Friday, October 5, 2012

សម្តេច ​ហ៊ុន ​សែន ប្រកាស​ពី​នយោបាយ​ថ្មី ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដល់​ពលរដ្ឋ​ខ្វះ​ដី​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បន្ទាប់​ពី​បញ្ចប់​នូវ​នយោបាយ​វាស់វែង​ដីធ្លី ដល់​ពលរដ្ឋ ដែល​ធ្វើឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត នោះ​រដ្ឋាភិបាល នឹង​បន្ត​នយោបាយ​ថ្មី ក្នុងការ​បង្កើនល្បឿន ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​វិញ​ម្តង​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ធនធាន​មនុស្ស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​បន្ទាប់​ពី​ការចុះ​វាស់​វែង​​ដីធ្លី​លើក​នេះ​រួច​ហើយ ដំណើរ​... ជំរុញ​ល្បឿន​នៃ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច ព្រោះ​ឥឡូវ​ប្រជាពលរដ្ឋ​របស់​យើង ដី​ខាង​ផ្នែក​តានតឹង​ច្រើន​... ផ្នែក​ខាងក្រោម​នេះ ខ្វះ​ដីធ្លី​ហើយ​។ អីចឹង​កម្មវិធី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ជូន​ប្រជាពលរដ្ឋ​នេះ គឺ​សំខាន់​ណាស់ ដើម្បី​ធានា​ថា ២០ ទៅ ៣០ ឆ្នាំ​ទៀត គាត់​នៅ​តែ​មាន​ដី អត់​ខ្វះ​ដី​។ អីចឹង​យើង ចាប់ផ្តើម​ដោះ រុញ បង្កើនល្បឿន​នូវ​ការដោះស្រាយ​បញ្ហា​នេះ បន្តទៅទៀត ហើយ​ត្រូវ​ផ្តល់​ក្រប​ខណ្ឌ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​"​។​

​សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រកាស​ពី​ការយល់ព្រម​តាម​សំណើ​របស់​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ស្នើសុំ​បន្ថែម​បុគ្គលិក​ចំនួន ៦០០ នាក់ បញ្ចូល​ក្នុង​ក្របខណ្ឌ​ក្រសួង ដើម្បី​រៀបចំ​ធ្វើ​ការងារ ផ្តល់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​។ សម្តេច​បាន​ប្រកាសថា អ្នក​ទាំងនោះ ក៏​នឹង​ត្រូវ​ជ្រើស​យកចេញ​ពី​ក្រុម​យុវ​និស្សិត ដែល​កំពុង​អនុវត្ត​ការងារ​វាស់វែង​ដីធ្លី​នាពេល​នេះ​ផង​ដែរ​៕​