Friday, October 5, 2012

សម្តេច ហ៊ុន សែន ប្រកាស​ពី​ផែនការ​បន្ត​ចែក​ដី ដល់​ពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ​

ខេត្តស្វាយរៀង: ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ម្តង​ទៀត​ពី​ផែនការ​របស់​រដ្ឋាភិបាល ក្នុង​ការបន្ត​ចែក​ដី​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះ​ដី​ពិតប្រាកដ​។ ផែនការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ចែក​ដី​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ នឹង​បន្ត​ធ្វើ ក្រោយ​ពី​សកម្ម​ភាព​វាស់វែង​ដីធ្លី​របស់​ក្រុម​យុវ​និស្សិត​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​រួចរាល់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​នៅពេល​ការវាស់វែង​ដីធ្លី ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដែល​ធ្វើឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចំនួន ១,៨ លាន​ហិកតា​នេះហើយ ត្រូវ​ត្រៀម​ទុក​ប៉ុន្មាន​សិប​ម៉ឺន​ហិកតា​ទៀត ដើម្បី​ដោះ​ស្រ​យ​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ដី​ពិតប្រាកដ តាមរយៈ​ការធ្វើ​អត្តសញ្ញាណ​កម្ម​ដីធ្លី​ពិតប្រាកដ ហើយ​យើង​ត្រៀម​បំរុង​ទុក​ដី​នោះ ហើយ​ខេត្ត​ដែល​មាន​ដី សម្រាប់​ត្រៀម​ទុក​បែប​នេះ គឺ​មិន​មាន​នៅ​ខេត្ត​ព្រៃវែង ឬ​ខេត្ត​ស្វាយរៀង ឬ​ខេត្ត​កណ្តាល ឬ​ក្រុង​ភ្នំពេញ ឬ​ខេត្ត​តាកែវ ឬ​ខេត្ត​កំពង់ចាម ក៏​អត់​ដែរ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ខេត្ត​ដែល​មាន​ដី សម្រាប់​ត្រៀម​ទុក ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ពិនិត្យ​ទៅ​ឃើញថា មាន​នៅ​ក្រចេះ មាន​នៅ​រតនគិរី មា​នៅ​ស្ទឹងត្រែង មាន​នៅ​មណ្ឌលគិរី​។ ឯ​ម្ខាង​ទៀត មាន​នៅ​កំពង់ធំ មាន​នៅ​សៀមរាប មាន​នៅ​ឧត្តរមានជ័យ មាន​នៅ​ព្រះវិហារ មាន​នៅ​ពោធិ៍សាត់​។ បាត់ដំបង ក៏​ស្ទើរតែ​អស់​ដី​ហើយ ហើយ​បើ​មាន​ក៏​សម្រាប់​តែ​ចែក​ឲ្យ​អ្នក​បាត់ដំបង​ប៉ុណ្ណោះ​។ ចំណែក​នៅ​ស្វាយរៀង ព្រៃវែង កំពង់ចាម និង​ខេត្ត​កណ្តាល គឺ​ខ្វះ​ដី​ហើយ​។ អីចឹង​ទេ យើង​ត្រូវ​បម្រុង​ទុក​ដី​ទាំងនោះ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​របស់​យើង ជា​បន្ត​ទៀត​។ អីចឹង​សកម្មភាព​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នេះ នៅ​ជា​បន្ត ទោះបីថា ត្រូវ​បាន​ចប់​នូវ​ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ទៅតាម​ក្របខណ្ឌ​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​ជាង ៣ ខែ​កន្លងទៅ​នេះ​ក៏ដោយចុះ ក៏ប៉ុន្តែ​ផែនការ​ជំ​ហ៊ាន​បន្ត​របស់​យើង នឹង​ត្រូវតែ​ធ្វើ​នៅលើ​ផ្ទៃដី សម្រាប់​ផ្តល់​ជា​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​របស់​យើង ជា​បន្ត​ទៀត​"​។​

​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ​ចំនួន ២៩៨ គ្រួសារ ស្មើនឹង ៥១០ ក្បាលដី នៅក្នុង​២ ឃុំ គឺ​ឃុំ​ត្រស់ និង​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដី​ដែល​រង​ផល​ប៉ះពាល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ការកាន់កាប់​ដី​រដ្ឋ មិនទាន់​ស្របច្បាប់ ដែល​ហៅថា គម្រប​ព្រៃឈើ​នោះ តាម​ការប៉ាន់ស្មាន មាន​ចំនួន ៩ ឃុំ ស្មើនឹង ៥៦ ភូមិ ស្មើនឹង ៦.៣៨៤ គ្រួសារ គិត​ជា​ផ្ទៃដី ១២.២៦០ ហិកតា​។ 

​សម្តេច ហ៊ុន សែន បាន​បន្ថែមថា បន្ទាប់​ពី​ការចែក​ប័ណ្ណ​នេះ​ហើយ ក្រុមយុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ នឹង​បន្ត​ធ្វើ​ទៅលើ​ផ្ទៃដី​ប្រមាណ ១០.៦៩៥ ហិកតា ស្មើនឹង ៤.៩៤២ គ្រួសារ​ទៀត​។ ក្នុងនោះ សម្រាប់​ខេត្ត​ស្វាយរៀង ដែល​ត្រូវ​បិទ​ផ្សាយ​បន្ត មាន ៣ ភូមិ ក្នុង​ឃុំ​ត្រស់ និង​ឃុំ​គគីរ ចំនួន ១.១១៥ ក្បាល​ដី​ទៀត​។​

​ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​បញ្ហា​របស់​យើង​នេះ គឺ​មក​ផែនទី​កំណត់​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ដែល​ជា​ឧបស័គ​រារាំង និង​នាំឲ្យមាន​បញ្ហាដីធ្លី​។ តំបន់​ដែល​កំណត់​ថា ជា​គម្រប់​ព្រៃឈើ​នោះ មិន​មាន​ឈើ​ទេ តែ​បែរ​ចា​មាន​ដំឡូង​មី កៅស៊ូ ស្វាយចន្ទីរ ពោត និង​ស្រូវ ជាដើម​។ ដូច្នេះ​ទុក​ផែនទី​នោះ​ម្ខាង ចាំ​ចប់​ការ​វាស់​វេន​ដីធ្លី​រួចហើយ ចាំ​គូស​ឡើងវិញ​"​។​

​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ថា "​ដី​នៅ​រមាសហែក ដែល​ដាក់​បញ្ចូល​ក្នុង​ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី​នេះ មិនមែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ទេ ប៉ុន្តែ​វា​ជា​កំហុស​រដ្ឋ​ទៅវិញ​។ ដី​នេះ ជា​ប្រភេទ​ដី ដាក់​ក្នុង​ប្រភេទ​ដី​អ​វិនិយោគ ចំការកៅស៊ូ​ពាម​ជាំ​ង ( អូររាំងឪ )​។ រឿងនេះ កើតឡើង​ស្រដៀង​គ្នា នឹង​រឿង​ចំការកៅស៊ូ នៅ​បឹងកេត ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​ស្ទើរតែ​យក​ដី​ផ្នូល​ខ្មោច​សាច់ញាត្តិ​របស់​ខ្ញុំ យកទៅ​ដាក់​ដេញថ្លៃ​...​។ ពេល​មួយ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ មើល​ទូរទស្សន៍ សឹងតែ​ស្រង់​ទឹកភ្នែក ដោយ​ឃើញ​ពលរដ្ឋ​នៅ​រមាសហែក សុំ​អង្វរក​គេ សុំ​ដក​ដំឡូង​សិន មុន​នឹង​ឈូសឆាយ​នោះ​។ អីចឹង ដំ​បូ​ងំ​ផុត យើង​ផ្តល់​អាទិភាព​ទៅលើ​ការវាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ ហើយ​ក្រុមហ៊ុន សុខចិត្ត ឬ​មិន​សុខចិត្ត រឿង​របស់​អ្នកឯង​ទេ​។ ចង់​ធើ​តទៅទៀត ក៏​ធើ​។ ដក​ខ្លួន​ថយ ក៏​សុំ​អញ្ជើញ​ដក​។ យើង​មិន​មាន​នយោបាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទេ​។ តែ​កំហុស​នៅទីនេះ គឺ​មិនមែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ដែរ តែ​ជា​កំហុស​របស់​រដ្ឋបាល ដែល​រដ្ឋ​ត្រូវ​ដោះស្រាយ​ឲ្យ​ជ្រះស្រលះ​។ ឧទាហរណ៍​ថា ក្រុមហ៊ុន បាន​ទទួល​ដី​សម្បទាន ១.០០០ ហិកតា តែ​វា​ជាន់​លើ​ដី​ប្រជាពលរដ្ឋ ព្រោះ​អា​យើង​គូស​ផែនទី ផ្អែក​លើ​ដី​គម្រប​ព្រៃឈើ បាន​វា​ចេញ​អីចឹង​។ អីចឹង បើ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន ១.០០០ ហិកតា ហើយ​ជាន់​លើ​ដី​ប្រជាពលរដ្ឋ ៥០០ ហិកតា គឺ​ត្រូវ​វាស់​យក​តែ​ម្តង ( ចែក​ឲ្យ​ប្រជាពលរដ្ឋ ) តែ​ធ្វើ​តែ​កន្លែង​មិនទាន់​មាន​ការដាំដុះ​ទេ យើង​កាត់​យក​។ អីចឹង សល់ ៥០០ ហិកតា​ទៀត បើ​ក្រុមហ៊ុន​ធ្វើ​ក៏​ធ្វើ តែ​បើ​ក្រុមហ៊ុន​មិន​យក ក៏​យើង​ទុក ចែកជូន​ប្រជាពលរដ្ឋ​ទៀត​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាស​ហែក​កន្លងមក ដែល​នាំ​ដល់​ការចាប់ខ្លួន​ឧត្តមសេនី​យ៍​ផ្កាយ​មួយ​ម្នាក់ ដាក់ពន្ធនាគារ ក្នុង​រឿង​ដីធ្លី​អនុប្បយោគ ដែល​សម្តេច​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០០៩ ដើម្បី​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ តែ​មិន​ត្រូវបាន​ផ្តល់​ឲ្យ​ទេ ត្រូវបាន​ឈ្មួញ​ដី វាស់វែង​លក់ តាម​ការ​រត់​ការ​របស់​ជីដូន​របស់​សម្តេច​ទៅ​វិញ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា "​ខ្ញុំ​បាន​ចុះហត្ថលេខា ធ្វើ​អនុប្បយោគ តាំងពី​ឆ្នាំ​២០០៩ ដើម្បី​ចែក​ដល់​ប្រជាពលរដ្ឋ នៅ​រមាស​ហែក​នេះ គឺពាក់ព័ន្ធ​នឹង​ជីដូនមួយ​របស់​ខ្ញុំ​ផ្ទាល់ ឈ្មោះ អា​ឃ្លាំង ដែល​មាន​ឈ្មោះ​ពិត​ថា ឌី​ឃ្លាំង  ជា​ជីដូនមួយ​ខាង​ម្តាយ​។ អីចឹង​ដី​នោះ មិន​ត្រូវបាន​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​ទេ ដោយសារ​តែ​ក្រុម​នោះ វា​ស់ដី យកទៅលក់​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ព្រមាន​ថា "​ខ្ញុំ​នឹង​តាម​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ ក្នុង​រឿង​កិបកេង​ដី​នេះ យកទៅលក់ នៅ​ស្រុក​រមាស​ហែក ដើម្បី​ចាប់​ដាក់គុក​។ អីចឹង​ស្រាវជ្រាវ​លើ​អា​ឧត្តមសេនីយ៍​ប៉ូលិស​ផ្កា​យ​មួយ ដែល​ជាប់គុក​នោះ ហើយ​ស្រាវជ្រាវ​ទាំង​អា​ឃ្លាំង យក​មក​ទៀត​..."​។ 

​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​កំហុស​ក្នុង​បញ្ហា​ដីធ្លី​នោះ ( ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ប៉ះ​ដី​ប្រជាពលរដ្ឋ ដែល​នាំឲ្យ​កើត​ជម្លោះ ) កន្លងមក ក៏​មិនមែន​ជា​កំហុស​របស់​ចៅហ្វាយខេត្ត​ដែរ ដោយសារ​តែ​យើង​បាន​ដកហូត​សិទ្ធិ​របស់​គាត់​អស់រលីង​តែម្តង តាមរយៈ​អនុក្រឹត្យ​លេខ ១១៨​។ អនុក្រឹត្យ​នោះ មិន​ត្រូវបាន​អនុវត្ត​ទេ វា​ធ្លាក់​លើ​រដ្ឋបាល​ព្រៃឈើ ឬ​ក្រសួង​កសិកម្ម ឬក៏​ក្រសួងបរិស្ថាន ក្នុង​ការដេញថ្លៃ ឬក៏​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​...​។ នេះ​ជា​កំហុស​មួយ គួរឲ្យ​សោកស្តាយ ក្នុង​រយៈពេល​កន្លង​មក​ទៅ​។ តាមពិត​ចៅហ្វាយខេត្ត​និមួយៗ ក៏​ចង់​បាន​ដី ចែក​ឲ្យ​ប្រជាជន​របស់​គាត់​ដែរ​"៕​