Friday, October 5, 2012

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នឹង​ធ្វើ​នៅ​ថ្ងៃទី​១៥-​២០ ខែវិច្ឆិកា​

ភ្នំពេញ: ក្រសួងការបរទេស បានប្រកាសនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត ដែល​នឹង​ប្រព្រឹត្តទៅ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅក្នុង​ខែ​វិច្ឆិកា ជា​កិច្ចប្រជុំ​ដ៏​សំខាន់ ពិសេស​កិច្ចប្រជុំ​មេដឹកនាំ​កំពូលៗ របស់​ប្រទេស​អាស៊ាន​ទាំង ១០ ប្រទេស និង​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ដៃគូ ដែល​រួមមាន​៖ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​សាធារណៈរដ្ឋ​កូរ៉េ លោក លី ម្ញុង​បាក់ នាយករដ្ឋ​មន្ត្រី​ ​ញូ​ហ្សឺ​ឡេន លោក ច​ន ហ្វី​លីព​ឃី នាយករដ្ឋមន្ត្រី​ជប៉ុន លោក យូ​ស៊ី​ហ៊ី​កូ ណូ​ដា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ាន់​ម៉ូ​ហា​ន់ ស៊ី​ញ នាយករដ្ឋមន្ត្រី​ចិន លោក វេន ជា​ប៉ាវ និង​នាយករដ្ឋមន្ត្រី អូស្ត្រាលី លោកស្រី ជូ​លៀ ហ្គី​ឡាដ ជាដើម​។ ក្នុងនោះ គេ​ក៏​រំពឹងថា នឹង​មាន​វត្តមាន​របស់លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចូលរួម​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ផងដែរ​។​
 
​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ព័ត៌មាន បាន​ចាត់តាំង​មន្ត្រី​រាប់រយ​នាក់ ដើម្បី​រៀបចំ​ផ្នែក​មណ្ឌល​ព័ត៌មាន ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ រី​ឯ​ផ្នែក​សន្តិសុខ ក៏​ត្រូវ​បាន​រដ្ឋាភិបាល ត្រៀម​កម្លាំង​ប៉ូលិស ទាហាន ពិសេស​កង​អង្គរក្ស​សម្តេច​ហ៊ុន​សែន​រាប់ពាន់នាក់ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន ពង្រឹង​ការ​យាមកាម​ទាំងយប់​ទាំង​ថ្ងៃ នៅ​ភ្នំពេញ នៅ​វិមាន​សន្តិភាព​ កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល និង​តាម​សណ្ឋាគារធំៗ ដើម្បី​ទទួល​វត្តមាន​របស់​មេដឹកនាំ​ពិភពលោក សម្រាប់​កិច្ចប្រជុំ​នៅ​ខែ​ក្រោយ នៅ​ភ្នំពេញ​៕​