Tuesday, August 7, 2012

ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​មាន​បំណង​ទាក់​ទាញ​ទេសចរណ៍​ឥណ្ឌា​ឲ្យ​បាន​ច្រើន​មក​កម្ពុជា

ភ្នំពេញៈលោក ឌីណេស ផាតណិក(DINESH K. PATNAIK) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា បានបង្ហាញ បំណង​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទេស​ចរណ៍​ឥណ្ឌា​ឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យបានច្រើន តាម​រយៈ​ការ​លើកទឹកចិត្ត ក្រុម ហ៊ុន ថតខ្សែ​ភាពយន្ត​ឥណ្ឌា ឲ្យមកថត​ជាវីដេអូ​ខ្លីពី​ប្រវត្តិ​នៃ​ប្រាសាទ​បុរាណ​ខ្មែ​រ​ដូចជាអង្គរជាដើម យកទៅធ្វើការផ្សព្ធ ផ្សាយ​នៅ​ប្រទេសឥណ្ឌា ដោយ​លោក​ជឿជាក់​ថាវីធិ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជនឥណ្ឌារាប់លាននាក់នឹងមកទស្សនាកម្ពុជា ។

លោក ឌីណេស ផាតណិក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ​សមត្ថភាព​របស់​សាធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះ រាជាណាចក្រកម្ពុជាបានជម្រាបបញ្ហានេះជូន លោកឧបនាយករដ្ឋមន្រ្តី សុខ អាន  រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ មន្រ្តីនៅក្នុងជំនួបកាលពីល្ងាចថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។

លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៍មាន និង ជាអ្នក​នាំ​ពាក្យ​នៃ​ជំនួប​នេះ​បាន​ប្រា​ប់​អ្នក​សារ​ព័ត៍មាន​ថាៈ ឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានបញ្ជាក់ជូនលោកឧបនយាករដ្ឋមន្រ្តី សុខ អាន ថាៈ​ឥណ្ឌា​ចង់​ធ្វើ​ការ​វិនិយោគ​ទៅលើវិស័យ កសិកម្មជាចំបងដែលក្នុងនោះ មានការដាំកៅស៊ូ ការដាំល្មៀត និង ការដាំ​អំពៅ​ដើម្បី​ផលិត​ជាស្ករស នៅកម្ពុជា ។ ជាមួយ នេះឥណ្ឌា​ក៏ចង់​ជួយ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​អ្នក​ជំនាញ​មកជួយ​កម្ពុជា​លើកា​រងារផលិតសូត្រ និង ការកសាងសមត្ថភាព ខាងកសិកម្ម, ជំរុញ​ទំនាក់​ទំនង​ខាង​វិស័យ​វប្បធម៌​ក៏ដូច​ជាការ​ផ្សព្វផ្សាយអំពីកម្ពុជាដើម្បីទាក់ទាញទេសចរឥណ្ឌា និង ជំរុញអ្នក​វិនិយោគ​ឥណ្ឌា​មកកាន់​កម្ពុជា​ឲ្យបាន​កាន់​តែច្រើន ។

លោក បានបន្តថា​ដើម្បី​ទទួល​បាន​ទេសចរណ៍​ឥណ្ឌា​ឲ្យបានច្រើន លោក​និង​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ថត​ភាពយន្ត ឥណ្ឌា​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ថត​ជាវីដេអូ​ខ្លី ឬ ជាភាពយន្ត អំពីប្រវត្តិ​នៃ​ប្រាសាទ​សំខាន់​នៅ​កម្ពុជា ដើម្បីយកទៅធ្វើ ការបញ្ចាំងនៅឥណ្ឌា ។ ដែលវិធីនេះឥណ្ឌាធ្លាប់បានធ្វើនៅប្រទេស អេស្ពាញ ទទួល​បានជោគជ័យយ៉ាងខ្លាំងដោយបានស្រូ បយក​ទេសចរណ៍​ឥណ្ឌា​រាប់​លាន​នាក់​ទៅកាន់​ប្រទេស​អេស្ពាញ ។

លោក ទូតបន្តថាៈ នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាននៅថ្ងៃទី ៤ ខែ កញ្ញា នាពេល​ខាងមុខ​ដែល​ចេញ ពី សឹង្ហបុរីមកកាន់ប្រទេសកម្ពុជា ហើយនឹងឈប់សំចតនៅ សៀមរាបនោះលោក ឌីណេស បាន​ស្នើថា​ លោកនឹងនាំយកក្រុមសិល្បៈ​​ឥណ្ឌា​ប្រមាណ ៧០ នាក់ មកសំដែង​នៅក្នុង​ពិធី​ឈប់​សំចត​នៃក្បួន​រថយន្ត​អាស៊ាន​នោះ ដើម្បីជួយទាក់ទាញទេស ចរណ៍ ឲ្យមកកាន់កម្ពុជា ។
          ជាមួយនេះឥណ្ឌា​ក៏បាន​ស្នើសុំជួយសាង​សង់សារៈ​មន្ទីរដែល​ដាក់តាំង​អំពី​ប្រវត្តិនៃ​សំលៀក​បំពាក់​ឥណ្ឌា​នៅក្នុង ខេត្ត សៀមរាប ផងដែរ និង ជួយ​ផ្តល់​អ្នក​ជំនាញ​ឲ្យមក​ជួកម្ពុជា​លើការ​បណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​សិ​ប្បកម្ម​ខ្នាតតូច ដល់ ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រកបរបររកទទួលទាន ។
   
       លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​អប​អរសាទ​រ​ចំពោះលោក ឌីណេស ដែលត្រូវ​បានតែង​តាំង​ជា​ឯកអគ្គ រដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយ​លោក​ក៏បាន​រំលឹកផងដែរអំពីការរួមចំណែក របស់​ឥណ្ឌា​កន្លងមកដែលឥណ្ឌាបានដើរ តួនាទី​យ៉ាង​សំខាន់​ក្នុងការស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​ក៏ដូច​ជាការអភិវឌ្ឍន៍នៅកម្ពុជានោះ  លោក​ឧប​នាយក​រដ្ឋ មន្រ្តី សុខ អាន ក៏បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​គំនិតលើកឡើងរបស់លោកទូតឥណ្ឌា ។ លោក​ឧបនាយក​រដ្ឋមន្រ្តីក៏បាន  ផ្ដល់អនុសាសន៍ថា គប្បី​ជំរុញឲ្យមាន​ទំនាក់​ទំនងកាន់តែល្អ​លើ​វិស័យ​ទេសចរណ៍ព្រោះថាប្រទេសទាំងពីរកម្ពុជានិង ឥណ្ឌា ធ្លាប់​មាន​ទំនាក់​ទំនងជាប្រវត្តិសា​ស្ត្រ និង មានវប្បធម៌ប្រហាក់ប្រហែលគ្នា ។ ក្នុង​កិច្ចការ​នេះលោក​លើក​ឡើង​ថាការ​រៀប​ចំ ផលិតខ្សែភាពយន្តឬវីដេអូស្ប៉តឆ្លុះបញ្ចាំង​អំពីវប្បធម៌​របស់​កម្ពុជា​ដែល​មាន​ប្រហាក់​ប្រហែល​គ្នានឹង​ឥណ្ឌា​នោះ​គឺជា​ការល្អ ប្រសើរណាស់ ។ ដោយ​ឡែក​ទាក់ទិន​នឹងការ​ជួយ​ផ្តល់​អ្នកជំនាញ​ជួយដល់​កម្ពុជា​លើវិស័យ​ភូមិមួយ​ផលិតផលមួយ និង តម្បាសូត្រ​នោះលោក​បាន​ស្នើ​ឲ្យលោក​ទូត​បន្ត​ពិភាក្សា​ផងដែរ​ជាមួយ​ក្រសួង​កិច្ចការ​នារី និង ផ្នែកជ្សេងៗទៀតដែលមាន តម្បាញសូត្រ លោកក៏​បានឲ្យ​ឥណ្ឌា​គប្បី​ស្វែង​រក​ទំនាក់​ទំនង​វិនិយោគ​វិស័យផ្សេងៗទៀតដែលកំពុងតែមានសក្តានុពល នៅកម្ពុជា  
 តារារិទ្ធ