនួន ១.៦៣៣ ឃុំ​សង្កាត់​។ បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ នេះ ដើម្បី​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​