Friday, October 5, 2012

គណៈប្រតិភូ​យុវជន​កម្ពុជា«នាវា​យុវជន អាស៊ី អាគ្នេយ៍»ចូលជួប​សំដែង​ការគួរសម​ជាមួយសម្តេច​ប្រមុខ​រាជរដ្ឋាភិបាល

5-10-2012-eភ្នំពេញ ៖ គណៈប្រតិភូ​យុវជន​កម្ពុជា«នាវា​យុវជន អាស៊ី អាគ្នេយ៍»ចំនួន ២៩ រូប បាន​ចូលជួប​សំដែង​ការ គួរសម និង​ដើម្បី​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មុនពេល​ដែល​ពួកគេ​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី៣៩ ឆ្នាំ​២០១២ នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ជប៉ុន។
ក្នុង​ជំនួប​សំដែង​ការគួរសម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឡើង​នៅ វិមាន​សន្តិភាព​ល្ងាច​ថ្ងៃទី៤ ខែ​តុលា លោក ស្រ៊ាង គឹម​លី សមាជិក​គណៈក​ម្មា​ធិ​ការ​នាយក ​នៃ សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​ប្រធាន​នា​វាយុ​វជនា​វាយុ​វជន​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី៣៩ ឆ្នាំ២០១២ នេះ​មាន​រយៈពេល៥៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី២៣ តុលា ដល់​ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១២។ ឆ្នាំនេះ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ នឹង​ចូល​ចត​នៅ​កំពង់ផែ​នៃ​ប្រទេស​ជប៉ុន វៀតណាម ថៃ សិង្ហបូរី ឥណ្ឌូណេស៊ី និង​ប្រទេស​ព្រុយ​ណេ។ លោក​ប្រធាន​ប្រតិភូ​បន្តថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​មានការ ចូលរួម​យ៉ាងសកម្ម​ពី​បណ្តា​ប្រទេស ដែលជា​សមាជិក​អាស៊ាន ហើយ​កម្មវិធី​នេះ​បាន​ចាប់ដំណើរការ តាំងពី​ឆ្នាំ ១៩៧៤ ក្នុង​គោលបំណង​រឹត​ចំណង​​មិត្តភាព ការយោគយល់​គ្នា​រវាង​យុវជន​​ជប៉ុន និង​អាស៊ាន ដើម្បី​ពង្រឹង​ទស្សនៈ​របស់​ពួកគេ​ចំពោះ​ពិភពលោក ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ក្នុង​កិច្ចសហប្រតិបត្តិការ អន្តរជាតិ។
ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ និង​កោតសរសើ​ចំពោះ​ប្រតិភូ​នាវា​យុវជន​កម្ពុជា នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដែល​បានរួម​ចំណែក​លើ​វិស័យ​សុខុមាលភាព​របស់​ប្រជាជន តាមរយះ​ការ​រ៉ៃ​អង្គារ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ សម្តេច​តេ​ជោ​មានប្រសាសន៍​ទៅកាន់​ប្រតិភូ​នាវា​យុវជន​កម្ពុជា ដែលមាន​វត្តមាន​នៅក្នុង​ពិធី​សំណេះ​សំណាល​​នោះ​​ថា មាន​មូលហេតុ​ចំនួន៤ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ទី១ គឺ​ការការពារ​ឯករាជ្យ អធិបតេយ្យភាព និង​ការមិន​ជ្រៀតជ្រែក​ពី​ប្រទេសក្រៅ ទី២​គឺ​ស្មារតី​សហគមន៍ នោះ​គឺអ្វីៗធ្វើការ​តាម​កុ​សង់​ស៊ី​ស ទី៣គឺ​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច និង​ទី៤​គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​យើង។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ បាន​ជំរាបជូន​ប្រតិភូ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ជាទី​បញ្ចប់​សម្តេច​តេ​ជោ​ក៏បាន​ផ្តែផ្តាំ​ឲ្យ​យុវជន​ទាំងអស់ ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​​បង្កើត​ទំនាក់ទំនង ឲ្យ​មានការ​យោគយល់​គ្នា​រវាង​យុវជន​និង​យុវជន ពិសេស​ខិតខំ​ជំរុញ​ទំនាក់​ទំនង​​និង​លើកស្ទួយ​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​ប្រទេស​និង​ប្រទេស និង​ម្យ៉ាងវិញទៀត សុំ​ឲ្យ​យុវជន​ទាំងអស់ ចងចាំ​ជានិច្ច​ថា​ដំណើរ​​​ក្នុង​នាវា​នៅពេលនេះ គឺ​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង១៤លាន​នាក់​នៅ​ពីក្រោយ​ខ្នង ដូច្នេះ​សូម​ធ្វើយ៉ាងណា​ខិតខំ​ប្រឺ​ង​ប្រែង ដើម្បី​ដើរតួ​អង្គជា​តំណាង​របស់​កម្ពុជា៕