Friday, October 5, 2012

សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា បុណ្យអុំទូក​ឆ្នាំនេះ ត្រូវតែ​ធ្វើ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានប្រកាសថា ទោះបីជា​មាន​រឿង​អ្វី​ក៏ដោយ នៅ​ឆ្នាំ​នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក នឹង​ត្រូវតែ​ធ្វើ គឺ​មិន​លុប​ចោល​ដូច​កាលពី​ឆ្នាំ​ទៅ​ឡើយ​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ ធនធាន​មនុស្ស កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ឆ្នាំនេះ យ៉ាងណា​ក៏​ដោយ​ធ្វើ​ពិធី​បុណ្យ​អុំទូក​ដែរ​...​។ ឆ្នាំមុន ដោយ​សារ​​ទឹកធំ ដែល​ឡើង​តាំងពី​ខែ​ប្រាំបួន ហើយ​ដល់​ខែ​ដប់​មួយ​ហើយ មិន​ព្រម​ចុះ​ទៅ​វិញ យើង​លុបចោល​បុណ្យអុំទូក​។ តែ​ឥឡូវ គឺប្រធាន​គណៈកម្មការ​បុណ្យ​ជាតិ និង​អន្តរជាតិ សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​សរសេរ​សួរថា តើ​បុណ្យអុំទូក ឬ​អត់​? ព្រោះ​ឆ្នាំទៅ អត់​អុំ​ម្តង​ហើយ ព្រោះ​ទឹកធំ​ពេក ហើយ​ប្រជាពលរដ្ឋ ក៏​ទទួល​រងគ្រោះ​។ ខ្ញុំ​ចារ​ត្រឡប់​ទៅ​វិញ​ថា រៀបចំ​អុំ ដូច​រៀងរាល់ឆ្នាំ​។ អីចឹង​ត្រៀម​ទៅ ច្បាស់​ជា​អុំ​ហើយ​..."​។​

​តាម​ប្រតិទិន ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ឆ្នាំនេះ នឹង​ធ្វើឡើង ចំ​ថ្ងៃ​ទី​២៧, ២៨ និង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​វិញ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន លើកឡើងថា ការបង្កបង្កើន​ផល​ឆ្នាំនេះ ជាទូទៅ គឺ​ល្អ​។ ស្រូវ​ល្អ កំពុង​អោនដាក់គ្រាប់​ហើយ​។ 

​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​នឹង​គ្រោះ​ទឹកជំនន់ ដោយសារ​តែ​ទឹកភ្លៀង ហើយ​ព្យុះ​ផ្គរ​ក៏​នៅតែ​បន្ត​កើតមាន ពិសេស​លើ​ការព្យាករណ៍​ពី​ខ្យល់​កន្ត្រាក់ ដែល​នឹង​ជះឥទ្ធិពល​លើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២​។ ម្យ៉ាងទៀត ស្ថានភាព​ទឹក​ក៏​មិន​ទាន់​ចប់​សព្វគ្រប់​ទេ​។ ភ្លៀង​នៅ​បន្ត​ធ្លាក់ ដែល​តំបន់​មួយចំនួន នឹង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​

​ជា​ការកត់សម្គាល់ ពិធី​បុណ្យ​អុំទូក​ឆ្នាំមុន ត្រូវ​បាន​រដ្ឋាភិបាល​លុបចោល ដោយសារ​តែ​ទឹក​ឡើង​ធំ លិចលង់​ទូទាំងប្រទេស​។ ម្យ៉ាងទៀត ក្នុង​ពិធី​បុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១០ នៅ​យប់​ថ្ងៃ​បង្ហើយ ថ្ងៃទី​៣ នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កើតមាន​ឧបទ្ទវហេតុ លើ​ស្ពាន​ពេជ្រ បណ្តាល​ឲ្យ​ពលរដ្ឋ​ក្មេង​ចាស់​ស្លាប់​ចំនួន ៣៥៣ នាក់​៕