Friday, October 5, 2012

លោក ទៀ បាញ់ បដិសេធនឹងការចោទប្រកាន់របស់ លោក ស៊ូប៊ែឌី រឿងកងទ័ពកម្ពុជា មិនឯករាជ្យ

ភ្នំពេញ: ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​អះអាងថា កងយោធពល​ខេ​មរ​ភូមិ បាន​ប្រកាន់​ជំហរ​ឯករាជ្យ មិន​រំលោភ​កិច្ច​បោះឆ្នោត នៅក្នុង​យុទ្ធនា​ការបោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ឡើយ​។ កងទ័ព គឺ​គោរព​ទៅតាម​ច្បាប់បោះឆ្នោត និង​ច្បាប់ ស្តីពី គណបក្សនយោបាយ​។​

​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថា "​កងយោធពល​ខេមរភូមិន្ទ បាន​គោរព​តាមច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្សនយោបាយ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ គឺជា​កំលាំង​អ​ព្យា​ក្រិ​ត្យ តែងតែ​បំពេញ​តួនាទី​របស់ខ្លួន តាម​ភារកិច្ច ធ្វើ​ម៉េច​រក្សា​ការពារ​សុវត្ថិភាព នៅក្នុង​រង្វង់​ច្បាប់ មិន​ឲ្យ​ជ្រៀតជ្រែក ឬមួយ​នាំ​ឲ្យ​មានការ​ភិតភ័យ​ដល់​អ្នកបោះឆ្នោត ឬមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជាដើម គឺ​អត់​មាន​ជាដាច់ខាត​"​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​មានប្រសាសន៍​បន្តថា ច្បាប់​បានចែង​យ៉ាងច្បាស់​លាស់​ថា កំលាំងយោធា និង​កំលាំង​ដទៃទៀត ត្រូវ​ធានា​ការពារ​សុវត្ថិភាព នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា នៅ​ឆ្នាំ​២០១៣ ខាងមុខ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​សរសេរ​ចោទប្រកាន់ នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​ថា កង​ខេមរភូមិន្ទ​មិន​ឯករាជ្យ​លំអៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់​យ៉ាងនេះ​ថា "​ចំពោះ​បញ្ហា​នេះ គាត់​ចេះតែ​និយាយ​ទៅ តែ​ច្បាប់ គេ​មានចែង​ច្បាស់លាស់ បើសិនជា​ឃើញ​មាន​ភស្តុតាង​ជាក់លាក់ យើង​នឹង​រីករាយ តែ​សុំ​ឲ្យ​គេ​មាន​វិធានការ​ជាក់លាក់​មក តែ​ការពិត​យើង ពុំមាន​ធ្វើ​អី​ដូច​គាត់​និយាយ​ទេ​។ យើង​បាន​គោរព​ច្បាប់​ច្បាស់លាស់ នៅក្នុង​ជួរ​កងយោធពល​ខេ​មរ​ភូមិ​។ មានពេលខ្លះ គេ​និយាយ​ខុស តែ​យើង​បានធ្វើ​យ៉ាង​ល្អប្រសើរ​"​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​ជួរ​កងទ័ព​សព្វថ្ងៃ ត្រូវបាន​មហាជន​មើលឃើញថា ស្ថិតនៅក្រោម​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​៕​