Friday, October 5, 2012

បារាំង​ផ្តល់​ប្រាក់​កម្ចី​អធិបតេយ្យ​ដល់​សហគ្រិន​កម្ពុជា​

​ភ្នំពេញ​ ៖​ លោក​ Christian​ Connan​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​ត្រូវ​បាន​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ បាន​ជម្រាប​នៅ​ក្នុង​ ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​ទីស្តីការក្រសួង​ថា​ ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១២​ នេះ​ទៅ​ភាគី​កម្ពុជា​ ឬ​សហគ្រិន​កម្ពុជា​ អាច​ខ្ចីប្រាក់​ដែល​ហៅ​ថា​កម្ចី​អធិបតេយ្យ​ពី​ភាគី​បារាំង​បាន​ ។​
​លោក​ កុយ​ គួ​ង​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​សម្តែង​ករ​គួរសម​ និង​ជម្រាបលា​របស់​លោក​ឯកអគ្គរដ្ឋទូត​ បារាំង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ថា​ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ផង​ ដែរ​ អំពី​ការ​សិក្សា​លទ្ធភាព​លើ​គម្រោង​កសាង​បង្កើត​រថភ្លើង​ប្រើ​ដោយ​ចរន្តអគ្គិសនី​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​កន្លង​ មក​បាន​ធ្វើការ​សិក្សា​ ដំណាក់កាល​ទី​១​និង​ទី​២​រួច​ហើយ​ ដែល​ឆ្នាំ​ក្រោយ​នឹង​ធ្វើការ​សិក្សា​ដំណាក់កាល​ទី​៣​បន្ត​ ទៀត​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឆាប់​ចប់​ ដើម្បី​អាច​មាន​រថភ្លើង​ប្រើ​ចរន្តអគ្គិសនី​នៅ​កម្ពុជា​ ពិសេស​ ក្នុង​រាជធានី​ភ្នំពេញ​ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។​ ជាមួយ​នេះ​ ភាគី​ទាំង​ពីរ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​គម្រោង​បំភ្លឺ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​នៅ​ទី​សាធារណៈ​ ដោយ​ប្រើ​ប្រព័ន្ធ​មួយ​ដែល​ប្រើ​ចរន្តអគ្គិសនី​តិច​បំផុត​ ។​ កន្លង​មក​ការ​សិក្សា​គម្រោង​នេះ​បាន​ ចប់​សព្វគ្រប់​រួច​ហើយ​ នៅ​តែ​ពេល​អនុវត្ត​គម្រោង​នេះ​នា​ពេល​ខាង​មុខ​ ។​ លោក​ឯកអគ្គរដ្ឋទូត​ បារាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​វិនិយោគទុន​បារាំង​ក៏​មាន​បំណង​ធ្វើការ​សិក្សា​វិនិយោគ​នៅ​ កម្ពុជា​ផង​ដែរ​ ជា​ពិសេស​ក្រុមហ៊ុន​អគ្គិសនី​បារាំង​ដែល​ហៅ​ថា​ EDF​ និង​មក​វិនិយោគ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​លើ​ផ្នែក​ថាមពល​អគ្គិសនី​ រួម​ទាំង​វា​រី​អគ្គិសនី​ផង​ដែរ​ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ក៏​បាន​ស្នើ​ឲ្យ​តំណាង​ក្រុមហ៊ុន​ទៅ​ពិភាក្សា​ ការងារ​នេះ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកអគ្គរដ្ឋទូត​បា​ រាំង​ និង​មន្ត្រី​ស្ថានទូត​បារាំង​ទាំងអស់​ដែល​បាន​រួមចំណែក​ដោយ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​អំឡុង​បេសកកម្ម​ករ​ ទូត​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ ។​
​លោក​ឯកអគ្គរដ្ឋទូត​ Christian​ Connan​ ក៏​បន​សម្តែង​នូវ​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​តាម​រយៈ​ក្រសួងការបរទេស​ ដែល​បាន​ជួយ​សម្រួល​ដល់​បេសកកម្ម​ការទូត​ រយៈពេល​ពីរ​ឆ្នាំ​របស់​លោក​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ ។​ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​រីក​ចម្រើន​របស់​ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​ឯកឧត្តម​បាន​ បំពេញបេសកកម្ម​ការទូត​ផង​ដែរ​ ។​ ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី​កិច្ចប្រជុំ​ កំពូល​អាស៊ាន​លើក​ទី​២១​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​ និង​ពិភាក្សា​អំពី​ពិ​ធ​សារ​នៃ​សន្ធិសញ្ញា​នៃ​ តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​ ។​
​គួរ​បញ្ជាក់​ដែរ​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​បារាំង​ក្នុង​ឆ្នាំ​២០១១​ មាន​ចំនួន​ជាង​ ១៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ទំហំ​វិនិយោគ​របស់​ប្រទេស​បារាំង​ចាប់តាំងពី​ឆ្នាំ​១៩៩៤​ រហូត​មក​ដល់​ឆ្នាំ​២០១១​ មាន​ចំនួន​ជាង​ ៣៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​