Tuesday, August 7, 2012

ក្រុមហ៊ុន AVR ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ និងផ្តល់ ការធានារ៉ាប់រង ដល់បុគ្គលិក អ្នកបើកបរ ២៥រូប

ភ្នំពេញៈ ក្រុមហ៊ុន AVR (Asia Vehicle Rental) Co.,Ltd ដែលជាក្រុមហ៊ុន ជួលរថយន្តម៉ាក Ford របស់ក្រុមហ៊ុន RMA (Cambodia) Co.,Ltd កាលពីថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១២ បានធ្វើសិក្ខាសាលា ផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់បុគ្គលិករបស់ខ្លួន ចំនួន២៥នាក់ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងប្រកាស  ពីការផ្តល់សេវាធានារ៉ាប់រង ដល់ពួកគេ ។
សិក្ខាសាលាស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានការអញ្ជើញចូលរួម ដោយលោក ចេវ ហាក់ នាយរងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកស្រី លឹម សុខជា នាយកអង្គការដើម្បី សម្ព័ន្ធសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លោកស្រី អះស្មាច់ រូហ្សាន តំណាងក្រុមហ៊ុន ធានារ៉ាប់រង កម្ពុឡុងប៉ាក និងលោក លន់ ដានេ ប្រធានគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុន RMA(Cambodia) Co.,Ltd ។
លោក លន់ ដានេ ប្រធានគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនមួយនេះ បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ឱ្យបុគ្គលិកអ្នកបើកបរ របស់យើងគ្រប់គ្នា មានការយល់ដឹងកាន់តែច្បាស់ ស្តីពី ច្បាប់ចរាចរណ៍ ហើយក៏ដើម្បីចូលរួម កាត់បន្ថយ ដល់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមាន ចំពោះបុគ្គលិករបស់យើងផងដែរ ។ លោកបន្ថែមថា  ក្នុងនោះ យើងក៏បាន ចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ធានារ៉ាប់រងកម្ពុឡុងប៉ាក ដើម្បីធានារ៉ាប់រងទៅលើគ្រោះថ្នាក់បុគ្គល និងគ្រោះថ្នាក់ យានយន្ត ដល់បុគ្គលិក ដែលអាចកើតឡើងជា យថាហេតុ នៅពេលបំពេញការងារផ្សេងៗ ។
លោករំពឹងថា ក្រោយពីចូលរួមសិក្ខាសាលានេះ បុគ្គលិកអ្នកបើកបរទាំងអស់ នឹងកាន់តែមានជំនាញ និងចំណេះដឹង ស្តីពីច្បាប់ ចរាចរណ៍ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយសុវត្ថិភាព ។
លោកវរសេនីយ៍ត្រី ចេវ ហាក់ នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឱ្យអ្នកដំណើរជាច្រើន ស្លាប់បាត់បង់ជីវិត ដោយសារ ការពិសារ គ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ការមិនពាក់មួកសុវត្ថិភាពនិងមូលហេតុមួយចំនួនទៀត ជាពិសេស គឺពួកគេពុំសូវគោរព និងយល់ដឹងពីច្បាប់ចរាចរណ៏ ។ ដូច្នេះហើយ ការរៀបចំសិក្ខាសាលា ស្តីពីសុវត្ថិភាព ចរាចរណ៍សម្រាប់បុគ្គលិកនាពេលនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន AVR  មានការព្រួយបារម្ភខ្លាំង ចំពោះគ្រោះថ្នាក់ដល់បុគ្គលិកនិងអតិថិជនរបស់ខ្លួន និងខិតខំធ្វើយ៉ាងណា ឱ្យពួកគេបានយល់ដឹងពី ច្បាប់ចរាចរណ៏ និងមានសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា ក្រុមហ៊ុន AVR (Asia Vehicle Rental ) Co., Ltd ជាក្រុមហ៊ុនមួយ ផ្តល់សេវាកម្មជួលរថយន្តម៉ាក Ford ក្នុងចំណោម  ក្រុមហ៊ុន ជាច្រើនរបស់ក្រុមហ៊ុន RMA (Cambodia) Co.,Ltd ដែលមាន២សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
Photo by DAP-NEWS
Photo by DAP-NEWS