Tuesday, August 7, 2012

និស្សិត CUS រត់រួចពីកណ្តាប់ដៃ ជនល្មើស បម្រុងជួញដូរ ឆ្លងប្រទេស

- នារីរងគ្រោះ២នាក់ទៀត កំពុងស្ថិតនៅក្នុងទូក របស់ជនល្មើស
កំពង់ឆ្នាំងៈ នារីខ្មែរ៣នាក់ ត្រូវបានក្រុមជនល្មើស មានគ្នា៦នាក់ ចាប់ដោយដាក់ថ្នាំសណ្តំសន្លប់ស្តូកស្តឹង ដែលគេសង្ស័យថា បម្រុងធ្វើការជួញដូរឆ្លងប្រទេស តែសំណាងល្អនារីម្នាក់ ក្នុងចំណោមនារីរងគ្រោះ បានរត់រួចខ្លួន ហើយប្តឹងកម្លាំងនគរបាលក្រុងកំពង់ឆ្នាំងជួយអន្តរាគមន៍។
យោងតាមការរៀបរាប់របស់នារីរងគ្រោះ កែវ នីតា អាយុ ២៣ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជា និស្សិតសាកលវិទ្យាឯកទេស នៃកម្ពុជា CUS ដែលរត់រួចពីក្រញាប់ដៃជនល្មើស បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២នេះថា រូបនាងត្រូវបានក្រុមជនល្មើស ចាប់កាលពីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែសីហា ខណៈដែលរូបនាងចេញពីសាលារៀន នាងបានឃើញករណីគ្រោះថ្នាក់ចរាចរមួយ ពេលនោះរូបនាងក៏ចុះទៅជួយ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរនេះ។ ស្រាប់តែពេលនោះក្រុមជនល្មើសមួយក្រុម បានជិះរថយន្តតួរីសមួយគ្រឿង មកចតក្បែររូបនាង ហើយចាប់នាង ដាក់ក្នុងរថយន្តតែម្តង ដោយដាក់ថ្នាំសណ្តំឲ្យសន្លប់ស្តូកស្តឹង។
កែវ នីតា បន្តថា ក្រោយពេលដឹងខ្លួនវិញ រូបនាងមិនដឹងថា នាងនៅទីណាឡើយ ពេលនោះនាងបានសួរទៅ បុរសម្នាក់ ដែលយកបាយទៅឲ្យនាងហូប បុរសរូបនោះ បានឆ្លើយបង្វែងដានដោយប្រាប់ថា ស្ថិតនៅក្នុងស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។ តែតាមការពិតទៅគឺស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះបើយោងតាមការស៊ើបអង្កេត របស់សមត្ថកិច្ច។
នារីងរងគ្រោះ កែវ នីតា បានបន្តឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃអង្គារ ទី០៧ ពេលដែលនាងដឹងខ្លួនម្តងទៀត ស្រាប់តែស្ថិតនៅលើទូក ហើយមាននារីរងគ្រោះ២នាក់ផ្សេងទៀត កំពុងដេកសន្លប់ស្តូកស្តឹងនៅក្បែរនោះផងដែរ ដែលការនាំមកលើទូកនេះ ត្រូវបាននារីរងគ្រោះសង្ស័យថា បម្រុងនាំរូបនាងឆ្លងកាត់បឹងទន្លេសាប ទៅកន្លែង ផ្សេងទៀត។ តែសំណាងល្អនៅពេលនាំមកដល់ទឹកដីខេត្តកំពង់ ឆ្នាំងក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រុមជន ល្មើសបានចតទូកនៅនឹងច្រាំងត្រង់ចំណុចទន្លេសាបក្រោមនោះ ឆ្លៀតពេលដែលជនល្មើសភ្លេចខ្លួននោះ រូបនាង បានលួចរត់គេចខ្លួនមកលើគោករត់រកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ រីឯក្រុមជនល្មើសឃើញសភាពការណ៍មិន ស្រួល ក៏នាំគ្នាបើកកាណូតគេចខ្លួន ដោយនាំយកនារីរងគ្រោះ២ នាក់ផ្សេងទៀតទៅជាមួយផងដែរ ដោយម្នាក់ កំពុងត្រូវថ្នាំសន្លប់ស្តូកស្តឹង និងម្នាក់ទៀត កំពុងស្ថិតនៅក្រោមឥទ្ធិ ពលថ្នាំពុលមិនទាន់ដឹងស្រួលបួលនៅ ឡើយ។
ពាក់ព័ន្ធនឹងករណី ដែលគេសង្ស័យថា ជាការជួញដូរមនុស្សយកទៅលក់នៅប្រទេសផ្សេងនេះ ត្រូវបានឪពុកនារីរង គ្រោះ លោក សាត ភឿង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានទូរស័ព្ទស្វែងរកកិច្ចអន្តរាគមន៍ ពីកម្លាំងកងរាជអាវុធ ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តកំពង់ធំ ដើម្បីជួយអន្តរាគមន៍ រំដោះកូនស្រីរបស់គាត់ ពីកណ្តាប់ដៃជនល្មើសទាំងយប់។ ដោយស្មារតីយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានដំណឹង ក៏ដូចជាតម្រុយពីជនរងគ្រោះ ភ្លាមៗនោះ នៅយប់ថ្ងៃទី៦ លោកមេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត ហម ម៉ុត បានចាត់កម្លាំងខ្នះខ្នែងចុះស្រាវជ្រាវ តាមការរៀបរាប់តាមនជនរងគ្រោះផងដែរ តែឥតទួលបានលទ្ធផលនោះទេ ព្រោះការរៀបរាប់នោះ គ្រាន់តែជាចម្លើយបង្វែងដានរបស់ក្រុមជនល្មើសតែប៉ុណ្ណោះ។
មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពេលទទួលបានការផ្តល់ព័ត៌មាន និងការបំភ្លឹពីនារីរងគ្រោះរួច ហើយនោះ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានដាក់ពង្រាយកម្លាំងតាមគោលដៅជាច្រើន តាមស្ទាក់ចាប់ក្រុម ជនល្មើស និងជួយសង្រ្គោះនារីរងគ្រោះ២នាក់ផ្សេងទៀត៕
DAP-News
នារីរងគ្រោះផ្តល់ចម្លើយ ដល់នគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់ពីរត់គេចខ្លួនពីក្រុមជនល្មើស