Friday, October 5, 2012

លោក ប៉ុក ថន បាន​បោះបង់​​អាជីព​នយោបាយ វិល​ទៅ​បង្រៀន​សិស្ស និស្សិត​វិញ ពីព្រោះ​វ័យ​កាន់តែ​ចាស់​

ភ្នំពេញ: ​លោក ​ប៉ុក​ ថន ​អតីត​រដ្ឋលេខាធិការ​ ក្រ​សួងអប់រំ ​និង​ជា​អតីត​អ្នកនយោបាយ​ជើង​ចាស់​​​ម្នាក់របស់ហ៊្វុនស៊ិនប៉ិច ​ដែល​ស្វា​មី​ភក្តិ ជាមួយនិង​សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ បានបដិសេធ​ថា​ លោក​មិនបាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​ណាមួយ​ទៀតឡើយ​ នៅពេលនេះ​ គឺ​លោក​បាន​ឈប់​ពី​សកម្មភាព​នយោបាយ​ ដោយ​ទុក​ពេលវេលា​បង្រៀន​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​ម្តង។

លោក ប៉ុក ថន ក៏បានបដិសេធថា ​លោក​ពុំបានចាកចេញពីគណបក្សជាតិនិយម ( អតីត​គណបក្សនរោត្តម រណឫទ្ធិ ) ​ទៅ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បង្កើតឡើងដោយ​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​​នោះទេ​។​

​នៅ​រសៀល​ថ្ងៃទី​៤ ​ខែ​តុលា ​ឆ្នាំ​២០១២ ​លោក ប៉ុក ថន បានថ្លែងតាម​ទូរ​ស័ព្ទប្រាប់ CEN ថា "​ខ្ញុំ​អ​ទ់​មាន​ចូលរួម​គណបក្សនយោបាយ​ណា​ទេ។ ខ្ញុំ​ចាស់​ហើយ​ ខ្ញុំ​ឈប់​តាំង​ពីមុន​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​មកម្ល៉េះ​ ខ្ញុំ​យក​ពេលវេលា​បង្រៀន ខ្ញុំ​យក​ពេលវេលា​ធ្វើ​កិច្ចការ​ខ្លះ​"​។

​លោក​បន្តថា ​កន្លងមក​ មាន​គណបក្សនយោបាយ​ច្រើន​ហើយ ​ដែល​បបួល​លោក​ចូល​តែ​លោក​មិនបាន​ទៅ​ចួ​ល​រួមជាមួយ​ទេ ពី​ព្រោះ​កន្លងមក ​លោក​ធ្លាប់​ចូលរួម​​ជាមួយ​​គណបក្ស​ច្រើន​មកហើយ ​តាំង​ពីមុន​ឆ្នាំ​១៩៩៣ ​មកម្ល៉េះ ​ទើប​លោក​សម្រេចចិត្ត ​ឈប់​ពី​នយោបាយ​ម្តង​ នៅពេលនេះ។​

​លោក​ ប៉ុក ថន បន្តថា ​ឥឡូវ​នេះ​ លោក​ធ្វើជា​សាស្ត្រាចារ្យ ​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ហើយ​លោក​ មិន​ចង់​លូក​ឡំ​កិច្ចការ​បង្រៀន​ ជាមួយនឹង​កិច្ចការ​នយោបាយ​ទេ ពី​ព្រោះ​ការធ្វើ​នយោបាយ​ ត្រូវការ​ពេលវេលា​គ្រប់គ្រាន់ ​ធនធាន​ថវិកា​និង​មាន​ឧ​ត្ត​ម​គតិ​ច្បាស់លាស់​។​

ចំណែក​លោក​ ប៉ុល​ ហំ​ម ​អនុ​ប្រធាគ​ណៈ​ក​ម្មាធិការ​បណ្តោះអាសន្ន​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​មាន​ប្រសា​ស​ន៍​នៅ​រសៀល​ថ្ងៃទី​៤ ​ខែតុលា​នេះ​ថា​ ​ពិត​ជាមាន​មន្ត្រី​នៃ​គណបក្ស​ នរោត្តម ​រណ​ឫ​ទ្ធិ ​និង​ហ៊្វុនស៊ិនប៉ិច​មួយចំនួន ​ចូលមក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ​ប៉ុន្តែ​លោក​អះអាងថា​ ​មិន​បាន​ស្គាល់ឈ្មោះក្រុមមន្ត្រីទាំងនោះទេ សូម្បីតែលោក ​ប៉ុក ​ថន ក៏លោក ប៉ុល ​ហំ​ម ​មិនបានដឹង​ទេ។​

យោងតាម​ប្រភព​ស្និទ្ធនឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្រោះ​ជាតិ និង​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស ​នរោត្តម រណឫទ្ធិ​ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​បណ្ថា​ញ​សារព័ត៌​មាន នៅ​​រសៀល​ថ្ងៃទី​៤ ​ខែតុលា​ ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹងថា ​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​កំពូល​របស់​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ជាច្រើនរូប​ បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មន្ត្រី​ទាំងនោះ​រួមមានៈ លោក ប៉ុក ថន សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃ​យ៍ និង​ធ្លាប់​ជា​អនុប្រធាន​គណបក្ស ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ២០១០ ​លោក នុត និ​ន​ដឿ​ន សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃ​យ៍ និង​ជា​អគ្គ​ហិរញ្ញិក​គណបក្ស លោក ហ៊ុយ កន្ធុល​វ​រ៉ា សមាជិក​គណៈកម្មាធិកា​រអចិ​ន្ត្រៃ​យ៍ និង​ជា​អគ្គលេខាធិការរង​គណ​បក្ស​ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វរៈ​ជាតិ សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃ​យ៍ លោក ច័ន្ទ តារា សមាជិក​គណៈកម្មាធិកា​រ​នាយក ព្រមទាំង​សមាជិក​អតីត​គណបក្ស ​នរោត្តម រណឫទ្ធិ​ថ្នាក់​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត​។​

ដំណឹងនោះ បានផ្សព្វផ្សាយថា ​នេះ​ជាការ​ចាក​ចេញពី​គណបក្សជាតិនិយម ដែលពីមុនឈ្មោះថា គណបក្សនរោត្តមរណឫទ្ធិ ជា​ទ្រង់ទ្រាយ​ធំ​ លើក​ទី​២ បន្ទាប់ពី​លោក ម៉ៅ រតនា សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ប្រធាន​ក្រុមការងារ អតីត​គណបក្ស ​នរោត្តម រណឫទ្ធិ ខេត្តកំពត និង​សមាជិក​សកម្ម​ជនប្រមាណ ៥០០​នាក់​បាន​ចាក​ចេញពី​គណបក្ស ទៅ​ចូលរួម​ជាមួយ​គណបក្សសង្គ្រោះ​ជាតិ​ កាលពី​ខែសីហា​កន្លងមក​។​

លិខិតដដែលនោះ បានលើកឡើងថា ​ក្រៅពី​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ក៏​នៅមាន​មន្ត្រីជាន់ខ្ពស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺ​លោក ម៉ោញ សាផាន ដែលជា​អតីត​អ្នកតំណាងរាស្ត្រ​យូរ​ឆ្នាំ ( ​អ្នកតំណាងរាស្ត្រ បីអាណត្តិ​) ក៏បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

លិខិតនោះ សរសេរថា ​ការចាកចេញ​នេះ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​ទាំងនោះ​ យល់ឃើញ​ថា ការរួម​រួមគ្នា​របស់ លោក ញឹក ប៊ុនឆៃ និង​លោក សៅ រ៉ានី ក្នុង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺជា​អំពើ​ក្បត់​ នឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​អំពើ​ក្បត់​នឹង​អ្នក​តស៊ូ ជា​អំពើ​ក្បត់​ នឹង​អ្នករាជានិយម និង​ជាការបោកប្រាស់អ្នករាជានិយម ដើម្បី​ផល​ប្រ​យោ​ជ​ន៍ និង​លាភសក្ការៈ​បុណ្យ​ស័ក្ក​ផ្ទាល់ខ្លួន ដោយ​ទៅ​បំរើ​គេ និង​ទៅធ្វើជា​អាយ៉ងរបស់គេ​។

យ៉ាងណាក៏ដោយ មិនទាន់មានអត្ថាធិប្បាយបែបណាពីលោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច និងលោក សៅ រ៉ានី ប្រធានគណបក្សជាតិនិយម ដែលជា​អតីតគណបក្សនរោត្តមរណឫទ្ធិ នៅឡើយទេ ជុំវិញដំណឹងខាងលើនេះ៕