Tuesday, August 7, 2012

អភិបាលខណ្ឌ ចំការមន ចុះត្រួតពិនិត្យ សកម្មភាពធ្វើ អត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋខ្មែរ ក្នុងមូលដ្ឋាន

ភ្នំពេញៈ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នេះ គឺមានរយៈពេល៩ ថ្ងៃដែលអាជ្ញាធរខណ្ឌចំការមន បានចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ សម្គាល់ជនជាតិខ្មែរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
នៅព្រឹកមិញនេះដែរ អភិបាលខណ្ឌចំការមនលោក ឡូ យុយ និងអធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខន រួមទាំងមន្រ្តីរាជការក្រោមឱវាទ បានចុះត្រួតពិនិត្យការងារ ធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់សញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋស្ថិតនៅក្នុងវត្តទួលទំពូល ។
អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានឲ្យដឹងថា ការធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋខ្មែរនៅពេលនេះ គឺជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រោមការបញ្ជាផ្ទាល់ ពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ យកទៅប្រើប្រាស់តាមការចាំបាច់ ។
ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ លោក ឡូ យុយ ក៏បានធ្វើការណែនាំ ក៏ដូចជាការហាមប្រាម មិនឲ្យមន្រ្តីនគរបាលណាម្នាក់ យកប្រាក់ពីប្រជាពលរដ្ឋ ក្នុងការបំពេញឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណនោះជាដាច់ខាត ហើយលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ សូមឲ្យនំាគ្នាទៅចុះឈ្មោះ ធ្វើទាំងអស់គ្នា ។
ប្រជាពលរដ្ឋដែលបាននាំគ្នា ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ នៅក្នុងវត្តទួលទំពូងនៅព្រឹកនេះដែរ ក៏បានសម្តែងការអរគុណដល់ក្រុមអាជ្ញាធរ ដែលបានផ្តល់លទ្ធភាពងាយស្រួល ក្នុងការបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ។
គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នេះ ប្រជាពលរដ្ឋនៅក្នុងខណ្ឌចំការមន ចំនួន៤៣២ នាក់ បានចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណរួចរាល់ ក្នុងនោះដែរមានប្រុសចំនួន២១៩ នាក់ និងស្រីចំនួន២១៣ នាក់ ៕