Friday, October 5, 2012

ទូតបារាំង មិនបានយកបញ្ហាលោកម៉មសូណង់ដូ ពិភាក្សាជាមួយលោកហោណាំហុង

ភ្នំពេញ: មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក M Christian CON NAN  ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​អាណត្តិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​កម្ពុជា​នោះ គឺ​ភាគី​ទាំងពីរ​មិនបាន​លើក​អំពី​បញ្ហា​លោក ម៉ម សូណង់ដូ ឡើយ គឺ​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​។​

​លោក កុយ គួ​ង បានបញ្ជាក់​បន្តថា នៅក្នុង​ជំនួប​នោះ ភាគី​បារាំង​មិនបាន​លើកឡើង​បញ្ហា​លោក ម៉ម សូណង់ដូ ទេ ហើយ​លោក​ឯកអគ្គរដ្ឋទូត​យ​ល់​ថា ជា​រឿង​របស់​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍​បែបនេះ បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាត​ឲ្យ​លោក M Christian CON NAN ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម ចូល​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ជា​អ្នកសារព័ត៌មាន និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ ពីបទ​បង្កើត​តំបន់អបគមន៍​នៅ​ខេត្តក្រចេះ​។​

​សេចក្តីថ្លែងការណ៍​ធ្វើ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដែល​ត្រូវបាន​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ បង្ហាញ​យ៉ាងខ្លី​ថា "​ប្រទេស​បារាំង​សោកស្តាយ ចំពោះ​ការកាត់ទោស​នេះ​។ ប្រទេស​បារាំង អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ធានាថា នីតិវិធី បណ្តឹង​ឧ​ទ្ធ​ណ៍ នឹង​អនុញ្ញាត​ឱ្យមាន​ការត្រួត​ពិនិត្យ​រឿងក្តី​នេះ​ឡើងវិញ​ឆាប់ៗ ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​"៕