Friday, October 5, 2012

កម្ពុជាចាត់តាំងលោក អ៊ុច បូររិទ្ធ ទៅចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​មា្ន​ក់ នៅ​ក្រសួងការបរទេស ឲ្យ​ទៅ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​បេក្ខភាព​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ ង្គ​ការ​សហប្រជាជាតិ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១២ ខាងមុខនេះ ខណៈដែល​ប្រទេស​កម្ពុជា បានដាក់​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​នោះដែរ​។​

​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១២ ដែលជា​ការបោះឆ្នោត​ជ្រើសរើស​កម្ពុជា ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហ​ប្រជា​តិ ក្នុងឋានៈ​ជា​សមាជិក​មិន​អចិ​ន្ត្រៃ​នោះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ថា អ្នក​ដែល​បោះឆ្នោត គឺ​ប្រទេស​តំណាង​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ ដែលមាន ១៩៣ ប្រទេស​។ យើង​មិនអាច​សង្ឃឹម ដោយ​បញ្ជាក់​ពី​តួលេខ​ឲ្យ​បាន​ច្បាស់​នោះទេ គ្រាន់តែ​ថា យើង​មាន​សេចក្តីសង្ឃឹម ហើយ​អ្វី ដែល​ជាក់ស្តែង គឺ​លទ្ធផល នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១២ នឹង​ដឹងថា កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ប៉ុន្មាន ពី​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​។​

​លោក កុយ គួ​ង បាន​បញ្ជាក់ថា ចំពោះ​នីតិវិធី ដែល​តាម​លោក​ដឹង គឺ​ប្រទេស​នីមួយៗ​ត្រូវតែ​ទទួលបាន​សំឡេងគាំទ្រ ២ ភាគ ៣ ទើប​ជាប់​ជា​សមាជិក មិន​អចិន្ត្រៃយ៍ នៅ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងចំណោម​ប្រទេស ១៩៣ សំឡេង​។​

​លោក កុយ គួ​ង បាន​មានប្រសាសន៍​បញ្ជាក់ថា នៅក្នុង​តំបន់​អាស៊ី​នេះ មាន​បី​ប្រទេស ដែល​ដាក់​បេក្ខភាព គឺ​ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ ( កូរ៉េខាងត្បូង ) និង​ប្រទេស​ប៊ូ​តាន​។ តាម​ដំណឹង គេ​យក​ពីរ​ប្រទេស ក្នុងចំណោម​បេក្ខភាព ទាំងបី​ប្រទេស​នេះ​។ 

​នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា បានដាក់​បេក្ខភាព សម្រាប់​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សប​ហ្រ​ជា​ជាតិ ពីព្រោះ​តាំងពី​ឆ្នាំ​១៩៥៥ មក កម្ពុជា​មិនដែល​បានទទួល​តំណែង នៅ​ក្នុ​សាខា ឬ​អង្គការ​ណាមួយ​នោះទេ​។​

​លោក​បាន​បន្តថា ក្នុងចំណោម​មហាអំណាច​ទាំង ៥ ប្រទេស គឺមាន​ប្រស​ទេស​ចិន បាន​សម្តែង​ជំហរ​ច្បាស់​ថា នឹង​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​តំណែង​នេះ​។ ចំណែក​ប្រទេស​មហាអំណាច​ផ្សេងទៀត គេ​មាន​គោលការណ៍​របស់គេ ដោយ​គេ​សុំ​មិន​បញ្ចេញ​ទស្សនៈ​ជា​ចំហរ ហើយ​ជាការ​បោះឆ្នោត​សម្ងាត់​។​

​លោក កុយ គួ​ង បាន​មានប្រសាសន៍​បញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស ទៅ​ចូលរួម​តាមដាន នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១២ នៅ​អង្គការសហប្រជាជាតិ​។ នៅពេល​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៅ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា ប្រមុខ​ការទូត​កម្ពុជា ធ្លាប់បាន​បញ្ជាក់​ហើយ​ថា សំខាន់ គឺ​កម្ពុជា ចង់​ចែករំលែក​បទពិសោធន៍ ដែល​ធ្លាប់​ឆ្លងកាត់​កន្លងមក ជាពិសេស​នយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ និង​រក​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ ជាពិសេស​នៅ​ឆ្នាំ​១៩៩៨ ដែល​បានទទួល​សន្តិភាព​ពេញលេញ ហើយ​ទី​២​ទៀត កម្ពុជា​នឹង​រួមចំណែក​អំពី​ការគ្រប់គ្រង​ប្រទេស ក្រោយពី​ចប់​ជម្លោះ និង​បទពិសោធ​មួយទៀត គឺ​ការរីកចំរើន គឺ​ការអភិវឌ្ឍន៍​ប្រទេសជាតិ បាន​ឆាប់រហ័ស ក្រោយពី ប្រទេស​របស់​យើង ទទួលបាន​នូវ​សុខសន្តិភាព ១០០ ភាគ ១០០ នោះ​៕​